ពែកមី ទម្លាយ​អាថ៌កំបាំង នាយ គ្រឿន

 
 


នាយ​ ពែកមី តារា​កំប្លែង​របស់​ស្ថានីយ​​ទូរទស្សន៍ CTN  បាន​ទម្លាយ​អាថ៌កំបាំង ពី​ជីវិត​ឯកជន​របស់ ​នាយ ​គ្រឿន កាល​​ពី​កុមារភាព។ តើ​នាយ គ្រឿន មាន​រឿង​អ្វី ដល់​ថ្នាក់​ នាយ ​ពែក មី ​ដែល​ជា​បង​ប្រុស​បង្កើត​ខ្លួន ទម្លាយ​អាថ៌កំបាំង​បែប​នេះ?

ក្នុង​ជំនួប​ជា​មួយ​គេហទំព័រ Sabay កាល​ពី​ពេល​កន្លង​ទៅ នាយ ពែកមី បាន​ឲ្យ​ដឹង​ថា នាយ​គ្រឿន មាន​រឿង​ឆែប​មាត់ មិន​ខុស​ពី​ខ្លួន​ឡើយ  គ្រាន់​តែ​ស្នាម​ឆែប​មាត់ របស់​នាយ គ្រឿន មាន​ស្នាម​តិច​ជាង​ខ្លួន ប្រសិន​បើ​​ទស្សនិកជន​មើល​មិន​ចាប់​អារម្មណ៍​​គឺ​​​មិន​ដឹង​ឡើយ។

ពែកមី ​បាន​រំលឹក​ឲ្យ​ដឹង​​ថា កាល ​នាយ គ្រឿន​មាន​វ័យ ១០ ឆ្នាំ នាយ គ្រឿន បាន​ជិះកង់​លេង​​នៅ​ក្នុង​ភូមិ គ្រា​នោះ​​បាន​ទាក់​នឹង​​ខ្សែ​គោ ដែល​ម្ចាស់​​គោ​​ ចង​​គោ​ឲ្យស៊ី​​ស្មៅ។ កាល​ណោះ នាយ គ្រឿន បាន​ដួល ហើយ​មាត់​បុក​នឹង​កង់​រយះ​ក្រអូម​មាត់  ដោយ​​​បាន​ម្ដាយ-​ឪពុក​យក​ទៅ​ពេទ្យ​ព្យាបាល  ហើយ​ដេរ​ជា​ច្រើន​ថ្នេរ។ ក្រោយ​ពី​ជា​សះស្បើយ មាត់​នាយ គ្រឿន មាន​ស្នាម​​សម្លាក  ប៉ុន្តែ​ស្នាម​នោះ​តិច​ជាង​ខ្លួន។

ទោះ​បី​ជួប​​ករណី​ឆែប​មាត់​ដូច​គ្នា​ក្ដី ប៉ុន្តែ​ទីតាំង ​និង​ពេលវេលា​បាន​កើត​ឡើង​ខុស​គ្នា នាយ ពែកមី ជួប​​ករណី​គ្រោះ​ថ្នាក់​ឆែប​មាត់ នៅ​អាយុ​ ២ ឆ្នាំ  គ្រា​ដែល​ក្រុម​គ្រួសារ នាយ បាន​ទៅ​​រស់​នៅ​ជុំរុំ​ដង​រែក តាម​បណ្ដោយ​ជួរ​ភ្នំ​ដង​រែក​ជិត​ប្រទេស​ថៃ កាល​ណោះ​នាយ​បាន ឡើង​លេង​លើ​របង​ផ្ទះ​អ្នក​ភូមិ ហើយ​​បាន​ធ្លាក់​មុត​នឹង​កំប៉ុង​ត្រី ខ។  ប៉ុន្តែ​ករណី​នាយ គ្រឿន​វិញ ខុស​ពី នាយ ពែកមី ។ នាយ គ្រឿន បាន​ជួប​គ្រោះ​ថ្នាក់​នោះ គឺ​ស្ថិត​​នៅ ក្នុង​ស្រុក​កំណើត​​​នៅ​ឯ​ខេត្ត​ស្វាយ​រៀង ក្រោយ​ពី​ក្រុម​គ្រួសារ​របស់​ខ្លួន​បាន វិល​ពី​​ជុំរុំ​ដង​រែក មក​​របស់​នៅ​ស្រុក​កំណើត​វិញ។

ទោះបី​ជា​បច្ចុប្បន្ន​បង​ប្អូន​​ទាំង​ពីរ​នាក់​នេះ មាន​លទ្ធភាព​គ្រប់គ្រាន់​ដើម្បី លុប​ស្នាម​​ឆែប​នេះ​ចេញ​ក្ដី ប៉ុន្តែ ​នាយ ពែកមី បញ្ជាក់​ប្រាប់​ថា មិន​មាន​គម្រោង​លុប​ស្នាម​នេះ​ឡើយ ព្រោះ​ស្នាម​សម្លាក​នេះ គឺ​ជា ​អត្តសញ្ញាណ​សំគាល់​របស់​បង​ប្អូន​ខ្លួន នឹង​ជា​អនុស្សាវរីយ កាល​ពី​កុមារភាព​របស់​ខ្លួន​ផង​ដែរ៕

ប្រភព Sabay



 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម