ប្រាសាទ​កំណប់​តូច និង​ប្រាសាទ​កំណប់​ធំ​នៅ​កណ្តាល​ទ្រូងព្រៃ ជនបរទេស​វៀច​មាត់ វៀចក ព្រោះ​ទៅ​ឈូស​ឆាយ​ទន្ទ្រាន

 
 

ខេត្តព្រះវិហារ៖ ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ នៅកណ្តាលទ្រូងព្រៃយ៉ាងស្ងាត់ឆ្ងាយផុតពី ខ្សែភ្នែកអ្នកទេសចរជាតិ និង អន្តរជាតិ ។ ទោះជាយ៉ាងណាក្តី ប្រាសាទទាំងពីរសល់ តែស្លាកស្នាម បន្តិចបន្តួច ប៉ុណ្ណោះ ព្រោះបានបាក់បែកខូចខាត និងមិនមានប្រវត្តិ កត់ត្រានៅ ក្នុងឯកសារ ទេ ។

ប្រាសាទ កំណប់តូច បាក់បែកស្ទើរបាត់រូបរាងទៅហើយ ព្រោះតែជនទុច្ចរិតគាស់កកាយរាវ រកវត្ថុបុរាណ យកទៅលក់នៅប្រទេស ជិតខាង កាលពីសម័យសង្គ្រាម ។ ចាប់ពីពេលនោះមក ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ត្រូវគេបោះបង់ចោល នៅក្នុងព្រៃជ្រៅ ស្ទើរតែ បាត់ឈ្មោះសូន្យឈឹង ។

ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ចូលពីផ្លូវជាតិលេខ៩ ចម្ងាយប្រមាណ៥គីឡូម៉ែត្រ ស្ថិតក្នុង ភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុក ឆែប ខេត្តព្រះវិហារ ។

បុរស ឈ្មោះហ៊ីម ភាព អាយុ៤០ឆ្នាំ ជនជាតិកួយ និងប្រពន្ធឈ្មោះឈឿន សុវណ្ណ រៀបរាប់ប្រាប់អ្នកយក ព័ត៌មានកោះសន្តិភាព កាលពី ពេល ថ្មីៗនេះថា ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ជនជាតិកួយ ចាត់ទុកជាវត្ថុបន់ស្រន់ សុំសេចក្តីសុខ និងជាទីសក្ការបូជា ។ អ្នកភូមិពោធិ៍ទាប តែងតែធ្វើពិធីបន់ស្រន់ សុំសេចក្តីសុខពី ប្រាសាទកំណប់តូច និង ប្រាសាទកំណប់ធំ ។

ប្រភពដដែលឱ្យដឹងថា អ្នកថែរក្សាប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ឈ្មោះ ហ៊ីម ដោយជន ជាតិបារាំងម្នាក់ ផ្គត់ផ្គង់ប្រាក់ឱ្យ ដើម្បី កាប់ឆ្ការព្រៃនៅ ជុំវិញប្រាសាទ ។ ជាងនេះទៅទៀតជា រៀងរាល់ឆ្នាំ ជនជាតិបារាំងនោះ តែងតែទៅ មើលប្រាសាទកំណប់តូច កំណប់ធំ ព្រោះតែចង់អភិរក្ស ប្រាសាទទាំងនោះ ។

អ្នកភូមិជាច្រើនដែល ធ្លាប់ដឹងពីប្រវត្តិរបស់ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ ឱ្យដឹងថា ពីមុន នៅក្នុងប្រាសាទកំណប់តូច មានវត្ថុ មានតម្លៃដូចជា បដិមាសំរឹទ្ធិជាដើម ប៉ុន្តែត្រូវពួកទុច្ចរិតគាស់ យកទៅបាត់ ។ ទោះជាយ៉ាងណាក្តី អ្នកទន្ទ្រានទាំងនោះខ្លះឈឺ ខ្លះធ្លាក់ខ្លួន ពិការ ចំណែកអ្នកខ្លះ ស្លាប់យ៉ាងវេទនា ។

ដោយឡែក កាលពីប៉ុន្មានខែកន្លងមក ក្រុមហ៊ុនបរទេសមួយ បានឈូសឆាយដីព្រៃ ប៉ះពាល់ប្រាសាទ កំណប់តូច ក៏ត្រូវបារមីប្រាសាទ និងម្ចាស់ទឹកម្ចាស់ដី ធ្វើឱ្យអ្នកមើលការ ខុសត្រូវវៀចមាត់វៀច ក ។ ក្រោយមកជនបរទេសនោះ យកមាន់ស្ងោរទៅសែន នៅមុខប្រាសាទ កំណប់តូច និងសុំខមាលទោស ទើបបានជាសះស្បើយ ហើយចាប់ពីថ្ងៃនោះមកឈប់ហ៊ានឈូសឆាយ នៅក្បែរប្រាសាទទៀត ។

លោក យៀន ឆាយ មេភូមិពោធិ៍ទាប ឱ្យដឹងថា លោកបានទទួលដំណឹងពីរឿងក្រុមហ៊ុនដាំអំពៅ ឈូស ឆាយ ទីទួលប្រាសាទនោះ ប៉ុន្តែវា ហួសកម្រិតគ្រប់គ្រង របស់លោក ។

ចំណែកលោក មេឃុំ ម្លូព្រៃ ឈ្មោះហេង ភួន អះអាងថា លោកមិនបានដឹងរឿងក្រុមហ៊ុនឈូសឆាយទី ទួលប្រាសាទកំណប់តូច ប្រាសាទ កំណប់ធំ ទេ តែសន្យាថា នឹងទៅមើល ។ បានព័ត៌មានយ៉ាងណា លោកនឹងរាយការណ៍ ជូនទៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ។

លោក នូវ សុគន្ធណា ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ប្រាសាទ កំណប់តូច ត្រូវមន្ទីរឱ្យកម្មករ កាប់ឆ្ការ ព្រៃ ជារៀងរាល់ខែ ដោយក្នុងមួយខែផ្តល់ប្រាក់ ១៥ម៉ឺនរៀល សម្រាប់កម្មករ មើលថែប្រាសាទ ។ ទោះជាយ៉ាងណាក្តី ប្រាសាទ កំណប់តូច ប្រាសាទ កំណប់ធំ មិនអាច អភិរក្សបានឡើយ ព្រោះនៅសល់តែដុំថ្ម ៤ទៅ៥ដុំប៉ុណ្ណោះ រីឯ តួប្រាសាទគ្មាននៅសល់អ្វីឡើយ ។

លោកនូវ សុគន្ធណា បញ្ជាក់ថា ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ មិនឃើញមានការកត់ត្រា ក្នុងឯកសារណាមួយឡើយ ដូច្នេះមិន ដឹងកសាងដោយ អង្គស្តេចណា និងនៅឆ្នាំណាទេ ។ បើតាមលោកដឹង ខ្លះៗ ប្រាសាទកំណប់តូច និងប្រាសាទកំណប់ធំ កសាងនៅសម័យ មេកន្ទ្រាញ ជំនាន់ប្រើដាវ លំពែង ៕



 

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម