តុលាការ​សម្រេច​ឃុំខ្លួន គ្រូពេទ្យ​ ប្រចាំភូមិ យ៉ែម ជ្រិន ដោយ​ចោទ​ប្រកាន់ ៣ករណី

 
 

បាត់ដំបង៖ សាលាដំបូងខេត្តបាត់ដំបង នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ បានសម្រេចឃុំខ្លួន លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំភូមិ ដែលសង្ស័យចម្លងអេដស៍ នៅឃុំរកា ជាបណ្តោះ អាសន្នហើយ ដោយចោទប្រកាន់ ចំនួន៣ករណីធំៗ ។

លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានផ្តល់ព័ត៌មានឱ្យភ្នាក់ងារ ដើមអម្ពិល ប្រចាំខេត្តបាត់ដំបង តាមរយៈសារអេឡិចត្រូនិចមួយថា តុលាការបានចោទប្រកាន់ លោក យ៉ែម ជ្រិន ៣ករណី ក្នុងនោះទី១ ប្រព្រឹត្តក្នុងចេតនា ចម្លងមេរោគអេដស៍ ទៅអ្នកដទៃ តាមមាត្រា ១៨ , ៥០នៃច្បាប់ ស្តីពីការបង្ការ និងការ ប្រយុទ្ធទប់ ស្កាត់ការរីករាលដាល មេរោគ អេដស/ជំងឺអេដស៍, ទី២ពីបទ៖ ឃាតកម្ម ដោយ អំពើ ឃោរឃៅ តាមមាត្រា២០៥ នៃក្រមព្រហ្មទណ្ឌ និងទី៣ ពីបទ៖ បើកកន្លែង ពិគ្រោះព្យាបាល ជំងឺដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។

លោក យ៉ែម ជ្រិន គ្រូពេទ្យប្រចាំឃុំរកា ដែលអ្នកភូមិចោទថា ជាអ្នកចម្លងមេរោគអេដស៍ ដល់មនុស្ស ច្រើនជាង ១០០នាក់ តាមរយៈ ការប្រើប្រាស់ម្ជុលចាក់ថ្នាំរួមគ្នា ត្រូវបានសមត្ថកិច្ចឃាត់ ខ្លួន ទុកនៅ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង អស់រយៈពេលជាង ១សប្តាហ៍ ក្នុងគោលដៅ រក្សាសុវត្ថិភាពផ្ទាល់ ខ្លួនរបស់លោក បន្ទាប់ពីលោកប្រគល់ខ្លួនឱ្យ សមត្ថកិច្ច។ គ្រូពេទ្យសំណល់ ពីសម័យសង្រ្គាមរូបនេះ ក៏ត្រូវបានសមត្ថកិច្ច បញ្ជូនទៅកាន់តុលាការកាលពីម្សិលមិញ ។

នៅចំពោះមុខព្រះរាជអាជ្ញា កាលពីម្សិលមិញ លោក យ៉ែម ជ្រិន បានសារភាពថា លោកធ្លាប់ប្រើម្ជុល តែមួយ ដើម្បីចាក់ថ្នាំឱ្យប្រជាពលរដ្ឋ នៅក្នុងឃុំរកា ដែលចម្លើយនេះ បានស្រដៀង គ្នាទៅនឹងការ ផ្តល់ចម្លើយ របស់លោក ទៅឱ្យប៉ូលិសដែរ។

សូមបញ្ជាក់ថា តាមតួលេខមួយ ដែលបង្ហាញដោយនាយកវិទ្យាស្ថានប៉ាស្ទ័រ កាលពី ចុងសប្តាហ៍ មុននេះ បានឱ្យដឹងថា មានពលរដ្ឋឃុំរកា ប្រមាណ ១៤០នាក់ ត្រូវបានពិនិត្យឃើញថា មានផ្ទុក មេរោគអេដស៍ ។ អ្នកភូមិទាំងនេះ រស់នៅភូមិរកា ភូមិអំបែងថ្ងែ និង ភូមិតាហែន១ ស្ថិតនៅក្នុង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម