សមត្ថកិច្ច៖ ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងសម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ

 
 

- សមត្ថកិច្ចឃាត់ខ្លួនឪពុក-ម្តាយឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ

- ម៉ោងធ្វើឃាត និងម៉ោងតាមចាប់មេក្លោង ស្ថិតក្នុងចន្លោះម៉ោងជាង ៧ដូចគ្នា

- អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក សាទរចំណាត់ការរបស់លោកស្នងការ ជួន សុវណ្ណ និងទទួចចាប់ឲ្យបានឧកញ៉ាជាមេក្លោង

ភ្នំពេញ៖ ឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ កណ្តាលរាជធានីភ្នំពេញ ត្រូវបានបំបែកហើយបន្ទាប់ពីសមត្ថ កិច្ចបើកការស៊ើបអង្កេតរយៈពេល១១ថ្ងៃក្រោយការបាញ់ប្រហារ ជនសង្ស័យជាមេក្លោង គឺឧកញ៉ា ថោង សារ៉ាត់ ម្ចាស់បុរី៩៩៩។

ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលថា នៅវេលាម៉ោង ៧យប់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងសមត្ថកិច្ច ដឹកនាំដោយព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ សៀង សុខ កំពុងឡោមព័ទ្ធចាប់ ឧកញ៉ាវ័យក្មេង ថោង សារ៉ាត់ នៅភូមិគ្រឹះក្នុងបុរី៩៩៩ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

គ្រាដែលសមត្ថកិច្ចកំពុងប្រតិបត្តិការតាមចាប់ឧកញ៉ា ថោង សារ៉ាត់ ជាមេក្លោងនោះ ជនពាក់ព័ន្ធចំនួន៤នាក់ ជា អង្គរក្សឧកញ៉ាវ័យក្មេង ពោរពេញដោយរឿងអាស្រូវ និងក្អេងក្អាងក្នុងរបរជំនួញរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រួចហើយ។ អង្គរក្សទាំង៤រូបនោះរួមមាន៖ ទី១. ឈ្មោះ មាស សម្បត្ដិ ទី២. ឈ្មោះសៀង វាសនា ទី៣. ឈ្មោះ កូន ចាន់ថុល និងទី៤. ឈ្មោះ លី សៅ។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ដែលកំពុងបញ្ជាដោយផ្ទាល់នោះ បានថ្លែងថា កម្លាំងសមត្ថកិច្ចកំពុង ចូលឆែកឆេះនៅក្នុងភូមិគ្រឹះ តែមិនទាន់ចាប់បានឧកញ៉ា ជាមេក្លោង នៃការបាញ់ប្រហារកណ្តាលរាជធានីភ្នំពេញ នៅឡើយទេ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា រហូតដល់ម៉ោង ៨ និង១៣នាទីយប់ថ្ងៃដដែលនេះ សមត្ថកិច្ចបានឃាត់ខ្លួនឪពុក-ម្តាយ របស់ឧកញ៉ា ថោង សារ៉ាត់ ខណៈលោកឧកញ៉ា បានរត់គេចខ្លួនបាត់ហើយ។ ឪពុករបស់លោកឧកញ៉ា ថោង សារ៉ាត់ មានឈ្មោះ តាំង សុខ ហៅថោង ចំរើន អាយុ ៦៥ឆ្នាំ រីឯម្តាយមានឈ្មោះ កែវ សារី អាយុ៥៥ឆ្នាំ ជាមន្រ្តីក្រសួងការពារជាតិ។

គ្រាសមត្ថកិច្ចកំពុងញាប់ដៃញាប់ជើងក្នុងការឆែកឆេរចាប់ជនសង្ស័យជាមេក្លោងនោះ ប្រជាពលរដ្ឋខ្មែរលើបណ្តាញសង្គមហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជុំវិញការបំបែកសំណុំរឿងឃាតកម្មមួយនេះ ក្នុងរយៈពេលត្រឹមតែ ១១ថ្ងៃ និងបានកោតសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃ និងជំនាញបច្ចេកទេសស្រាវស្រាវរបស់សមត្ថកិច្ច។ ក្រុមអ្នកលេងហ្វេសប៊ុក ក៏បានទទូច និងបួងសួងឲ្យចាប់បានជនសង្ស័យជាមេក្លោងមកវិនិច្ឆ័យទោសផងដែរ។

ជាការកត់សម្គាល់ប្រតិបត្តិការតាមចាប់ខ្លួនឧកញ៉ា ថោង សារ៉ាត់ ដែលជាប់សង្ស័យជាមេក្លោងនៅពីក្រោយឃាតកម្មបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ បានធ្វើឡើងភ្លាមៗ ពោលរយៈពេលប្រហែលជា ២-៣ម៉ោងប៉ុណ្ណោះ បន្ទាប់ពីឪពុក-ម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ បានហៅអ្នកព័ត៌មានជាច្រើនស្ថាប័ន ទៅធ្វើសន្និសីទព័ត៌មានលាងសម្អាតកេរ្តិ៍ឈ្មោះលោកឧកញ៉ា និងអង្គរក្សថា មិនមានជាប់ពាក់ព័ន្ធនឹងឃាតកម្ម។ ក្នុងសន្និសីទព័ត៌មានេះ អ្នកស្រី កែវ សារី ជាម្តាយឧកញ៉ា ថោង សារ៉ាត់ បានគំរាមប្តឹងបកទៅសមត្ថកិច្ចថែមទៀតផង ដែលបានចាប់លោកឧកញ៉ា និង អង្គរក្ស។

សូមបញ្ជាក់ថា លោកឧកញ៉ា អ៊ឹង ម៉េង ថៅកែស៊ីម៉ង់តិ៍ពេជ្រ និងជាម្ចាស់ហាងពេជ្រហុងកុង ត្រូវបានឃាតកបាញ់ សម្លាប់មិនប្រណីដៃ បណ្តាលឲ្យដេកដួលស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងជាង ៧យប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៤ ពេលលោកចុះទិញផ្លែឈើនៅជិតស្តាតអូឡាំពិក ក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន៕

ចុចអានបន្ត៖ កាម៉ារ៉ា ក្នុងរថយន្តឡិចស៊ីស ៥៧០ របស់លោក ឧកញ៉ា អឹុង ម៉េងជឺ បង្ហាញពី មុខមាត់ពិតប្រាកដ របស់ជនសង្ស័យ


ឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចបញ្ជាក់ថា ជាមេក្លោង


ជនសង្ស័យជាឃាតក បាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ មិនប្រណៃដៃ


ជនសង្ស័យជាអ្នកឌុប ជនដៃដល់ ពេលធ្វើសកម្មភាពបាញ់សម្លាប់ឧកញ៉ា អ៊ឺង ម៉េងជឺ



ឪពុក-ម្តាយ លោកឧកញ៉ា ថោង សារ៉ាត់ ដែលសមត្ថកិច្ចឃាត់ខ្លួនជំនួសកូន


សកម្មភាពសមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ឧកញ៉ា ថោង សារ៉ាត់

ចុចអានបន្ត៖ កាម៉ារ៉ា ក្នុងរថយន្តឡិចស៊ីស ៥៧០ របស់លោក ឧកញ៉ា អឹុង ម៉េងជឺ បង្ហាញពី មុខមាត់ពិតប្រាកដ របស់ជនសង្ស័យ


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម