សភា កំពុងអនុម័ត ច្បាប់ចរាចរណ៍ ផ្លូវគោក
ភ្នំពេញ៖ រដ្ឋសភាជាតិ ដែលដឹកនាំដោយ សម្តេចពញាចក្រី ហេង សំរិន នៅព្រឹក ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ បាននិងកំពុង ប្រជុំពិភាក្សាអំពី សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុងគោលបំណង ធ្វើឲ្យចរាចរផ្លូវគោក នៅកម្ពុជា បានល្អប្រសើរ ជាពិសេសរំពឹងថា ច្បាប់ថ្មីនឹងជួយ កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ ដែលកំពុង មានអត្រាខ្ពស់។
យោងតាមសេចក្តី ប្រកាសព័ត៌មាន របស់រដ្ឋសភាជាតិ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក មាន ១២ ជំពូក និង ៩២មាត្រា ហើយច្បាប់នេះ នឹងប្រជុំអនុម័ត នៅព្រឹកថ្ងៃចន្ទនេះ ក្នុងគោលបំណង ធានាសុវត្ថិភាព សណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវគោក ធានាការពារ សុខភាព និងអាយុជីវិត មនុស្សសត្វ និងទ្រព្យសម្បត្តិ សាធារណៈជាដើម។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ ក៏ដើម្បី ផ្តល់ការយល់ដឹង អំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់ការ ប្រព្រឹត្តបទល្មើស ចរាចរណ៍ផ្លូវគោក ផងដែរ។
បើតាមសេចក្តី ព្រាងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ បានកំណត់ពីការ ដាក់ទោសលើ អ្នកល្មើសធ្ងន់ធ្ងរ ជាងមុន ក្នុងបំណងដើម្បី កាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់ ជីវិតប្រជាពលរដ្ឋ កម្ពុជា ជាមធ្យម ចំនួន ៥ទៅ៦នាក់ ក្នុងមួយថ្ងៃ នាពេលបច្ចុប្បន្ន ភាពនេះ។ តែយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ថ្មីនេះក៏ មានការដាក់ ទោសចំពោះ មន្រ្តីនគរបាលណា ដែលធ្វើការផាក ពិន័យដល់ម្ចាស់ យានយន្ត ដោយខុសច្បាប់ផងដែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោក ដែលបានទៅ ដល់រដ្ឋសភា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៤ បន្ទាប់ពី គណៈរដ្ឋមន្ត្រី បានឯកភាព ក្នុងសម័យប្រជុំពេញអង្គ កាលពី ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានចំណុចសំខាន់ៗ ខុសពីច្បាប់ចាស់ ដូចជាម៉ូតូអាចផ្ទុក មនុស្សពីរនាក់ និងអាចបន្ថែម បានកុមារមួយ នាក់ទៀត តែអ្នកទាំងបី នោះត្រូវតែពាក់ មួកសុវត្ថិភាព ឲ្យបានត្រឹមត្រូវ។
សេចក្តីព្រៀងច្បាប់ បានបង្ហាញទៀតថា ជនណាដែល បើកបរយានយន្ត ដោយគ្មានបណ្ណបើកបរ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជា ប្រាក់ពី ១សែនរៀល ទៅ៨សែនរៀល ។ ជនណា បើកបរយានយន្ត មិនព្រមបញ្ឈប់ យានយន្តតាមការ បញ្ជារបស់មន្ត្រី នគរបាលចរាចរណ៍ ផ្លូវគោក ដើម្បីធ្វើតេស្តពិនិត្យ ជាតិអាល់កុល ឬសារធាតុ គ្រឿងញៀន ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជា ប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។ ចំណែកជនណា បើកបរយានយន្ត នៅពេលដែលខ្លួន ស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិ អាល់កុល ចាប់ពី ០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី១ ខែ ទៅ ៦ខែ និងពិន័យជា ប្រាក់ពី ៨សែនរៀល ទៅ ៤លានរៀល ផងដែរ។
សម្រាប់ជនណា ដែលរារាំង ឬប្រើប្រាស់ មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គ ដល់ចរាចរណ៍ សាធារណៈ ត្រូវ ផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជា ប្រាក់ពី ៨សែនរៀល ទៅ៨លានរៀល ហើយបុគ្គលណា ដែលមានរំលោភ លើរាងកាយ របស់មន្ត្រីអនុវត្ត ច្បាប់ចរាចរណ៍ ផ្លូវគោក ដែលកំពុងបំពេញភារកិច្ច ត្រូវផ្តន្ទាទោស តាមក្រមព្រហ្មទណ្ឌ ជាធរមាន។
សេចក្តីព្រាងច្បាប់ ដដែលបានបន្តថា ជនណាបើកបរ បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១៥លានរៀល ឬក៏អាច លើសហ្នឹង។ ហើយជនណា បើកបរ បណ្តាលឲ្យ អ្នកដទៃស្លាប់ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ២៥ លានរៀល ចំពោះជនដែល បើកបរនោះមិនមាន ប័ណ្ណបើកបរ។
សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៣ កន្លងទៅ មានជនរងគ្រោះចំនួន ១៦.២២៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១.៩៥០ នាក់ និងរបួសធ្ងន់ ៥៦៧១ នាក់។ ហើយគ្រោះថ្នាក់ ចរាចរណ៍ បណ្តាលឲ្យ មានអ្នកស្លាប់ ច្រើនជាង ៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ។ ៦៩% នៃអ្នកស្លាប់សរុប គឺជាអ្នកជិះម៉ូតូ ហើយមិនពាក់ មួកសុវត្ថិភាព។
សម្រាប់គ្រោះថ្នាក់ ចរាចរណ៍ក្នុងឆ្នាំ ២០១៤នេះ មានការឡើងខ្លាំង បើធៀបកាល ពីឆ្នាំ២០១៣ កន្លងទៅ ហើយអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ ក្នុងរយៈពេលជិត ១១ ខែ នៅឆ្នាំ២០១៤នេះ បានកើនដល់ជាង ២.០០០នាក់៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!