ភរិយាទី១ និងសាច់ញាតិ ៣នាក់ ទៀត របស់ឧកញ៉ា ថោង សារ៉ាត់ កំពុងរត់គេចខ្លួន

 
 

ភ្នំពេញ៖ អំពើបាបកើត ចេញពីបាត់ដៃប្រលាក់ឈាម ដ៏ឃោរឃៅរបស់ ឧកញ៉ា ថោង សារ៉ាត់ បាននិង កំពុង ធ្វើឲ្យសាច់ញាតិ បងប្អូន រស់ទាំងភិតភ័យប្រលឹងចុងសក់ និងកំពុងនាំគ្នារត់គេច ខ្លួនជាបន្ត បន្ទាប់។

មន្រ្តីជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានទម្លាយប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើម អម្ពិល នៅព្រឹក ថ្ងៃអាទិត្យ ទី០៧ ខែធ្នូ ឆ្នាំ២០១៤នេះថា អ្នកស្រី ឌួង ថាវរី ជាភរិយាទី១ របស់ឧកញ៉ា ថោង សារ៉ាត់ ហើយក៏ជា អ្នកមានឥទ្ធិពលចាត់ចែង ក្នុងកិច្ចការងារ រកស៊ី ផងនោះ បាននិងកំពុង រត់គេច ខ្លួន។ ក្រៅពីភរិយាទី១ សាច់ញាតិ៣ នាក់ផ្សេងទៀត របស់ឧកញ៉ា ថោង សារ៉ាត់ ក៏កំពុង តែរត់គេច ខ្លួនផងដែរ។ សាច់ញាតិទាំង៣នាក់នោះរួមមាន៖ ឈ្មោះ តាំង សុខ, សុខ ខេង និង សុខ ឡាយ។

ប្រភពពីមន្រ្តីនគរបាលដដែល បានបន្តឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មិនទាន់ដីកាពីសាលាដំបូង ដើម្បី តាមចាប់ជនទាំង ៤នាក់ខាងលើននោះទេ។ សមត្ថកិច្ច ក៏មិនទាន់ដឹងថា តើពួកគេទាំង៤នាក់ មានជាប់ ពាក់ព័ន្ធ និងអំពើឃាតកម្មបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ឬយ៉ាងណានោះដែរ?

តែមន្រ្តីនគរបាលបានបញ្ជាក់ថា ប្រសិនបើមានដីកាពីតុលាការ នោះកម្លាំងនគរបាលជំនាញ នឹងបើកការ ស៊ើបអង្កេត និងតាមស្វែងរក ចាប់ជនទាំង៤នាក់ មកសាកសួរផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កាលពីរាត្រីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅមុខហាងលក់ផ្លែឈើ នៅជិតពហុកីឡដា្ឋនជាតិអូឡាំពិក រហូតមកដល់ថ្ងៃទី០៧ ខែធ្នូ នេះ មានរយៈពេល ១៥ ថ្ងៃហើយ។ រយៈពេល១៥ថ្ងៃនេះ អង្គរក្ស ៤នាក់រ បស់ឧកញ៉ា ថោង សារ៉ាត់ មេខ្លោង ឃាតកម្មវ័យក្មេងមុខស្រស់ ត្រូវបានតុលាការ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោមបទចោទ ប្រកាន់ ពីបទឃាតកម្មគិតទុកជាមុន និងបទ សមគំនិតរួមគ្នាប្រព្រឹត្តឃាតកម្ម។

ដោយឡែក ភរិយាទី២ ឈ្មោះ ទាវ ធីតា អាយុ ២៣ឆ្នាំ និងលោក ថោង បូណា ប្អូនប្រុសបង្កើតរបស់ឧកញ៉ា ថោង សារ៉ាត់ ត្រូវបាន តុលាការដោះលែងឲ្យមានសេរីភាពវិញហើយ ក្រោយពីពិនិត្យឃើញថា មិនមាន ជាប់ពាក់ព័ន្ធនិង អំពើឃាតកម្មនោះឡើយ។ រីឯលោក ថោង ចំរើន និងអ្នកស្រី កែវ សារី ជាឪពុកម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ តុលាការកំពុងតែសាកសួរ។ ជនទាំងពីរនាក់នេះ អាចជាប់ចោទ ពីបទ លាក់ទុក អាវុធដោយខុសច្បាប់។

ទោះជាយ៉ាងមេខ្លោងធំនៅពីក្រោយឃាតកម្មដ៏កក្រើកប្រទេសកម្ពុជា នាចុងឆ្នាំ២០១៤ គឺឧកញ៉ា ថោង សារ៉ាត់ មិនទាន់មានការឃាត់ ខ្លួន នៅឡើយនោះទេ។ គ្រាមានព័ត៌មានជាច្រើនលាតត្រដាងថា កំពុងលាក់ខ្លួននៅ ប្រទេសវៀតណាម។

មេនគរបាលជាតិ លោកផ្កាយមាស៤ នេត សាវឿន បានថ្លែងបញ្ជាក់ថា កម្លាំងជំនាញរបស់លោក កំពុងតាមចាប់ ខ្លួនឧក្រិដ្ឋជនរូបនេះ។ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏រំពឹងផង ដែរថា មេឧក្រិដ្ឋជន រូបនេះ អាចនឹងចាប់ខ្លួន បានក្នុងពេលឆាប់ៗខាងមុខនេះ។

ទោះមេនគរបាលជាតិអះអាងយ៉ាងនេះក្តី តែមានមហាជនជាច្រើន បានសម្តែងទស្សនៈឧក្រិដ្ឋជន ថោង សារ៉ាត់ អាចនឹងមិនឃាត់ ខ្លួន នោះទេ ព្រោះឧក្រិដ្ឋជនរូបនេះ ក៏មានភាពស្និទ្ធស្នាលជាមួយមន្រ្តីជាន់ខ្ពស់ នៃរដ្ឋាភិបាល វៀតណាមផងដែរ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម