ខ្សែជីវិត​កម្សត់​នៃ ​ក្មេង​ស្រី​ ខំរៀន​ក្រោម​រទេះ​ លក់​លៀស​ហាល

 
 

ខេត្តសៀមរាប៖ ដោយសារឪពុកម្តាយ លែងលះគ្នា ក្មេងស្រីកម្សត់ម្នាក់ រស់នៅក្រោមការ បីបាច់ថែរក្សា របស់ជីដូន តាំងពីអាយុ១ខួប៨ខែ ។ នាងបានចូល រៀនសូត្រដូចគេឯងដែរ ក៏ប៉ុន្តែដោយសារបញ្ហា ជីវភាព គ្រួសារក្រលំបាកជំរុញ ឱ្យនាងតស៊ូលក់ លៀស និងឆ្លៀតខិតខំ រៀនពេលទៅ លក់លៀស ទៀតផង ។ ជីវិតគួរឱ្យចាប់អារម្មណ៍ នេះបានខ្ចរខ្ចាយ លើទំព័រហ្វេសប៊ុក ហើយកោះសន្តិភាព បានផ្សព្វផ្សាយរួច មកហើយ ។

ស្ថិតក្រោមកំដៅថ្ងៃ ក្បែររទេះលក់លៀស នៅមុខសាលាបឋមសិក្សា ហ៊ុន សែន ក្រួស កុមារី ហឹុម ពិសី អាយុ១២ឆ្នាំ ជាសិស្សរៀន ថ្នាក់ទី៤ នៅសាលាបឋម សិក្សានោះ រៀបរាប់ប្រាប់ កោះសន្តិភាពទាំង ទឹកមុខក្រៀមស្រពោន កាលពីពេល ថ្មីៗនេះថា សព្វថ្ងៃនាងរស់ នៅជាមួយ ជីដូន ។ នាងឆ្លៀតលក់ លៀសហាល ដើម្បីបានប្រាក់ជួយ សម្រាលជីវភាពគ្រួសារ និងយកលុយរៀនសូត្រផង ។ តាំងពីដឹងក្តី កាលណា មក នាងឃើញមានតែ លោកយាយម្នាក់ ជាអ្នកបីបាច់ថែរក្សា និងបានចូលរៀនដូចគេឯងដែរ ។ នាងខិតខំតស៊ូនៅ ក្នុងឆាកជីវិតរហូត អាច រស់នៅ បានដូចសព្វថ្ងៃនេះ ដោយសារលោកយាយថែទាំ ។ បើគេធ្វើដំណើរតាម ផ្លូវជាតិលេខ៦ ក្បែរសាលាបឋមសិក្សាក្រួស រួចជិះចូល ភូមិទក្សិណខាងត្បូង សង្កាត់គោកចក នឹងឃើញជម្រកជាច្រើន របស់អ្នកទីទ័លក្រ រស់នៅបណ្តោះអាសន្ន។ នៅម្តុំនោះ បើសួរ នាំនឹងបាន ស្គាល់ផ្ទះស្ត្រី មេម៉ាយឈ្មោះគង់ វណ្ណា អាយុ៥៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកណ្តាល ជាជីដូនរបស់កុមារីហ៊ឹម ពិសី។ ផ្ទះនោះសង់នៅ លើដីចំណីផ្លូវ ។

អ្នកស្រីគង់ វណ្ណា រៀបរាប់ឱ្យដឹងថា ចៅស្រី របស់គាត់ត្រូវឪពុកម្តាយ លែងលះគ្នាតាំងពី នាងអាយុ ១ខួប៨ខែ នាឆ្នាំ២០០៣ម្ល៉េះ ។ ការរស់ នៅ របស់គាត់ និងចៅស្រីមាន ការលំបាកណាស់ ប៉ុន្តែចេះតែខំ តស៊ូទាំងយាយទាំងចៅ ។ គាត់ខំប្រឹងដើម្បីចៅបានចូលរៀននឹងគេ ។

ស្ត្រី គង់ វណ្ណា រៀបរាប់ពីប្រវត្តិជីវិត របស់កុមារីហ៊ឹម ពិសី ថា «ក្រោយពីឪពុកម្តាយរបស់ នាងលែងលះគ្នា តាំងពីអាយុ១ខួប៨ខែមក ខ្ញុំជា ជីដូនខិតខំ ប្រឹងប្រែង បីបាច់ថែរក្សាចៅ រហូតបានធំដឹងក្តី ។ ខ្ញុំបាននាំ ចៅស្រីពី ស្រុកកំណើតទៅរស់ នៅក្នុងភូមិ ទក្សិណខាងត្បូង សង្កាត់ គោកចក ក្រុងសៀមរាប ដោយសុំ មេភូមិ ធ្វើផ្ទះនៅលើចំណីផ្លូវជា បណ្តោះអាសន្ន ជាមួយគេឯង គ្រាន់ឲ្យបានចៅស្រីចូលរៀនផង។

ថ្ងៃមួយខ្ញុំ បានឃើញកូនស្រី របស់ខ្ញុំដែលត្រូវជាម្តាយ របស់ពិសី ដើររើសអេតចាយ នៅកណ្តាលក្រុង សៀមរាប ក៏ហៅឱ្យមករស់ នៅជា មួយគ្នា ដល់សព្វថ្ងៃនេះ គ្រាន់បានជាគ្នាដើម្បី ជួយរកចំណូល ចិញ្ចឹមចៅស្រី ឲ្យបានរៀន តទៅមុខ ទៀតនឹងគេ» ។ អ្នកស្រីគង់ វណ្ណា បានសំណូមពរ ដល់អាជ្ញាធរ ពាក់ព័ន្ធ មេត្តាឲ្យពួកគាត់រស់នៅ លើដីចំណី ផ្លូវបានយូរអង្វែងផង ដើម្បីប្រកបរបរ លក់លៀសចិញ្ចឹមជីវិត ពិសេសចៅស្រី បានរៀន សូត្រនឹងគេ ។ លើសពីនេះ គាត់អំពាវនាវ ដល់អង្គការសប្បុរសធម៌ នានាមេត្តា ជួយ ជ្រោមជ្រែងឲ្យចៅស្រី របស់ គាត់បានរៀនសូត្រ ដល់ថ្នាក់ខ្ពស់ ដើម្បីមាន អនាគតល្អ រំដោះជីវិត រួចផុតពីភាពលំបាក តោកយ៉ាកនេះផង ៕




ក្មេងស្រីកម្សត់ និងម្តាយ

 


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម