សម្តីកូនក្រមុំខ្មែរ វ័យ១៧ឆ្នាំ ចាញ់បោកម៉ែយ៉ែម៖ «ប្តីស្រុកចិន ច្របាច់.ក និង វាយខ្ញុំ ព្រោះតែខ្ញុំ បដិសេធ មិនព្រមរួមភេទ ជាមួយគាត់»
សារព័ត៌មាន ដេលីម៉េល របស់អង់គ្លេស បានចេញផ្សាយ ថ្ងៃទី ២ មករា ឆ្នាំ ២០១៥ កន្លងទៅនេះ អំពីរឿងរ៉ាវ ក៏ដូចជាបទបិសោធន៍ របស់នារីជំទង់ ជនជាតិខ្មែរ ដែលត្រូវបានចាញ់បោកមេខ្យល់ នាំយកទៅលក់ នៅស្រុកចិន។
នារីជំទង់ វ័យ ១៨ឆ្នាំម្នាក់ មានឈ្មោះ Ham Sreynech បានលួចរត់គេចខ្លួន បានសំរេច ពីពិភព ដ៏ខ្មៅងងឹត។ Sreynech ជាអតីតកម្មការនី រោងចក្រកាត់ដេរ មួយរូប ដែលត្រូវបាន ចាញ់បោកមេខ្យល់ តាមពាក្យបោកប្រាស់ថានាង នឹងអាចរកបាន ការងារប្រាក់ខែច្រើន នៅឯប្រទេសកូរ៉ខាងត្បូង តែផ្ទុយទៅវិញ នាងបែរជា ទៅដល់ទឹកដីចិន នាទីក្រុង Guangzhou ទៅវិញ នេះបើតាម Khmerload បានដកស្រង់ ពីប្រភពព័ត៌មានបរទេស។
តាមការរៀបរាប់របស់នាង ប្រាប់ដល់អ្នកយកព័ត៌មានបរទេស បានឲ្យដឹងថា ពេលទៅដល់ទីនោះ នាងត្រូវបានគេ រុញបញ្ចូលទៅដាក់ក្នុងទ្រុងដែកមួយ ដែលមាន ជនជាតិអាហ្វ្រិក ចំនួន ៨នាក់ នៅក្នុងនោះដែរ ខណៈវេលាកាន់តែយប់ នាងកាន់តែមានអារម្មណ៍តក់ស្លុត យ៉ាងខ្លាំង ខ្លាចក្រែង ជនជាតិអាហ្វ្រិក ទាំងនោះ ចាប់រំលោភនាង។ ទោះជាយ៉ាងណា នេះទើបតែជាការ ចាប់ផ្តើម នៃភាពភ័យរន្ធត់ ដែលនាង បានជួបប្រទះប៉ុណ្ណោះ។
នាងបានបន្តថា ក្រោយមក នាងត្រូវគេនាំយក ទៅកន្លែងមួយផ្សេងទៀត ដែលត្រូវបានដឹងថា ជាផ្ទះកូនក្រមុំ ខណៈទៅដល់ទីនោះ នាងបានឃើញ នារីក្មេងៗ ជនជាតិខ្មែរ ២នាក់ កំពុងតែអង្គុយ ក្នុងទីងងឹតព្រាលៗ។ តាមសម្តីរបស់ Sreynech បានប្រាប់ថា៖ «ពេលខ្ញុំទៅដល់ផ្ទះនោះ ម៉ែយ៉ែម បានប្រាប់ថា អត់ទេៗ! នាងមិនមែនមក ធ្វើការទេ នាងមកទីនេះ ដើម្បីរៀបការជាមួយ បុរសចិនម្នាក់។ ខ្ញុំក៏សួរគាត់វិញថា បុរសចិនណា? គាត់ក៏ឆ្លើយប្រាប់ថា ប្រុសចិនណាក៏ដោយ ដែលរើសយកនាង»។
នាងបានបន្តឲ្យដឹងទៀតថា ប្រុសៗជាច្រើននាក់ ចេញចូល ដើម្បីមកមើលស្រីៗ ដែលជាកូនក្រមុំ នៅផ្ទះនោះ ប្រៀបបានដូចជា កសិករ នៅកន្លែងដេញថ្លៃទិញសត្វគោក្របី អញ្ចឹងដែរ។ ចំណែក នារីខ្មែរម្នាក់ ស្ថិតក្នុងសភាពភ័យខ្លាច ដែលនៅជិតនាង ត្រូវបានបុរសចិនម្នាក់ ជ្រើសរើស រួចក៏នាំយកទៅបាត់ ទុកឲ្យរូបនាង សល់តែម្នាក់ឯង ហើយនាង ក៏មិនដឹងដែរថា ពួកប្រុសៗទាំងនោះ នាំយកពួកនាង ទៅធ្វើអ្វីបន្ទាប់ទៀត។
ក្នុងពេលបន្តរៀបរាប់ ពីបទពិសោធន៍ដ៏ជូរចត់ និង ភ័យរន្ធត់ ដល់ចំនុចមួយ Sreynech បានសម្រក់ទឹកភ្នែក។ នាងត្រូវបានចង្អុល រើស ដូចជាសត្វធាតុ និង ជ្រើសរើសយក ដោយបុរសចិនម្នាក់ ដែលបាននិយាយថា គាត់នឹងរៀបការជាមួយនាង។ ក្នុងពេលនោះ នាងបានប្រាប់ទៅម៉ែយ៉ែមថា នាងមិនរៀបការទេ នាងមកធ្វើការ ប៉ុន្តែ នាងត្រូវម៉ែយ៉ែម គំរាមវិញថា បើនាងមិនរៀបការទេ លិខិតឆ្លងដែនរបស់នាងនឹងផុតកំណត់ ហើយនាងនឹងត្រូវនាំខ្លួនទៅកាន់ ប៉ុស្តិ៍ប៉ូលីស និង មានរឿងធំកើតឡើងចំពោះនាង មិនខាន។
នៅពេលនោះ នាងទើបតែមានអាយុ ១៧ឆ្នាំប៉ុណ្ណោះ ខណៈស្រុកចិន ទាល់តែ ១៨ឆ្នាំ ទើបអាចរៀបការបាន។ ហេតុនេះហើយ នាងមិនត្រូវបានបង្ខំឲ្យរៀបការនៅឡើយទេ ដោយគ្រាន់តែទុក ឲ្យធ្វើកិច្ចការងារផ្ទះ ដូចជាបោសជូតផ្ទះ លាងចាន និង បោកសំលៀកបំពាក់ជាដើម ហើយបុរសចិននោះ បានចាក់សោរនាងទុក ឲ្យនៅក្នុងបន្ទប់ជាន់លើ មិនឲ្យចេញទៅណាឡើយ។ លុះដល់ពេលយប់ឡើង បុរសចិននោះ ឡើងមកដេកក្នុងបន្ទប់ ដែលមានគ្រែតែមួយ ជាមួយនាង។ នៅយប់មួយ គេនោះ បានព្យាយាម ចង់រួមភេទជាមួយនាង ជាលើកដំបូង តែត្រូវនាងរើបំរាស់ និង ធាក់ចេញ ជាហេតុធ្វើឲ្យបុរសចិននោះ ខឹង ក៏ចាប់.ក ជាប់ និង វាយដំលើនាង ព្រោះតែនាង បដិសេធនឹងគេ។ បុរសចិននោះ តែងតែ ព្យាយាមចង់ដេក ជាមួយនាង រហូតដល់នាង ត្រូវព្យាយាមមកដេក នៅជ្រុងគ្រែដើម្បីការពារខ្លួន កុំឲ្យបុរសចិននោះ ប៉ះនាងបាន ប៉ុន្តែតែងតែត្រូវ ទទួលរងការវាយដំ ធ្វើបាប ជាប្រចាំ។
នៅទីបំផុត មានថ្ងៃមួយ ដែលជាឱកាសល្អ មិនមាននរណានៅផ្ទះ Sreynech បានប្រញាប់លួចចេញពីបន្ទប់ និង រត់ចេញពីទីនោះ មកកាន់ដងផ្លូវ ហើយសួរទៅកាន់ អ្នកដំណើរ ដែលនាងមិនធ្លាប់ស្គាល់ ដោយប្រើភាសាកាយវិការ ដើម្បីចង់ដឹងថា ស្ថានីយ៍ប៉ូលីស ជិតបំផុត នៅឯណា។ តែនាង ត្រូវម្តាយបុរសចិននោះ មកទាន់ ក៏ចាប់អូស ចូលទៅក្នុងផ្ទះវិញ។ ចាប់ពីពេលនោះមក នាងត្រូវទទួលរង ការធ្វើវាយដំធ្វើបាប យ៉ាងព្រៃផ្សៃ ជាបន្តបន្ទាប់។
ទោះជាយ៉ាងណា ដោយមិនអាចទ្រាំទ្របានតទៅទៀត នាងបានសំរេចចិត្ត លួចរត់ម្តងទៀត ពេលដែល គ្មានមនុស្សនៅផ្ទះ។ នាងបានដឹងរួចទៅហើយ ថាមានតែសួរអ្នកដំណើរតាមផ្លូវ ប៉ុណ្ណោះ ទើបអាចរកស្ថានកុងស៊ុល កម្ពុជា ដើម្បីសុំការជួយសង្គ្រោះ។ លើកនេះ ពិតជាសមដូចបំណង នាងអាចចេញផុត និង រកឃើញការិយាល័យមួយ តែត្រូវគេ ប្រាប់ថាឲ្យមកម្តងទៀត ព្រោះដល់ម៉ោង បាយថ្ងៃត្រង់ទៅហើយ។ នៅពេលដែលនាង មកកាន់អាគារការិយាល័យនោះ ម្តងទៀត អ្នកយាម បែរជា មិនឲ្យនាងចូល និង ប្រាប់នាង ចាកចេញឲ្យឆ្ងាយទៅវិញ ព្រោះតែនាងមិនមានលិខិតឆ្លងដែន ហើយក៏គ្មាននរណាម្នាក់ ស្គាល់ថានាង ជានរណា មកពីទីណាដែរ។ ក្នុងខណៈពេលនោះ បានស្រក់ទឹកភ្នែក ដើរចេញ យ៉ាងឈឺចាប់ ចំពោះការបដិសេធនេះ ហើយក៏បានចាប់ផ្តើម ដើរតាមផ្លូវ ទាំងគ្មានគោលដៅ និង មិនស្គាល់ទិសតំបន់ អ្វីទាំងអស់។ ព្រិលចាប់ផ្តើមធ្លាក់ វាពិតជាត្រជាក់ខ្លាំងណាស់ ហើយនាងក៏មិនមាន សំលៀកបំពាក់គ្រប់គ្រាន់ ដើម្បីឲ្យបានកក់ក្តៅដែរ។
«ខ្ញុំដើរចុះឡើងៗ នៅទីនោះ, ដេកនៅតាមដងផ្លូវ និង ក្នុងមាត់ទ្វារអាគារ ខណៈគ្មានអាហារ ដើម្បីបរិភោគឡើយ។ ខ្ញុំកាន់តែខ្សោយទៅៗ ស្ថិតនៅតាមផ្លូវអស់ជាច្រើនថ្ងៃ ប៉ុនតែខ្ញុំពិតជា មិនចង់ស្លាប់ នៅតាមផ្លូវឡើយ។ ខ្ញុំបានឃើញ អ្នកទេសចរម្នាក់ ក៏ទៅសួរគាត់ ឲ្យជួយ។ គាត់បានប្រាប់ខ្ញុំថា គាត់នឹងទូរស័ព្ទទៅ បងស្រីខ្ញុំនៅកម្ពុជា និងជួយប្រាប់ឲ្យថា ខ្ញុំកំពុងមានបញ្ហា ហើយគាត់ពិតជាបាន ជួយខ្ញុំមែន។ គាត់បានទិញអាហារខ្លះឲ្យខ្ញុំ និងបានជួយជូន ខ្ញុំទៅកាន់ស្ថានីយ៍ប៉ូលីស ផងដែរ។ លុះដល់ប៉ុស្តិ៍ប៉ូលីស ខ្ញុំត្រូវបានដាក់ឲ្យនៅក្នុងគុក ជាមួយនឹង ជនជាតិអាហ្វ្រិក ៨នាក់ ហើយពួកគេសម្លឹងមើលខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ខ្ញុំពិតជាភ័យណាស់ ខ្លាចពួកគេចាប់រំលោភខ្ញុំ ខណៈពេលនោះ ខ្ញុំស្ថិតនៅក្នុងនោះ ជាមួយពួកគេ អស់រយៈពេល ដល់ទៅ ២ខែ» នេះបើយោងតាមសម្តី របស់នាង យ៉ាងដូច្នេះ ដែល Khmerload បានស្រង់ពី ប្រភពព័ត៌មានបរទេស។
ចុងក្រោយ Sreynech ត្រូវបានឪពុកម្តាយរបស់នាង ទាក់ទងទៅអង្គការ អាតហុក (ADHOC) ក្នុងប្រទេសកម្ពុជា ជួយរៀបចំឲ្យនាង បានវិលត្រឡប់ មកកាន់មាតុភូមិវិញ តាមរយៈប្រាក់បរិច្ចាគ ពីសប្បុរសជននានា។ តែមុនពេល ឪពុកម្តាយនាង ដឹងអំពីអង្គការ អាតហុក ពួកគាត់ ត្រូវឈ្មួញ ទារកំរៃ ៤៥០០ដុល្លារ ឯណោះ ប្រសិនណាបើ ពួកគាត់ ចង់ឲ្យកូនស្រី បានវិលមកស្រុកខ្មែរវិញ ខណៈពួកគាត់ មិនមានប្រាក់ច្រើនដល់ម្លឹងឡើយ។
គួរបញ្ជាក់ដែរថា ទើបតែពេលនេះទេ ដែលនាងមានសេចក្តីក្លាហាន ទម្លាយពីអ្វីគ្រប់យ៉ាង ដែលនាងធ្លាប់បានជួបប្រទះ ប្រាប់ដល់សារព័ត៌មាន ដេលីម៉េល របស់អង់គ្លេស ក្នុងក្តីសង្ឃឹមថា រដ្ឋាភិបាលរបស់នាង នឹងរឹតខិតខំឲ្យកាន់តែខ្លាំង ក្នុងការបញ្ឈប់នូវ ការជួញដូរនារីភេទ ដែលតែងចាញ់បោក តាមពាក្យគេ ថានឹងរកការងារល្អឲ្យធ្វើ នៅប្រទេសកូរ៉េ និង ប្រទេសអាស៊ី ផ្សេងៗទៀត ជាដើម៕
ប្រិយមិត្ត យល់ឃើញ យ៉ាងណាដែរ ចំពោះករណីនេះ?
ប្រភព៖ Dailymail
ដោយ សី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!