នគរបាល ខេត្ដត្បូងឃ្មុំ បង្ក្រាបមេ ចោរប្លន់ ក្រោយបាញ់ តដៃគ្នា នៅចំការដំឡូង

 
 

-នេះជាការចាប់ខ្លួន មេចោរប្លន់ អ៊ិត កក្កដា លើកទី៣

-សមត្ថកិច្ច ខេត្ដកំពង់ចាម សង្ឃឹមថា តុលាការនិងផ្ដន្ទាទោស តាមផ្លូវច្បាប់ពិត ប្រាកដ

ត្បូងឃ្មុំ ៖ មេចោរប្លន់ ដែលយក ពន្ធនាគារ ចេញចូលស្នាក់នៅ ដូចសណ្ឋាគារទៅ ហើយនោះ ត្រូវបានកម្លាំង នគរបាល មូលដ្ឋាន ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ពើបប្រទះនៅ តាមផ្លូវពេលកំពុង ធ្វើដំណើរ ហើយក៏ជិះម៉ូតូដេញ តាមបង្ក្រាបនិង ចាប់ខ្លួន រហូតមានការ បាញ់តដៃគ្នា នៅក្នុងចំការដំឡូង ទំហំមេចោរ រូបនេះ បោះចោលកាំភ្លើង ហើយព្រមប្រគល់ ខ្លួនមកឱ្យសមត្ថកិច្ច ។

មេចោរ អ៊ិត កក្កដា ហៅមាស អាយុ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ច អះអាងថា តែង តែធ្វើសកម្មភាព ប្លន់ លួចនិងឆក់ ជាច្រើនករណី ហើយត្រូវបានចាប់ ខ្លួនពីរលើករួចមក ហើយពិសេសនៅ ទឹកដីខេត្ដកំពង់ចាម រួចបញ្ជូនទៅកាន់ តុលាការ ហើយត្រូវបានកាត់ ទោសនិងឃុំខ្លួន នៅពន្ធនាគារ ។

ប៉ុន្ដែការ ឃាប់ពន្ធនាគារ មិនទាន់បានប៉ុន្មានផង ក៏មេចោររូបនេះ ចេញមកវិញ បន្ដធ្វើសកម្មភាព ហើយថ្មីៗនេះ បានឆក់កាបូបរបស់ ប្រជាពល រដ្ឋតាមដងផ្លូវ ក្នុងទឹកដី ស្រុកចំការលើ ។

មន្ដ្រីនគរបាល ស្រុកចំការលើ បានបញ្ជាក់ថា ក្រោយពីមានបទល្មើស ខាងលើនេះកើតឡើង ស្នងការនគរបាល ខេត្ដកំពង់ចាម លោក ឧត្ដមសេនីយ៍ បែន រត្ន័ បានបញ្ជាឱ្យនគរ បាលជំនាញ និងនគរបាល មូលដ្ឋានធ្វើការ ស្រាវជ្រាវ ដើម្បីតាមចាប់ជននេះ ហើយនគរបាល ខេត្ដកំពង់ចាម ក៏ទាក់ទងមកនគរបាល ខេត្ដត្បូងឃ្មុំ ដើម្បីតាមឃ្លាំមើល និងចាប់ខ្លួន មេចោររូបនេះ ។

លុះនៅវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ ខណៈដែលកម្លាំង នគរបាលមូូលដ្ឋាន ស្រុកត្បូងឃ្មុំ ជិះល្បាតលើការ ពង្រឹងសន្ដិសុខក្នុង ភូមិសាស្ដ្រនោះ ស្រាប់តែជួបជន សង្ស័យកំពុង តែជិះម៉ូតូម្នាក់ឯង នៅគីឡូម៉ែត្រ លេខ៨៧ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្ដត្បូងឃ្មុំ ពេលនោះដោយ ក្ដាប់មុខសញ្ញាបាន តាមរយៈរូប ថតកម្លាំង នគរបាល បានជិះម៉ូតូដេញតាម ស្រាប់តែជនសង្ស័យ បាញ់មកលើសមត្ថកិច្ច ៣គ្រាប់ ដើម្បីបើកផ្លូវ បន្ដគេចខ្លួន ។

អធិការនគរបាល ស្រុកត្បូងឃ្មុំ លោក សួស សៀងលី បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៤នេះថា ក្រោយពីពើប មុខសញ្ញានិងឈាន ទៅដល់ការ បាញ់ប្រហារ មកលើសមត្ថកិច្ច របស់លោកនោះ ស្នងការ នគរបាលខេត្ដ លោកឧត្ដមសេនីយ៍ ម៉ៅ ពៅ បានបញ្ជាឱ្យ ប្រើវិធានការជំនាញ និងបន្ថែម កម្លាំងចុះទៅកាន់ទីនោះ ដើម្បីតាមចាប់ឱ្យ ទាល់តែបាន ។

អធិការនគរបាល ស្រុកត្បួងឃ្មុំ បានបញ្ជាក់ទៀតថា ក្រោយពីបាញ់ ៣គ្រាប់មក លើសមត្ថកិច្ច របស់លោករួចមក ជនសង្ស័យ រូបនេះ បានបន្ដគេចខ្លួន ដោយជិះម៉ូតូចូលទៅ ក្នុងចំការដំឡូង នៅក្បែរនោះ រួចបាញ់ប្រហារ មកលើ សមត្ថកិច្ចបន្ថែមទៀត ប៉ុន្ដែមិន បណ្ដាលឱ្យរង របួសមន្ដ្រីនគរបាល ណាម្នាក់ នោះឡើយ ។

អធិការនគរបាល ស្រុកលោក សួង សៀងលី បានបញ្ជាក់ថា ក្រោយពីអស់ខ្យល់ និងមិនអាចគេចផុត ពីកណ្ដាប់ដៃ សមត្ថកិច្ច របស់លោក ជនសង្ស័យ អ៊ិត កក្កដា ដែលរស់ នៅភូមិត្រញំងថ្លុង ឃុំត្រញំងថ្លុង ស្រុកពញាក្រែក បានបោះចោលកាំភ្លើង ហើយប្រគល់ ខ្លួនមកឱ្យ សមត្ថកិច្ច ដើម្បីចាត់វិធានការទៅ តាមផ្លូវច្បាប់ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌខេត្ដត្បូងឃ្មុំ បានឱ្យដឹងថា ដោយសារតែ ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាព បទល្មើស នៅក្នុងទឹក ដីខេត្ដកំពង់ចាម លោកស្នងការខេត្ដ បានឱ្យ ប្រគល់ទៅនគរបាល ខេត្ដកំពង់ចាម ដើម្បី បញ្ជូនខ្លួនទៅ កាន់តុលាការ ចាត់ការបន្ដតាម ផ្លូវច្បាប់ ។

មន្ដ្រីនគរបាលខេត្ដ កំពង់ចាម មួយរូបបាន បញ្ជាក់ផងដែរថា ជនសង្ស័យរូបនេះ ធ្លាប់ ត្រូវបានចាប់ខ្លួន ពីរលើករួចមក ហើយនេះគឺ ជាលើកទី៣ ក្រោយពីជន សង្ស័យត្រូវបាន ដោះលែងពីពន្ធនាគារ ដែលពាក់ព័ន្ធទៅនឹង សកម្មភាពប្លន់ នាពេលកន្លងទៅ ។

មន្ដ្រីនគរបាលរូបនេះ បានបង្ហាញការរិះ គន់ចំពោះការ វិនិច្ឆ័យទោស ពីសំណាក់មន្ដ្រី តុលាការខេត្ដកំពង់ចាម ទៅលើជនសង្ស័យ មានន័យថា ប្រព្រឹត្ដល្មើសប្លន់ ប្រដាប់អាវុធ ប៉ុន្ដែសម្រេចដាក់ ពន្ធនាគារក្នុង រយៈពេលដ៏ខ្លី រួចហើយដោះ លែងមកវិញ បន្ដធ្វើសកម្ម ភាពដដែល ។

បើតាមមន្ដ្រី នគរបាលខាងលើ ពន្ធនាគារ ដូចជាសណ្ឋាគារ ទៅហើយ សម្រាប់ជន សង្ស័យរូបនេះ ចេញចូលស្រេច តែចិត្ដ ។

ដោយសារតែការ ចំណាយទាំងកម្លាំង និងថវិកា លើការតាមចាប់ខ្លួន មេចោរប្លន់រូបនេះ ជាពិសេសនោះ ជួយពង្រឹង សន្ដិសុខនិង សុវត្ថិភាពដល់ ប្រជាពលរដ្ឋ តាមមូលដ្ឋាន សមត្ថកិច្ចសូម អំពាវនាវដល់ មន្ដ្រីតុលាការ ខេត្ដកំពង់ចាម មេត្ដាដាក់ទោស វិនិច្ឆ័យតាមផ្លូវ ច្បាប់ ដោយតឹងរឹង ជាទីបំផុតលើការ ជាប់ពន្ធនាគារ ហើយសង្ឃឹមថា នឹងពុំមាន ប្រតិបត្ដិការតាម បង្ក្រាបនិងចាប់ខ្លួន លើកទី៤ នោះឡើយ ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម