តារា​ៗ មិនទាន់​មាន​ដៃ​គូ បង្ហើប​ប្រាប់​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់

 
 

ថ្វីបើ​តារា​ប្រុស-​ស្រី មួយ​ចំនួន​ក្នុង​ពិភព​សិល្បៈ​បាន​សម្រុក​រៀប​អាពាហ៍ពិពាហ៍ ​កាលពី​​ចុង​ឆ្នាំ ២០១៣ និង ដើម​ឆ្នាំ ២០១៤​ នេះ​ក្ដី ប៉ុន្ដែ​​ក៏​នៅ​មាន​តារា​ជាច្រើន​ដួង​​ទៀត នៅ​មិន​ទាន់​រៀប​ការ និង​ មិនទាន់​មាន​ដៃ​គូ​ស្នេហា​នៅឡើយ។ ដូច្នេះ​ហើយ​ តារា​ដែល​មិនទាន់​មាន​ដៃ​គូ​ស្នេហា​បាន​បង្ហើប​ពី​ការ​ចង់​បាន​ដៃ​គូ ​ដែល​អាច​គិត​ថា ស័ក្ដិសម​គ្នា​អស់​មួយ​ជីវិត។

ខាង​ក្រោម​នេះ គឺ​ជា​ ទស្សនៈ​របស់​តារា​ចម្រៀង និង សម្ដែង​ ៤ ដួង ដែល​នឹង​បង្ហាញ​ពី​បំណង​ប្រាថ្នា​​ចង់​បាន​មនុស្ស​​ជាទី​ស្រឡាញ់​យក​មក​ធ្វើ​ជា​គូអនាគត។

តារា​ចម្រៀង​ល្បី​មួយ​រូប​ក្នុង​ជួរ​ផលិត​កម្ម​រស្មី​ហង្ស​​មាស លោក ណុប បាយ៉ារិទ្ធ ដែល​​ធ្លាប់​បាន​បរាជ័យ​រឿង​ស្នេហា​នៅ​មុន​ពេល​ចូល​សិល្បៈ​ បាន​បង្ហើប​ប្រាប់​ Sabay កាលពីពេល​ថ្មីៗ​នេះ​ថា បន្ទាប់​ពី​ធ្លាប់​ខូច​ចិត្ត​​នឹង​រឿង​ស្នេហា លោក​នៅ​មិនទាន់​ខ្វាយខ្វល់​ពី​រឿង​ហ្នឹង​ម្ដង​ទៀត​​នៅឡើយ​ទេ​ ប៉ុន្តែ​ អ្វី​ដែល​ជា​កង្វល់​នោះ គឺ​កំពុង​សម្រុក​ស្វែង​រក​ប្រាក់​ពី​សិល្បៈ។ បើ​ទោះបីជា​មិនទាន់​គិតគូ​​រឿង​ស្នេហា ប៉ុន្តែ ជីវិត​គូ​អនាគត​ត្រូវ​តែ​មាន។

“បើ​ខ្ញុំ​ចង់​បាន​គូស្រករ​គឺ​នារី​ ដែល​ខ្ញុំ​ស្រឡាញ់​ គឺ​ស្អាត សុភាពរាបសារ មាន​ចំណេះ​ជំនាញ​ និង ស្រឡាញ់​ក្រុម​គ្រួសារ​របស់​ខ្ញុំ ហើយ​ខ្ញុំ​ស្រឡាញ់​គ្រួសារ​របស់​គាត់ ជាពិសេស​ គឺ​មាន​ការ​យោគយល់​គ្នា​ទៅវិញ​ទៅមក”។ នេះ​ជា​ការ​លើក​ឡើង​របស់ ​លោក​ ណុប បាយ៉ារិទ្ធ។

ងាក​ទៅ​មើល​តារា​សម្ដែង​ពូកែ​បង្ហូរ​ទឹក​ភ្នែក កញ្ញា នី មុន្នីនាថ វិញ គឺ​កញ្ញា បាន​និយាយ​ដែរ​ថា នាង​នៅ​មិនទាន់​មាន​ស្នេហា​នៅ​ឡើយ​ទេ​រហូត​មក​ទល់​នឹង​ពេល​នេះ។ ប៉ុន្តែ​បុរស​ ដែល​នាង​ចង់​បាន​ជា​ដៃគូ​ជីវិត​ គឺ​បុរស​ម្នាក់​ដែល​ស្រឡាញ់​នាង​ដោយ​ស្មោះ គោរព​ និង ឲ្យ​តម្លៃ​គ្នា​ទៅវិញ​ទៅមក។

“ខ្ញុំ​គិតថា នារី​ណា​ក៏ដោយ​ គឺ​ចង់​បាន​សេចក្ដី​ស្មោះ​ត្រង់​ពី​បុរស​ ហើយ​បុរស​ ដែល​សក្ដិសម​នឹង​ខ្ញុំ​ គឺ​ខ្ញុំ​ចង់​បាន​បុរស​ដែល​មាន​អាយុ​ប្រហាក់​ប្រហែល​នឹង​គ្នា”។ នេះ​ជា​ការ​លើកឡើង​របស់​ កញ្ញា នី មុន្នីនាថ ដែល​បច្ចុប្បន្ន​ មាន​វ័យ​ ២៣ ឆ្នាំ។

លោក ​ប៉ែន ចំរុង ពិធីករ និង ជា​តារា​សម្ដែង​ល្បី​មួយ​រូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ ជា​ម្ចាស់​ពាន​ពីរ​តែឯង ​ពី​កម្មវិធី​អាណាចក្រ​តារា ឆ្នាំ​២០១៣​ បាន​បង្ហើប​ប្រាប់​ពី​ការ​ចង់​បាន​ដៃ​គូ​អនាគត​ថា៖ “ស្អាត ឆ្លាត និង មាន​មុខ​របរ​ត្រឹម​ត្រូវ​ គឺ​ជា​នារី​ដែល​ខ្ញុំ​ចង់​បាន”។

លោក ​ចំរ៉ុង បាន​បញ្ជាក់​បន្ថែម​ថា មិន​ថា​នារី​ក្នុង​ពិភព​សិល្បៈ ឬ​ អ្នក​ជំនួញ​នោះ​ទេ ឲ្យ​តែ​គេ​ជា​មនុស្ស​ស្លូត​ត្រង់​ និង​ស្រឡាញ់​គ្នា​ទៅវិញ​ទៅ​មក​ គឺ លោក​អាច​យក​មក​ធ្វើ​ជា​គូ​អនាគត​ រហូត​ដល់​ចាស់​កោង​ខ្នង។ លោក​ប៉ែន ចំរ៉ុង បាន​និយាយ​ដោយ​មិន​អល់អែក​ថា លោក​កំពុង​សម្លឹង​មើល​នារី​ណា​ម្នាក់​មក​ធ្វើ​ជា​ដៃ​គូ ប៉ុន្តែ​ រហូត​មក​ទល់​នឹង​ពេល​នេះ នៅ​មិនទាន់​រក​ឃើញ​នៅ​ឡើយ​ទេ។​

ប្រិយមិត្ត​ទាំង​អស់​គ្នា ចាំ​អ៊ុត​មើល​ណា​ តើ​នរណា​ជា​ដៃ​គូ​ជីវិត​របស់​ លោក​ ប៉ែន​ ចំរ៉ុង?


កញ្ញា ​សាន សុម៉ាលី តារា​សម្ដែង​ស្រី​ សិចស៊ី រុំរឹត​ដោយ​ព័ត៌មាន​ថា នាង​មាន​ប្រុស​តាម​ស្រឡាញ់​ច្រើន​ក្ដី​ ក៏​នាង​អះអាង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ នាង​នៅ​មិនទាន់​មាន​គូ​ពិត​ប្រាកដ​នៅ​ឡើយ។ ដូច្នេះ​ហើយ​នាង​បារម្ភ​ពី​ការ​អត់​ប្ដី ខណៈ​នាង​ចូល​វ័យ​ក្បែរ ​៣០ ​ទៅ​ហើយ​។

តារា​សម្ដែង Sexy ដែល​និយម​បញ្ចេញ​ដើម​ទ្រូង​រូប​នេះ បាន​បញ្ជាក់​ថា៖ “ខ្ញុំ​មិន​រើស​ប្ដី​នោះ​ទេ ឲ្យ​តែ​បុរស​ដែល​មាន​ភាព​ស្មោះ​ត្រង់​ សមត្ថភាព និង​មាន​ការ​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​គ្រួសារ​​ គឺ​គ្រប់គ្រាន់​ហើយ​​សម្រាប់​ខ្ញុំ​”។

កាល​ពី​ចុង​ឆ្នាំ ២០១៣ និង ដើម​ឆ្នាំ ២០១៤ តារា​ប្រុស​ស្រី​បាន​សម្រុក​រៀប​ការ​ច្រើន​ ក្នុង​នោះ​ រួមមាន​ អ្នក​នាង​ គង់ សុជាតិ ជាមួយ​ លោក ​ជា វិបុល, អ្នក​នាង​ សារ៉ាយ សក្ខិណា ជាមួយ​ លោក មេធាវី កែវ ប៊ុនមេត្រី ជា​អាណិក​ជន​រស់​នៅ​សហរដ្ឋ​អាមេរិក, អ្នក​នាង គីម លីហ្សា ជាមួយ​បុរស​អ្នក​ជំនួញ​ជា​អាណិកជន​ខ្មែរ​អូស្ត្រាលី លោក គីវ វុឌ្ឍី ហៅ​ស្តេវិន, អ្នក​នាង អឿន ដាលីស និង ​ស្វាមី​ លោក ភីតធ័ត និង អ្នក​នាង អេនជី និង​ ស្វាមី ​លោក Nathan Bracker៕

​ប្រភព  Sabay

 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម