បងធម៌ ពែកមី ខ្ញុង ទម្លាយ​​​អាថ៌កំបាំង រឿង​ទិញ​ផ្ទះ​ឲ្យ​ក្រុម​កំប្លែង ​CTN មួយ​ហើយ​មួយ​ទៀត

 
 

ហេតុ​អ្វី​បាន​ជា​​ស្រ្តី​​ជា​អាណិកជន​ខ្មែរ​រស់​នៅ​អូស្រ្តាលី​ ចំណាយ​ប្រាក់​រាប់​សែន​ដុល្លារ​ ទិញ​ផ្ទះ​ល្វែង និង វីឡា​ជាបន្ដបន្ទាប់​ជូន​​បុគ្គលិក​ស្ថានីយ​ទូរទស្សន៍​ CTN? សំណួរ​នេះ​នៅ​តែ​ជា​ចម្ងល់​​របស់​មហាជន​ ខណៈ​ដែល​ស្រ្តី​ជា​អាណិក​ជន​​ខ្មែរ​រស់​នៅ​អូស្រ្តាលី បាន​​ជួយ​ទិញ​ផ្ទះ​ដល់​​នាយ ពែកមី នាង​ខ្ញុង លោក  សុវណ្ណរិទ្ធី (ហៅតា​វ៉ិចទ័រ ) និង បុគ្គលិក​ស្ថានីយ​​ទូរទស្សន៍ CTN ម្នាក់​ លោក ណែម ច័ន្ទ​ថេត។

លោក​ ខុត សីហា អ្នក​យក​ព័ត៌មាន​របស់​ គេហទំព័រ Sabay បាន​ធ្វើ​បទ​សម្ភាសន៍​ ជា​មួយ​ អ្នក​ស្រី ផាន សុភ័ក្ក ដើម្បី​ពន្យល់​ពី​ហេតុ​ផល​ទាំង​​នេះ​ក្នុង​ការ​ទិញ​ផ្ទះ​ជូន​បុគ្គលិក​ស្ថានីយ​ទូរទស្សន៍ CTN ដូច​ខាង​ក្រោម​នេះ ៖

Sabay៖ នរណា​ក៏ដឹង​ដែរ​ថា អ្នក​ស្រី និង បុគ្គលិក​ស្ថានីយ​ទូរទស្សន៍ CTN មាន​ទំនាក់ទំនង​យ៉ាង​ស្អិត​រមួត​​ដោយ​បាន​ទិញផ្ទះ​ឲ្យ​ពួកគេ​រាប់​ម៉ឺន​ដុល្លារ​ទៅ​ហើយ តើ​អ្នក​ស្រី​អាច​ប្រាប់​ពី​ទំនាក់ទំនង​នេះ​បន្ដិច​បាន​ទេ?

អ្នក​ស្រី ផាន សុភ័ក្ក ៖ ខ្ញុំ​បាន​ស្គាល់​​​ពួក​គាត់ តាម​រយៈ​ការ​ប្រលង​​កម្មវិធី​កំប្លែង CTN កាល​ប៉ុន្មាន​ឆ្នាំ​​មុន ខ្ញុំ​រាប់​អាន​ពូក​គេ​ដូច​​បង​ប្អូន​ខ្ញុំ​បង្កើត​អញ្ចឹង ព្រោះ​ពួក​គាត់​ជា​មនុស្ស​ល្អ ស្មោះ​ត្រង់ ចេះ​តស៊ូ។

Sabay៖ កាល​ពី​ឆ្នាំ​ទៅ គេនៅ​ចាំ​បាន​ថា អ្នក​ស្រី បាន​ទិញ​​ផ្ទះ​វិឡា​រហូត​ដល់​ទៅ ៣ ឲ្យ​​ទៅ​នាយ ពែក​មី តា​វ៉ិចទ័រ លោក ណែម ច័ន្ទ​ថេត ហើយ​ថ្មី​នេះ​អ្នក​ស្រី បាន​សម្រេច​ចិត្ត​​ទិញ​ផ្ទះ​ឲ្យ អ្នក​នាង ខ្ញុង ១ ​ល្វែង​ថែម​ទៀត។ តើ​អ្វី​ជា​ដើម​ហេតុ​​នាំ​ឲ្យ​អ្នក​ស្រី សម្រេច​ទិញ​ផ្ទះ​ឲ្យ​ពួក​គេ​ដោយ​មិន​ជាប់​សាច់​​ឈាម​អ្នក​ស្រី​បន្តិច​ផង​នោះ?

អ្នក​ស្រី ផាន សុភ័ក្ក ៖ ដូច​ខ្ញុំ​​ជម្រាប​ប្រាប់ អញ្ចឹង  ខ្ញុំ ​និង ​ពួក​គេ ហាក់​ដូច​ជា​មាន​និស្ស័យ​តាំង​​ពី​អតីតជាតិ​ម៉េ្លះ។ ពែកមី ជា​ក្មេង​ចេះ​តស៊ូ ធ្លាប់​លំបាក​ធ្វើ​សំណង់ គាត់​ស្មោះ​ត្រង់ ចេះ​ជួយ​បង​ប្អូន។ ខ្ញុង​ក៏​ដួច​​គ្នា​ដែរ នាង​​ជា​ស្រី​មេម៉ាយ អត់​មាន​ផ្ទះ​សំបែង​​ទេ ពួក​គាត់​​​ស្មោះត្រង់​ណាស់ ទើប​ខ្ញុំ​សម្រេច​ជួយ​បែប​នេះ។

Sabay
៖  អ្នក​ស្រី​នៅ​ស្រុក​ខ្មែរ​យើង​មាន​​មនុស្ស​ក្រីក្រ ចេះ​តស៊ូ ស្មោះត្រង់ លំបាក​ជាង​​ពួក​គាត់​ច្រើន​ណាស់ តើ​អ្នក​ស្រី​មាន​​ធ្លាប់​គិត និង ធ្លាប់​បាន​​ជួយ​ដល់​អ្នក​ទាំង​នោះ​ទេ?

អ្នក​ស្រី ផាន សុភ័ក្ក ៖ ចាស់​ខ្ញុំ​ធ្លាប់​បាន​ជួយ​ច្រើន​ណាស់ បុគ្គលិក​នៅ​សម្អាងការ​​ខ្ញុំ ជាង​ ២០ នាក់ ខ្ញុំ​បាន​​ជួយ​ពួក​គាត់ ប៉ុន្តែ​ខ្ញុំ​ជួយ​ទៅ​តាម​លទ្ធភាព  និង​ មាន​អ្នក​ផ្សេងៗ​​ច្រើន​នាក់​ទៀត​រួច​ទៅ​ហើយ។



Sabay ៖ មាន​ការ​លើក​ឡើង​ថា ការ​ជួយ​​របស់​អ្នក​ស្រី ដោយសារតែ​អ្នក​ស្រី សម្លឹង​ឃើញ​ក្រុម​កំប្លែង CTN ដែល​កំពុង​មាន​ប្រជាប្រិយភាព​នេះ នឹង​ល្បី​កាន់​តែ​ខ្លាំង​ថែម​ទៀត​ទៅ​ថ្ងៃ​អនាគត។ ដូច​​នេះ អ្នក​ស្រី​ជួយ​ទិញ​ផ្ទះ​ឲ្យ​ពួក​គាត់ មិនមែន​ជា​រឿង​ចម្លែក​ឡើយ ត្បិត​អី​ទៅ​ថ្ងៃ​ខាង​មុខ អ្នក​ស្រី និង ​​ទទួល​បាន​មក​វិញ តាម​រយៈ​ការ​សម្ដែង​របស់​ពួក​គេ ក្នុង​សម្អាងការ របស់​អ្នក​ស្រី។ តើ​អ្នកស្រី មាន​ការ​បកស្រាយ​បែប​ណា​ដែរ?

អ្នក​ស្រី ផាន សុភ័ក្ដ ៖ មិន​ដូច​នេះ​ឡើយ​ប្អូន ខ្ញុំ​បង្កើត​សម្អាង​នេះ​ឡើង គឺ​ដើម្បី​ឲ្យ​ពួក​គាត់​មាន​ការ​ធ្វើ ។ ដូច​ខ្ញុំ​លើក​ឡើង​ម្ដង​ជា ២​ដង​ហើយ គឺ អាណិត​ស្រលាញ់ ភាព​ស្មោះ​ត្រង់ និង​ ការ​តស៊ូ​របស់​ពួក​គេ ចំណូល​បាន​មក​សម្អាងការ​មិន​អាច​មក​ប្រៀប​និង​​តម្លៃ​ផ្ទះ​បាន​ឡើយ។

Sabay ៖ មហាជន​មួយ​ចំនួន​ធ្លាប់​បាន​ដាក់​ការ​សង្ស័យ​ថា ការ​ជួយ​​របស់​អ្នក​ស្រី អាច​​មាន​ពាក់ព័ន្ធ រឿង​រ៉ាវ​ស្នេហា​ជា​មួយ​បុគ្គល​​ណាម្នាក់​ក្នុង​​ក្រុម​​មួយ​នេះ ព្រោះ​តាម​ដឹង អ្នក​ស្រី គឺ​ជា​ស្ត្រី មេម៉ាយ​កូន ២ នាក់ ហើយ​មិន​ទាន់​មាន​ប្ដី​ថ្មី​នៅ​ឡើយ តើ​អ្នក​ស្រី​អាច​បកស្រាយ​ដូចម្ដេច​ដែរ?

អ្នក​ស្រី ផាន សុភ័ក្ក ៖ អត់​មាន​ពាក់​​អ្វី​ទាំង​អស់ ការ​ពិត​ខ្ញុំ​ធ្លាប់​ជា​ស្រី​មេម៉ាយ​ជាង ១៤ ឆ្នាំ បច្ចុប្បន្ន​ខ្ញុំ​មាន​ស្វាមី​ថ្មី​ហើយ គាត់​ជា​អាណិកជន​ខ្មែរ រស់​​នៅ​ប្រទេស​​អូស្ត្រាលី   ខ្ញុំ​​មាន​វ័យ ៤៤ ឆ្នាំ ​ហើយ មិន​បាន​គិត​រឿង​នេះ​ឡើយ។ ខ្ញុំ​អត់​សូវ​នៅស្រុក​ខ្មែរ​ទេ សម្អាង​​ទាំង ​២ នោះ ខ្ញុំ​ទុក​ឲ្យ​​ពួក​មេជាង ជា​​អ្នក​មើល ការ​ខុសត្រូវ។ ម៉ែឪ បងប្អូន ​ពែកមី ខ្ញុំ​យក​មក​នៅ​ផ្ទះ​ខ្ញុំ​ទាំង​អស់ ជា​ពិសេស​នោះ ខ្ញុំ​ស្រលាញ់​ម្ដាយ​វា ខ្លាំង​ណាស់។

Sabay ៖ អ្នក​ស្រី អាច​ប្រាប់​បាន​ទេ​​ថា អ្នក​ស្រី​រកស៊ី​អ្វី បាន​ជា​មាន​លទ្ធភាព ទិញ​ផ្ទះ​ឲ្យ គេ​ឯង ជា​បន្ត​បន្ទាប់​បែប​នេះ? ចុះ​ស្វាមី និង​ កូន​អ្នក​ស្រី គាត់​ដឹង​រឿង​នេះទេ?

អ្នក​ស្រី ផាន សុភ័ក្ក ៖ ការ​ពិត​ខ្ញុំ​មាន​តាំង​ពី​នៅ​ស្រុក​ខ្មែរ​ម៉្លេះ ខ្ញុំ​ជា​អ្នក​បោះ​ដុំ​ក្រណាត់ រោង​ចក្រ។ ខ្ញុំ​បោះ​ដុំ​ក្រណាត់​តាំង​ពី​ឆ្នាំ ១៩៩៦ រហូត​ដល់​ឆ្នាំ ២០០៤ ទើប​ខ្ញុំ​ឈប់ មក​​រក​ស៊ី​​លក់​ដី​វិញ ដូច​ជា​ពុះ​ដី​ឡូ​លក់​ជា​ដើម។ ឆ្នាំ២០០៩ ខ្ញុំ​ទៅ​រស់ ប្រទេស​អូស្ត្រាលី​​រហូត។ កូន​ខ្ញុំ ស្វាមី​ខ្ញុំ គាត់​អត់​ថា អ្វី​ទេ គាត់​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ នៅ​ពេល​ដែល​ខ្ញុំ​បាន​ជួយ​អ្នក​ទាំង​នេះ។

Sabay ៖ អ្នក​ស្រី​អាច​បង្ហើប​បាន​ទេ តើ​អ្នក​ស្រី​មាន​គម្រោង​ទិញ​ផ្ទះ​ឲ្យ​សមាជិក​ក្នុង​ក្រុម​កំប្លែង CTN ណា​ម្នាក់​បន្ត​ទៀត​ទេ? គាត់​ជានរណា?

អ្នកស្រី ផាន សុភ័ក្ក៖ ចាស៎! មាន​ទិញ​ឲ្យ​ទៀត ខ្ញុំ​ជួយ​​មនុស្ស​លុះត្រាតែ​អ្នក​ទាំង​​នោះ​ចេះ​ជួយ​ខ្លួន​ឯង។ ជំហាន​​បន្ទាប់ ខ្ញុំ​ប្រហែល​ទិញ​ឲ្យ​​ជាង​នៅ​សម្អាង​ការ​សិន ចំណែក​អ្នក​ផ្សេង​ទៀត​ចាំ​មើល​សិន។

Sabay ៖ អ្នក​ស្រី​បាន​ជួយ​ទិញ​ផ្ទះ​ឲ្យ​នាយ ពែក​មី តា​វ៉ិចទ័រ លោក ណែម ច័ន្ទ​ថេត ខ្ញុង អស់​​​រាប់​សិប​ម៉ឺន​ដុល្លារ និង ​ផ្ដល់ឲ្យ​កាន់ សម្អាង​ការ​ថែម​ទៀត តើ​អ្វី​ដែល​អ្នក​ស្រី​​សង្ឃឹម​ថា បាន​មក​​វិញ​ពី​ពួក​គាត់? តើ​អ្នក​ស្រី​ជឿ​លើ​ភាព​ស្មោះ​ត្រង់​របស់​ពួកគាត់​កម្រិត​ណាដែរ?

អ្នកស្រី ផាន សុភ័ក្ក ៖ អត់​មាន​ចង់​បាន​​អ្វី​មក​វិញ​ទាំង​អស់ ខ្ញុំ​ចង់​ឲ្យ​ពួក​គាត់​រស់​នៅ​ស្រួល។ ខ្ញុំ​គិត​ថា ខ្ញុំ​មើល​មនុស្ស​មិន​ខុស​ទេ៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម