ស្អីគេ! ​ល្បីៗ​ថ្នាក់​ហ្នឹង​ហើយ​មាន​ចំណូល​ក្រោម ១​ ដុល្លារ?

 
 

ឃើញ​ចំណង​ជើង​ទស្សនិកជន​ប្រហែល​ជា​មិន​ជឿ ព្រោះ​សុទ្ធតែ​តារា​ល្បីៗ មាន​ចំណូល​ក្រោម​ ១ ​ដុល្លារ ​ប៉ុណ្ណោះ។ ប៉ុន្តែ​នេះ​ជា​ជីវិត​ពិត​របស់​តារា​ ៦ ​ដួង​ធ្លាប់​ឆ្លង​កាត់​មុន​នឹង​ពួកគេ​ឈាន​ដល់​តារា​ល្បីៗ មាន​ចំណូល​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

ខាង​ក្រោម​នេះ​ គឺ​ជា​រឿង​ពិត​របស់​តារា​ស្រី-ប្រុស ៦ ​ដួង​ធ្លាប់​ហែល​ឆ្លង​ការ​លំបាក ក្រោមចំណូល ​១ ​ដុល្លារ​ក្នុង​មួយ​យប់ ឬ​មួយ​កម្មវិធី។

លោក សុខ រក្សា កើត​ក្នុង​ត្រកូល​គ្រួសារ​មាន​ជីវភាព​លំបាក។ លោក​ធ្លាប់​​ជា​អ្នក​លក់​ទឹក​សណ្ដែក ទឹក​អំពៅ និង​ ចេក​ឆឹង​ជា​ដើម​ដើម្បី​យក​ប្រាក់​​ជួយ​ទំនុក​បម្រុង​គ្រួសារ។ ខ្សែ​ជីវិត​របស់​តារា​រូប​នេះ​ ធ្លាប់​ដើរ​លេង​ហ្គីតា តាម​រោង​ល្ខោន និង​ តាម​រង្គសាល​ផ្សេងៗ ដោយ​ទទួល​ចំណូល​មិន​ដល់​មួយ​ដុល្លារ​ផង​ក្នុង​មួយ​យប់។ ពេល​ខ្លះ ​លោក សុខ រក្សា ទទួល​បាន​ប្រាក់​ ៥​ ពាន់​រៀល​ក្នុង​មួយ​កម្មវិធី។

ក្នុង​ឆ្នាំ​ ១៩៩៩ តារា​ចម្រៀង​ខាង​លើ​បាន​សម្រេចចិត្ត​មក​ស្វែង​រក​ការងារ​ធ្វើ​នៅ​ភ្នំពេញ។ ការងារ​លើក​ដំបូង​របស់​លោក​នៅ​ភ្នំពេញ ​គឺ​អ្នក​លេង​ហ្គីតា​នៅ​ក្នុង​ភោជណីយដ្ឋាន​ បុប្ផាទិព្វ ដោយ​ទទួល​បាន​ប្រាក់​ ៣ ​ដុល្លារ​ប៉ុណ្ណោះ។

ឆ្នាំ​ ២០០៥​ លោក​បាន​​​ក្លាយ​ជា​អ្នក​ចម្រៀង និង​ អ្នក​លេង​ហ្គីតា​ក្នុង​ផលិតកម្ម​ហង្ស​មាស។ ចាប់​តាំង​ពី​ពេល​នោះ​មក​តារា​ចម្រៀង​មាន​ប្រភព​មក​ពី​ខេត្ត បាត់ដំបង​រូប​នេះ​ លែង​មាន​ជីវភាព​លំបាក​ដូច​មុន​ទៀត​ហើយ ដោយ​ចំណូល​ចាប់​ផ្ដើម​កើន​ឡើង មិន​មែន​ក្រោម​ ១​ ដុល្លារ​ដូច​មុន​ទៀត​ទេ។

ក្នុង​ឆ្នាំ​២០១០ លោក សុខ រក្សា ចាក​ចេញ​ពី​ ហង្ស​មាស ទៅ​កាន់​ផលិតកម្ម​​សាន់ដេ។ការ​បោះ​​ជំហាន​ទៅ​កាន់​ផលិតកម្ម​ថ្មី​ធ្វើ​ឱ្យ​មុខ​មាត់​តារា​ចម្រៀង​ខាង​លើ​កាន់​តែ​មាន​ភាព​ល្បី​ឈ្មោះ​ជា​មុន​ ដោយ​តម្លៃ​ខ្លួន​របស់​​លោក​ក្នុង​ការ​ច្រៀង​មួយ​យប់ ឬ​មួយ​កម្មវិធី​សុទ្ធតែ​រាប់​រយ​រាប់​ពាន់​ដុល្លារ។

អ្នក​នាង ស្រេង សុកាន់​ដា ហៅ ខ្ញុង មុន​នឹង​សាង​ភាព​ល្បី​ឈ្មោះ​មក​ដល់​បច្ចុប្បន្ន​ តារា​កំប្លែង​រូប​នេះ ​ធ្លាប់​ឆ្លង​កាត់​ការ​លំបាក​គ្រប់​​បែប​យ៉ាង។ បញ្ហា​ជីវភាព​ក្រីក្រ ព្រម​ទាំង​មាន​បងប្អូន​ច្រើន​តារា​កំប្លែង​មាន​ប្រភព​មក​ពី​ កៀន​ស្វាយ ខេត្ត​ កណ្ដាល សម្រេចចិត្ត​បោះបង់​ការសិក្សា​ ដោយ​ដើរ​ស៊ី​ឈ្នួល​លក់​អង្ករ​ឱ្យ​គេ និង ​ឆ្លៀត​ពេល​ច្រៀង​តាម​ក្លិប​យប់ៗ​ដើម្បី​យក​ប្រាក់​ជួយ​ទំនុកបម្រុង​គ្រួសារ។

ការ​ច្រៀង​នៅ​តាម​ក្លិប​រាត្រី​​អ្នក​កំប្លែង​ល្បី​ឈ្មោះ​រូប​នេះ​ទទួល​បាន​ចំណូល​មិន​ដល់​ ១ ​ដុល្លារ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​ ស្រេង សុកាន់ដា ហៅ​ខ្ញុង​ នៅ​តែ​តស៊ូ​ដើម្បី​ធ្វើ​យ៉ាង​ណា​ប្រាក់​​ជួយ​ដោះ​ស្រាយ​ទុក​លំបាក​គ្រួសារ។

ខ្ញុង​បាន​រៀប​អាពាហ៍ពិពាហ៍​នឹង​បុរស​ជា​ជំនួញ​ម្នាក់​នៅ​ខេត្ត​ សៀមរាប ប៉ុន្តែ​ក្រោយ​មក​បាន​លែងលះ​គ្នា​ទៅ​វិញ។ ក្រោយ​ពី​លែង​លះ​ហើយ​​នៅ​ឆ្នាំ២០០៩ តារា​កំប្លែង​ពូកែ​វោហារ​ខាង​លើ​បាន​ដាក់​ពាក្យ​ប្រឡង​ធ្វើ​ជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN។

បន្ទាប់​ពី​ជាប់​ជា​តារា​កំប្លែង​ភ្លាម ចំណូល​របស់​នាង​ក្នុង​ការ​ច្រៀង​ និង​កំប្លែង​តាម​កម្មវិធី​នានា​ មិន​ក្រោម​ ១​ដុល្លារ​ដូច​មុន​ទៀត​ទេ គឺ​ចាប់​ពី​រាប់​រយ ​រាប់​ពាន់​ដុល្លារ​ឡើង​ទៅ​រហូត​មក​ទល់​នឹង​បច្ចុប្បន្ន។

និយាយ​ពី​តារា​ចម្រៀង​សំឡេង​ស្អក​ក្នុង​ផលិតកម្ម​ Town លោក ខេម វិញ​គឺ​មិន​ចាញ់​តារា​ខាង​លើ​ប៉ុន្មាន​ទេ​គឺ​ពេល​ខ្លះ​លោក​រក​ចំណូល​មិន​បាន​ ១​ដុល្លារ ឬ​ក្រោម​១​ដុល្លារ​ផង​ក៏​មាន​ក្នុង​​មួយ​យប់។

មុន​ក្លាយ​ជា​តារា​ចម្រៀង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​មក​ដល់​បច្ចុប្បន្ន​លោក ប៉ុន សុណារិន ហៅ​ខេម ធ្លាប់​ជា​អ្នក​រត់​ម៉ូតូ​ឌុប​យក​ប្រាក់​ជួយ​ជីវភាព​គ្រួសារ ព្រោះ​តែ​ម្ដាយ​មាន​ជីវភាព​ក្រីក្រ​នៅ​តែ​ឯង​ដោយ​ឪពុក​បាន​ស្លាប់​ចោល។

ដោយ​សារ​តែ​ជឿជាក់​ថា​ខ្លួន​ឯង​មាន​ទឹក​ដម​សំនៀង​គ្រាន់​បើ​ ខេម បាន​សម្រេចចិត្ត​ដាក់​ពាក្យ​ប្រឡង​ជា​អ្នក​ចម្រៀង​ក្នុង​កម្មវិធី Boy Band របស់​ស្ថានីយ​ទូរទស្សន៍ CTN ក្នុង​ឆ្នាំ​ ២០០៧។ បន្ទាប់​ពី​ជាប់​ជា​អ្នក​ចម្រៀង​ក្នុង​កម្មវិធី​នេះ​ហើយ​លោក​​នៅ​តែ​រក​ផលិតកម្ម​ច្រៀង​អត់​បាន​ដដែល​ ព្រម​ទាំង​ជួប​ការ​លំបាក​ផ្នែក​ជីវភាព​ទៀត​ផង។

ខេម​ បាន​សម្រេចចិត្ត​រក​​ក្លិប​រាត្រី​ច្រៀង​ដើម្បី​រក​ប្រាក់​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។ បើ​ទោះ​ដឹក​ថា​​ក្លិប​រាត្រី​ផ្ដល់​ប្រាក់​​ក្រោម​ ១ ដុល្លារ​​ក្នុង​មួយ​យប់​ក្ដី តារា​ចម្រៀង​មាន​ប្រភព​មក​ពី​​ខេត្ត កំពង់ឆ្នាំង​នៅ​តែ​តស៊ូ​ច្រៀង​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​បាន​ប្រាក់​យក​មក​ដោះ​ស្រាយ​ជីវភាព​បាន​មួយ​គ្រា។

យ៉ាង​ណា​ក៏​ដោយ​មក​ដល់​បច្ចុប្បន្ន ខេម​ លែង​មាន​តម្លៃ​ខ្លួន​ក្រោម​ ១ ​ដុល្លារ​ដូច​មុន​ទៀត​ហើយ។ ការ​ច្រៀង​របស់​ ខេម​ សព្វ​ថ្ងៃ​នៅ​តាម​កម្មវិធី​នានា​ គឺ​មិន​ក្រោម ១ ​ពាន់​ដុល្លារ​នោះ​ទេ គឺ ​១​ គុណ ១​០ ដង ធៀប​នឹង​ពេល​មុនៗ​ក្នុង​ការ​ច្រៀង​មួយ​យប់ ឬ​មួយ​កម្មវិធី។

អ្នក​នាង ខាត់ សុឃីម ប្រឡូក​សិល្បៈ​តាំង​ពី​តូច​មក​ម្ល៉េះ ព្រោះ​គ្រួសារ​របស់​នាង​ជា​អ្នក​សិល្បៈ​ទាំង​អស់។ បើ​ទោះ​ជា​គ្រួសារ​សុទ្ធសឹងតែ​ជា​អ្នក​សិល្បៈ​ក្ដី ពី​មុន​ជីវភាព​របស់​នាង​ជួប​ការ​លំបាក​ជា​ខ្លាំង។ ដោយសារ​តែ​បងប្អូន​ច្រើន រួម​ទាំង​ជីវភាព​ក្រីក្រ​ទៀត​អ្នក​ច្រៀង ប្រជាប្រិយភាព​រូប​នេះ​សម្រេចចិត្ត​ចេញ​ស្វែង​រក​ប្រាក់​ដើម្បី​យក​មក​ជួយ​​ដោះ​ស្រាយ​ការ​លំបាក​របស់​គ្រួសារ។

ក្នុង​មួយ​យប់​អ្នក​នាង ខាត់ សុឃីម ត្រូវ​ច្រៀង​នៅ​តាម​ រង្គសាល និង​ភោជនដ្ឋាន​ពីរ​ ទៅ​បី ហើយ​ក្នុង​មួយ​កន្លែងៗ នាង​ទទួល​បាន​ប្រាប់​មិន​ដល់​ ១​ដុល្លារ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ​នាង​នៅ​តែ​សប្បាយ​ចិត្ត ហើយ​ប្រឹង​តស៊ូ​រហូត​ទទួល​បាន​ផ្លែផ្កា​ត្រចះត្រចង់។

មក​ទល់​នឹង​បច្ចុប្បន្ន​នរណាៗ​ក៏​ស្គាល់​សម្អាងការ​ ខាត់ សុឃីម និង​កេរ្តិ៍ឈ្មោះ​ល្បី​របស់​នាង​ដែរ។ ចំណូល​របស់​អ្នក​នាង​ក្នុង​ពេល​បច្ចុប្បន្ន​ក្នុង​មួយ​ថ្ងៃ​គឺ​​ចាប់​ពី​ពាន់​ដុល្លារ​ឡើង​ទៅ។

ប្រិយមិត្ត​ប្រាកដ​ជា​ស្គាល់​ច្បាស់​ពិធីការិនី​ល្បី​ឈ្មោះ​​ អ្នក​នាង គង់ សុជាតិ នា​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​បើ​និយាយ​បក​ទៅ​ក្រោយ​ពី​ជីវិត​​តារា​ល្បី​រូប​នេះ​ គឺ​នាង​ធ្វើការ​មិន​យក​ប្រាក់​​សូម្បី​តែ​ ១​ ដុល្លារ។

អ្នក​នាង គង់ សុជាតិ កើត​ក្នុង​ត្រកូល​គ្រួសារ​អ្នក​ក្រីក្រ​នៅ​ខេត្ត​ ក្រចេះ។ អ្នក​នាង​ធ្លាប់​ឆ្លង​​ហែល​ឆ្លង​កាត់​ការ​លំបាក​ផ្សេងៗ​ក្នុង​ជីវិត​មិន​ចាញ់​តារា​ផ្សេងៗ​ប៉ុន្មាន​ទេ។

កើត​ក្នុង​ត្រកូល​ជា​អ្នក​លក់​ ចេក​ឆឹង​ពិធីការិនី​រូប​នេះ​ បាន​ដាក់​ពាក្យ​ធ្វើ​ជា​ពិធីការិនី​ក្នុង​ស្ថានីយ​ទូរទស្សន៍ IBC បច្ចុប្បន្ន​ជា​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ថិលេខ៥។ ការ​ដាក់​ពាក្យ​ធ្វើ​ជា​ពិធីការិនី​ដំបូង គង់ សុជាតិ មិន​ទទួល​បាន​ចំណូល​នោះ​ទេ សូម្បីតែ​​ ១ ​ដុល្លារ ព្រោះតែ​ស្រលាញ់​ការ​ងារ​នេះ​ពេក។ ប៉ុន្តែ​ក្រោយ​មក​នាង​ទទួល​បាន​ប្រាក់​ខែ ១១១ ​ដុល្លារ​ក្នុង​មួយ​ខែ។

និយាយ​រឿង​បច្ចុប្បន្ន​ភាព​​អ្នក​នាង គង់ សុជាតិ អាច​និយាយ​ថា​ ជា​តារា​មាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​ក៏​ថា​បាន ព្រោះ​នាង​មាន​របរ​រក​ស៊ី​ច្រើន។ ដោយ​ឡែក​ចំណូល​ទទួល​បាន​ពី​ការ​ធ្វើ​ជា​ពិធីការិនី​ឯណោះ​វិញ​ក៏​ទទួល​បាន​ចំណូល​​ច្រើន​ខុស​ពី​មុន​ដាច់។​​!

នឹក​ដល់​រឿង​ជីវិត​ជា​អ្នក​លក់​ទឹក​អំពៅ ​និង​លក់​អង្ករ​លោក​អ្នក​ប្រាកដ​ជា​ស្គាល់ ជីវភាព​លំបាក​របស់​តារា​ចម្រៀង​ល្បី​ឈ្មោះ ពេជ្រ សោភា កាល​ពី​ពេល​កន្លង​ទៅ ព្រោះ​តារា​ចម្រៀង​រូប​នេះ​ធ្លាប់​រក​ចំណូល​ពី​១​ដុល្លារ​ទៅ ២ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​កាល​ពី​អតីតកាល។

កញ្ញា ពេជ្រ សោភា ធ្លាប់​​ធ្វើ​ជា​អ្នក​ចម្រៀង​តាម​ ភោជណីយដ្ឋាន និង ​រង្គសាល​នានា​ពីរ​ទៅ​បី​កន្លែង​ក្នុង​មួយ​យប់​ដោយ​មាន​​ប្រាក់​ចំណូល​មិន​ដល់​១​ដុល្លារ​​នោះ​ទេ។

ប្រការ​មាន​និស្ស័យ​នឹង​សិល្បៈ​កញ្ញា ពេជ្រ សោភា បាន​ប្រឡង​ជាប់​ជា​អ្នក​ចម្រៀង​ក្នុង​ភោជនដ្ឋាន​មួយ​នៅ​ភ្នំពេញ មុន​នឹង​បោះ​ជំហាន​មក​កាន់​ផលិតកម្ម​រស្មី​ហង្ស​មាស​នៅ​ឆ្នាំ​ ​២០០៣។ ចំណូល​របស់​តារា​ចម្រៀង​រូប​នេះ​បច្ចុប្បន្ន​ធៀប​នឹង​ពេល​មុន​គឺ​ខុស​ដាច់​តែ​ម្ដង។ សព្វថ្ងៃ​ ពេជ្រ សោភា ច្រៀង​ក្នុង​កម្មវិធី​ប្រគំតន្ត្រី​នានា​គឺ​មាន​តម្លៃ​ខ្លួន​ចាប់​ពី ១២០០​ ដុល្លារ​ឡើង​ទៅ។

ក្រៅ​តែ​ពី​តារា​ ៦​ដួង​ខាង​លើ​នៅ​មាន​សិល្បករ សិល្បការិនី​ជា​ច្រើន​ទៀត​ សុទ្ធសឹងតែ​ធ្លាប់​ហែល​ឆ្លង​ជួប​ការ​លំបាក​មុន​នឹង​ពួកគេ​សាង​ភាព​ល្បី​ឈ្មោះ​មក​ដល់​បច្ចុប្បន្ន​ គ្រាន់​តែ​ការ​លំបាក​របស់​ពួកគេ​ម្នាក់​មាន​ភាព​ផ្សេងៗ​ពី​គ្នា៕​

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម