ព័ត៌មាន ជាក់លាក់បន្ថែម អំពីការបាត់យន្តហោះ AirAsia QZ8501 ព្រឹកមិញនេះ! (UPDATE)

 
 

UPDATE: ប្រភពព័ត៌មានពី Channelnewsasia បានចុះផ្សាយជាបន្តបន្ទាប់ អំពីដំណឹងថ្មីៗបន្ថែម ពាក់ព័ន្ធនឹង ករណីបាត់ការទាក់ទង ជាមួយយន្តហោះ ដឹកអ្នកដំណើរ AirAsia QZ8501 ទិសដៅ ពីឥណ្ឌូនេស៊ី ទៅកាន់ សឹង្ហបុរី។

មកដល់ម៉ោង ថ្ងៃត្រង់នេះ សេចក្តីរាយការណ៍ ពីប្រភពខាងលើ បានឲ្យដឹងថា មនុស្ស ១៦២ នាក់ បានស្ថិតនៅលើ យន្តហោះ ដោយក្នុងនោះមាន ជនជាតិសឹង្ហបុរីម្នាក់ អង់គ្លេសម្នាក់ ម៉ាឡេស៊ីម្នាក់ កូរ៉េខាងត្បូង ៣នាក់ ទារកម្នាក់ និង ផ្សេងៗទៀត សុទ្ធតែជាជនជាតិ ឥណ្ឌូនេស៊ី។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំប្រទេសឥណ្ឌូនេស៊ី បានបញ្ជាក់ឲ្យដឹងថា ជើងហោះហើរ QZ8501 ពិតជាកំពុងតែបាត់មែន។ ទើបតែម៉ោង ១១:៣០នាទី មុននេះបន្តិច ក្រុមហ៊ុនដដែលនេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់ ជាសាធារណៈ ឲ្យដឹងថា យន្តហោះ AirAsia មួយគ្រឿង ជើងហោះហើរ QZ8501 ហោះចេញពីទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី បានបាត់ការទាក់ទង ជាមួយនឹង អ្នកបញ្ជាផ្លូវអាកាស របស់ក្រុងចាកាតា កាលពីវេលាម៉ោង ៧:២៤នាទីព្រឹកមិញ ដោយយន្តហោះនេះ ត្រូវបានកំណត់ចុះចត នៅម៉ោង ៨:៣០នាទីព្រឹក ប៉ុន្តែបានបាត់ដំណឹងសូន្យឈឹងទៅវិញ។

នៅពេលនេះ សមត្ថកិច្ចរបស់ឥណ្ឌូនេស៊ី កំពុងតែ បើកប្រតិបត្តិការ ស្វែងរក និង ជួយសង្គ្រោះ ខណៈមន្ត្រីមានសមត្ថកិច្ច របស់សឹង្ហបុរី ក៏កំពុងដុតដៃដុតជើង ចូលរួមជួយ និង សហការស្វែងរក ក្នុងប្រតិបត្តិការនេះ ជាមួយ សមត្ថកិច្ចឥណ្ឌូនេស៊ី ផងដែរ។

យ៉ាងណាមិញ ក្នុងខណៈនេះ មិនទាន់មានដំណឹងណាមួយ អំពីតំរុយ របស់យន្តហោះ ដែលបានបាត់ការទាក់ទងនៅឡើយទេ។ ក្នុងនោះដែរ ក្រុមហ៊ុន AirAsia ក៏បានបើកប្រព័ន្ធ លេខទូរស័ព្ទបន្ទាន់មួយ សំរាប់ផ្តល់ជូនទៅដល់ ក្រុមគ្រួសារ សាច់ញាតិ បងប្អូន និង មិត្តភក្តិ របស់អ្នកដំណើរ នៅលើនោះ សំរាប់ទាក់ទង និង សាកសួរព័ត៌មាន ផងដែរ៕

Khmerload នឹងចុះផ្សាយ ព័ត៌មានបន្ថែម បន្តបន្ទាប់ទៀត…

ចុចអាន៖ មានតំរុយ អំពីមូលហេតុ បាត់យន្តហោះ AirAsia QZ 8501 ហើយ! (UPDATE)

ព័ត៌មានមុន៖ BREAKING NEWS: បាត់យន្តហោះ Air Asia ជើងហោះហើរ QZ8501


ប្រភព៖ ChannelNewsAsia

ដោយ សី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម