ក្មេងលួចដូង ដែលត្រូវគេ ចាប់ជ្រមុជទឹក ស្ទើរស្លាប់ស្ទើររស់ ប៉ងចង់ធ្វើអត្តឃាត

 
 

ភ្នំពេញ៖ ប្រិយមិត្តខ្មែរឡូត មួយចំនួនធំ ជាពិសេស អ្នកនិយមលេងបណ្តាញសង្គម ហ្វេសប៊ុក ជាច្រើន ប្រាកដជានៅចាំ រឿងរ៉ាវពាក់ព័ន្ធនឹង ក្មេងប្រុស ម៉ុន វាសនា ដែលត្រូវគេចាប់ ធ្វើទារុណកម្ម ចងស្លាបសេក និងជ្រមុជទឹកពាង ស្ទើរស្លាប់ស្ទើររស់ ព្រោះតែលួចដូង ៤ ផ្លែ កាលពីថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៤ កន្លងទៅនោះ។

រឿងរ៉ាវពាក់ព័ន្ធនឹង ក្មេងលួចដូង មកពីខេត្តព្រៃវែង ម្នាក់នេះ ហាក់ដូចជា ស្ងប់ស្ងាត់ទៅវិញ នៅរយៈពេល ប៉ុន្មានខែ ចុងក្រោយនេះ បន្ទាប់ពីមានសប្បុរសជនជាច្រើន បានជួយឧបត្ថម្ភ, ផ្តល់ជាជំនួយ និងផ្គត់ផ្គង់ការរៀនសូត្រ ដល់ក្មេងប្រុស កំសត់ម្នាក់នេះ រហូតមហាជនជាច្រើន ស្រឡាំងកាំង ខណៈពេលដែល វាសនា អាចកែប្រែវាសនា របស់ខ្លួនឯង ពីក្មេងលួចដូងម្នាក់ ទៅជាកុមារ ដែលទទួលបាន ការអប់រំ លាចាកពីភាពអវិជ្ជា ដោយពួកគេ សង្ឃឹមថា វាសនា នឹងមានអនាគតភ្លឺស្វាង។

ប៉ុន្តែងាកមកមើល គេហទំព័រ ភ្នំពេញប៉ុស្តិ៍ ដែលចេញផ្សាយ កាលពីថ្ងៃ សៅរ៍ ម្សិលមិញនេះ បានបង្ហើបឲ្យដឹង អំពី ម្ចាស់ជំនួយ របស់ក្មេងលួចដូងម្នាក់នេះ ដែលត្រូវគេស្គាល់ថា ជាលោក មុំ វ៉ារិន នាយកសាលាអន្តរជាតិ ហ្វ្រេដហ្វត បានដកដង្ហើមធំ ដោយសារតែរូបគេ (វាសនា) ហាក់ដូចជា មិនទទួលយក ការរស់នៅ ក្នុងសង្គមបែបនេះ ហើយមិនតែប៉ុណ្ណោះ ថែមទាំងមិនទទួលយក ការសិក្សា ដោយថែមទាំងបាន សុំឈប់រៀនជាញឹកញាប់ និងពេលខ្លះទៀត រកធ្វើអត្តឃាតក៏មាន ដែលជាហេតុធ្វើឲ្យ រូបលោក មានការអស់សង្ឃឹមជាខ្លាំង។

សារព័ត៌មានដដែល ក៏បានបន្តដកស្រង់ សម្តីរបស់លោក មុំ វ៉ារិន ឳពុកចិញ្ចឹមទី ២ របស់ វាសនា ទៀតថា លោកនឹងមិនបោះបង់ចោល គំនិតស្រោចស្រង់ កូនចិញ្ចឹមម្នាក់នេះទេ បើកូនប្រុសចិញ្ចឹម មិនចង់រៀន នោះលោកនឹង បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ ដល់គេវិញ ខណៈឳពុកបង្កើតរបស់ វាសនា លោក ទុយ ម៉ុន ក៏យល់ស្រប បើបណ្តុះបណ្តាលជំនាញវិញ ប្រហែលជាអាចសង្ឃឹមច្រើន។

គួរបញ្ជាក់ផងដែរថា ក្មេងប្រុសលួចដូង ត្រូវគេវាយ ធ្វើទារុណកម្ម ឈ្មោះ ម៉ុន វាសនា ម្នាក់នេះ មានឳពុកម្តាយ ជាអ្នកផ្ទុកមេរោគអេដស៍ និងបងប្អូន ៦ នាក់ មានស្រុកកំណើតនៅ ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្នកំពុងតែ រស់នៅរាជធានីភ្នំពេញ ជម្រុកនៃចំណេះដឹង ដើម្បីសិក្សារៀនសូត្រ៕






ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម