អគ្គិភ័យឆាបឆេះរោងចក្រ ប៉ាក់ឌិន ក្រណាត់ ក្នុងសង្កាត់ព្រែកប្រា សង្ស័យឆ្លងចរន្តអគ្គិសនី

 
 

រាជធានីភ្នំពេញ ៖ រោងចក្រប៉ាក់ឌិនក្រណាត់ មួយកន្លែង ដែលមានទីតាំង ស្ថិតនៅតាមបណ្តោយ ផ្លូវលេខ៣៦៩ ( ផ្លូវព្រែកប្រា ) ស្ថិតក្នុងភូមិ អូរអណ្តូងទី១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវអគ្គិភ័យឆាបឆេះ ខូចខាតសម្ភារ អស់មួយចំនួន កាលពីវេលា ម៉ោង២រសៀល ថ្ងៃទី០៧ ធ្នូ ២០១៤ ដែលហេតុុការណ៍នេះ ត្រូវគេសង្ស័យថា បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញ ពីកន្លែងដាក់ កំទេចក្រណាត់ ដោយមិនដឹងថា ផ្សែងអ្វីពិតប្រាកដនោះទេ។ ឃើញដូចនេះ កម្មករដែលនៅក្នុងរោងចក្រ ក៏នាំគ្នាដើរមើល លុះប្រមាណជា ១នាទីក្រោយមក ស្រាប់តែអណ្តាតភ្លើង ឆាបឆេះឡើង ចេញពីកន្លែងដាក់ កំទេចក្រណាត់ខាងលើ ទើបធ្វើឱ្យកម្មករ ក៏ដូចជាអ្នកដែលនៅ ក្នុងរោងចក្រទាំងអស់ ស្រែកឆោឡោឡើង ប្រាប់ថាមានអគ្គិភ័យ បង្កឱ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង នាំគ្នាយកបំពង់ ពន្លត់អគ្គិភ័យ ក៏ដូចដងទឹកជះ ទៅលើអណ្តាតភ្លើង ដែលកំពុងឆាបឆេះ ប៉ុន្តែមិនមាន ប្រសិទ្ធភាពនោះទេ ។

ភ្លាមៗនោះដែរ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជារថយន្ត ពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចំនួន៤គ្រឿង បានទៅដល់ កន្លែងកើតហេតុ ប៉ុន្តែបាញ់ទឹក ពន្លត់អណ្តាតភ្លើង ឱ្យរលត់សូន្យសុងទៅវិញ អស់តែ២គ្រឿងប៉ុណ្ណោះ ព្រោះទំហំនៃការឆាបឆេះ មិនទាន់មានការ រាលដាលធំដុំនៅឡើយ។

សូមបញ្ជាក់ថា រយៈពេលនៃការឆាបឆេះ ទីតាំងរោចក្រ គឺប្រមាណតែ ២០នាទីប៉ុណ្ណោះ ដោយសារមាន ការអន្តរាគមន៍ បាញ់ទឹកពន្លត់អណ្តាតភ្លើង ទាន់ពេលវេលា ពីសំណាក់រថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការក្រុង ។ ចំពោះការឆាបឆេះ ខាងលើនេះដែរ សមត្ថកិច្ចសន្និដ្ឋាន ជំហានដំបូងថា អាចផ្តើមចេញពីការ ឆ្លងចរន្តអគ្គិសនី ។ នេះសំណាងហើយ ដែលមានការជួយពន្លត់ ទាន់ពេលវេលា បើពុំដូច្នោះទេ មិនដឹងថា នឹងមានឆាបឆេះ រាលដាលខ្លាំង យ៉ាងណានោះទេ ព្រោះទីតាំងខាងលើ ជាកន្លែងផ្ទុកពេញ ទៅដោយក្រណាត់ ងាយស្រួលក្នុងការ ឆាបឆេះបំផុត ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម