នៅឆ្នាំ២០១៤រាជធានីភ្នំពេញ​មានអគ្គិភ័យកើត​ឡើងចំនួន៨៦​ករណីបណ្តាលស្លាប់​៧នាក់និងរបួស​៦នាក់

 
 

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេល ១២ខែ ឆ្នាំ២០១៤ កន្លងមកនេះ មានអគ្គិភ័យ កើតឡើង ចំនួន៨៦ករណី បណ្តាលឱ្យ មនុស្សស្លាប់ ចំនួន៧នាក់ និង រងរបួស៦នាក់ ព្រមទាំង បំផ្លិចបំផ្លាញ លំនៅឋាន និងសម្ភារ មួយចំនួនទៀត ។ នេះបើតាម ការឱ្យដឹង ពីនគរបាល ការិយាល័យ បង្កា និងពន្លត់អគ្គិភ័យ ។ ទោះបីជា យ៉ាងណា បើប្រៀបធៀប នៅឆ្នាំ២០១៣ មានការថយចុះ ។

លោកវរៈសេនីយ៍ទោ ព្រហ្ម យ៉ន នាយការិយាល័យ បង្កា និងពន្លត់អគ្គិភ័យ នៃស្នងការ នគរបាល រាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈ ពេល១២ខែ ឆ្នាំ២០១៤ នៅក្នុងរាជធានីភ្នំពេញ មានគ្រោះ អគ្គិភ័យចំនួន ៨៦ករណី បណ្តាលឱ្យ ស្លាប់មនុស្ស ចំនួន៧នាក់ ក្នុងនោះ មានស្រី៣នាក់ និងប្រុស៤នាក់ និងរងរបួស៦នាក់ ។ លោកនាយ ការិយាល័យ បានឱ្យដឹង ទៀតថា គ្រោះអគ្គិភ័យនេះ បានបំផ្លិចបំផ្លាញ លំនៅឋាន ចំនួន១៤០ខ្នង ក្នុងនោះ មានផ្ទះឈើលើ ថ្មក្រោម ចំនួន១០៧ខ្នង ល្វែង៣៣ល្វែង, បន្ទប់ខារ៉ាអូខេ ១៥បន្ទប់, ដេប៉ូឈើ ១០កន្លែង, រោងចិញ្ចឹមមាន់ ចំនួន១, តូបលក់កាហ្វេ១តូប, ឆេះបំផ្លាញ រថយន្ត ចំនួន១០គ្រឿង, ម៉ូតូ១៨គ្រឿង ព្រមទាំង ទ្រព្យសម្បត្តិ មួយចំនួនធំទៀត។

ទោះបីជាយ៉ាងណា លោកនាយក ការិយាល័យ ពុំបានឱ្យដឹង ពីទំហំ នៃការខួចខាត គិតជា ថវិកា អស់ប៉ុន្មានឡើយ ។

លោកវរៈសេនីយ៍ទោ ព្រហ្ម យ៉ន បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យនេះ នៅឆ្នាំ២០១៤ បើប្រៀបធៀប ឆ្នាំ២០១៣ មានការថយចុះ ចំនួន១៩លើក ដែលឆ្នាំ២០១៣ មានចំនួន១០៥ ករណី បណ្តាលឱ្យ មនុស្សស្លាប់ ចំនួន៦នាក់ និងរបួស៦នាក់ ។ លោកនាយក ការិយាល័យ ក៏បានធ្វើការ អំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ក៍ដូចជា នៅបណ្តាលខេត្ត នានា ឱ្យមាន ការប្រុងប្រយ័ត្ន ពីភ្លើង ទៀន ធូប នៅពេលដែល ចាកចេញ ពីលំនៅឋាន ហើយនៅពេល កើតមាន អគ្គិភ័យ កើតឡើង សំខាន់ស្មារតី រួមសហការគ្នាក្នុង ការជួយពន្លត់ ជាបឋម ឱ្យបានទាន់ពេល ។

លោកនាយការិយាល័យ ក៍បានសំណូមពរ ដល់បងប្អូន ប្រជាពលរដ្ឋ អោយមានសម្ភារៈ បំពង់ពន្លត់អគ្គីភ័យ នៅតាមផ្ទះ និង សហការ ជាមួយនគរបាល បង្កា និងពន្លត់អគ្គីភ័យ ដែលបានចុះ ទៅផ្សព្វផ្សាយ ពីរបៀបនៃការ ប្រើប្រាស់ បំពង់ពន្លត់អគ្គីភ័យ និងវិធានការ ការពារ ទប់ស្កាត់ ផ្សេងៗ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម