“អាប៉ូយ​កូន​ឪ”​ ជា​សាច់​រឿង​ពិត​ប្អូន​របស់ ​នាយ ​ពែកមី?

 
 

ម្ចាស់​បទ “អាប៉ូយ​កូន​ឪ” នាយ ពែកមី តារា​កំប្លែង​ល្បីល្បាញ​ក្នុង​ប្រទេស​កម្ពុជា​បាន​សារភាព​​ប្រាប់​  Sabay ថា ឈ្មោះ​អាប៉ូយ​គឺជា​ប្អូន​ប្រុស​បង្កើត​របស់​​នាយ ប៉ុន្ដែ​ សាច់​រឿង​ពិត​តាម​រយៈ​បទ​ចម្រៀង​នេះ​គឺ​មិនមែន​​ជា​រឿង​ពិត​របស់​អាប៉ូយ​នោះទេ​គ្រាន់​តែ​យក​ឈ្មោះ​ប៉ូយ​មក​តំណាង​ប៉ុណ្ណោះ។

រូប​ខាង​ឆ្វេង អាប៉ូយ និង នាយ​ ពែក​មី

នាយ​ពែក​មី ដែល​ជា​កូន​ច្បង ក្នុង​ចំណោម​បងប្អូន​ ​៧ ​នាក់ ក្នុង​នោះ​ ប្រុស​ ៥ ស្រី ២ គឺ​ អាប៉ូយ​​វ័យ ២៧ ឆ្នាំ ជា​កូន​ទី ៤​ ក្នុង​គ្រួសារ មក​ពី​ខេត្ត​ស្វាយ​រៀង។ “បង​មើល​រូប​អាប៉ូយ​នៅ​ក្នុង​​ MV ឃើញ​ហើយ អាហ្នឹង​មុខ​វា​ខុស​ពី​បងប្អូន ហើយ​ឈ្មោះ និង​ ទឹក​មុខ​វា​មើល​ទៅ​ចង់​សើច​ហ្មង!”។ នេះ​ជា​ពាក្យ​ពេចន៍​ចេញ​ពី​មាត់​នាយ​ពែក​មី។

នាយ ​ពែក​មី​ បាន​និយាយ​ថា ដោយ​សារ​ឈ្មោះ​ និង ទឹក​មុខ​គួរ​ឲ្យ​ចង់​សើច​បែប​នេះ​ហើយ ទើប​អ្នក​និពន្ធ​យក​ឈ្មោះ​នេះ​មក​តំណាង​ឲ្យ​បទ​ចម្រៀង​ដើម្បី​សរសេរ​ចេញ​ជា​សាច់​រឿង​មួយ​ដើម្បី​ចូលរួម​ផ្ដល់​សារ​អប់រំ​​ពី​មនុស្ស​ម្នាក់​មិន​ចេះ​ធ្វើ​អី​​សោះ ហើយ​គិត​តែ​ពី​លេង និង​ ចង់​បាន​ប្រពន្ធ។

“អ្នក​និពន្ធ​គេ​សរសេរ​ពី​ចំណុច​អវិជ្ជមាន​រំលេច​ចេញ​មក​ ​តែ​ក្នុង​ន័យ​អប់រំ ពោល​គឺ​ អ្នក​និពន្ធ​គេ​ចេះ​បង្កប់​អក្សរសិល្បិ៍​ដើម្បី​ផ្ញើ​សារ​ថា ធ្វើ​ដូច​អាប៉ូយ​មិន​ល្អ​នោះទេ”។ នាយ​ ពែក​ មី​ បញ្ជាក់​បន្ថែម។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ​ នាយ ពែក​មី​ បាន​និយាយ​ពី​អត្តចរឹត​​ អាប៉ូយ​ ដែល​ជា​ប្អូន​បង្កើត​ខ្លួន​ឯង​ថា អាប៉ូយ​​ជាមនុស្ស​មិន​សូវ​ចេះ​និយាយ​ ហើយ​​ក៏​គ្មាន​​ទេព​កោសល្យ​ខាង​សិល្បៈ​​នោះ​ទេ។ នាយ ​ពែក​មី បាន​បញ្ជាក់​ថា ចេះ​តែ​ចង់​ឲ្យ​ប្អូន​ចូល​សិល្បៈ​​ដែរ ប៉ុន្ដែ​បើ​គ្មាន​​ទេព​កោសល្យ​នោះទេ គឺ​មិន​អាច​​ចូល​បាន​ដែរ ដែល​ផ្ទុយ​ពី​ នាយគ្រឿន និង នាយ​ក្រាន់​​ ដែល​ប្អូន​ប្រុស​ទាំង​ពីរ​នាក់នេះ មាន​ទេព​កោសល្យ​​សិល្បៈ​ពី​កំណើត​ស្រាប់​​ ដូច្នេះ​ ងាយ​នៅ​ក្នុង​​ការ​បណ្ដុះ​បណ្ដាល។

អាប៉ូយ ​ឈុត​មួយ​សម្ដែង​ក្នុង​​ MV (រូបថត​YouTube)

នាយ​ ពែក មី ដែល​ផ្ដើម​ចេញ​ពី​កម្មករ​សំណង់ កម្មករ​រោង​ចក្រ និង កង​ទ័ព​ស្ម័គ្រចិត្ត​ នៅ​មុន​ចូល​សិល្បៈ បាន​ក្លាយ​ទៅ​ជា​តារា​កំប្លែង​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​រយៈ​ពេល​ដ៏​ខ្លី ឥឡូវ​នេះ​ នាយ​ ពែក​មី បាន​ក្ដាប់​ឱកាស​ជា​តារា​ចម្រៀង​​បន្ទាប់​ពី​បាន​ចូល​ផលិត​កម្ម Town កាល​ពី​ឆ្នាំ ២០១២។

នាឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កាល​ពី​ឆ្នាំ​មុន​ នាយ​ពែកមី បាន​ដណ្ដើម​ទីផ្សារ​កប់​ពពក​ ដោយ​ស្ទើរ​គ្រប់​ទី​កន្លែង​គេ​លាន់​ឮ​បទ​ “ឲ្យ​ប្រពន្ធស៊ីសៀង​ ឲ្យ​ម្នាង​ស៊ីស៊ុប”។ បទ​ចម្រៀង​សម្រាប់​អបអរ​ចូល​ឆ្នាំ​ខ្មែរ ឆ្នាំ ២០១៤​ នេះវិញ នាយ​ពែក​មី​ នៅ​តែ​ដណ្ដើម​បាន​ទីផ្សារ​ខ្លាំង តាម​រយៈ​បទ “ខ្ញុំ​ចឹង” និង “អាប៉ូយ​កូនឪ”។

ដោយ​សារ​តែ​មាន​ការ​គាំទ្រ​ច្រើន​បែប​នេះ នាយ​ពែក​មី បាន​ប្រាប់​គេហទំព័រ Sabay ថា នាយ​នឹង​ចាប់​អាជីព​ជា​តារា​ចម្រៀង​នេះ​ឲ្យ​ជាប់ ដើម្បី​បន្ថែម​លើ​អាជីព​ចាស់​ជា​តារា​កំប្លែង។ “បើ​យើង​ចេះ​ច្រើន​យើង​សម្បូរ​ទីផ្សារ​ ច្រៀង​ក៏បាន លេង​កំប្លែង​ក៏​បាន​ តែ​ខ្ញុំ​នឹង​ព្យាយាម​រក​អ្វី​ដែល​ថ្មី​ដើម្បី​បម្រើ​អារម្មណ៍​របស់​ប្រិយ​មិត្ត​ជានិច្ច”៕

ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម