ប្តីប្រពន្ធ មួយគូ មានអាយុ សរុបចំណាស់ បំផុតដល់ ទៅជាង ២ សតវត្ស ធ្វើពិធី ខួបកំណើត រួមគ្នា

 
 

អង់គ្លេស៖ ប្តីប្រពន្ធ ជនជាតិ ដើមឥណ្ឌា មួយគូ ដែលត្រូវគេ ចាត់ទុកថា ជាគូស្នេហ៍ ដែលរៀបការហើយរស់នៅ ជាមួយគ្នា បានយូរជាងគេ បំផុត នៅលើលោក ពេលនេះ ពួកគាត់បាន ធ្វើប្រារព្ធធ្វើពិធី ខួបកំណើត រួមគ្នាមួយ ដែលអាយុ ពួកគាត់ទាំង២ សរុបចូលគ្នាមាន ចំនួន ២១១ ឆ្នាំ។

ក្នុងពិធីខួប កំណើតនេះដែរ បុរសជាប្តី មានឈ្មោះ Karam Chand ឈានចូលអាយុ ១០៩ ឆ្នាំ ខណៈស្ត្រី ជាប្រពន្ធ ឈ្មោះ Kartari ឈានចូលអាយុ ១០២ ឆ្នាំ។ ពួកគាត់ទាំង២ ប្រារព្ធ ពិធីខួបកំណើតនេះ ជាមួយក្រុមគ្រួសារ ទាំង៤ ជំនាន់ នៅឯគេហដ្ឋាន របស់ ពួកគាត់ នៅឯទីក្រុង Bradford ចក្រភពអង់គ្លេស។

ចំណងស្នេហ៍ របស់ប្តី ប្រពន្ធ ដ៏ចំណាស់ទាំង២ គិតមកទល់ នឹងពេលនេះ គឺមានអាយុ ប្រមាណ ៨៨ ឆ្នាំ ៣៤៩ ថ្ងៃហើយ បើគិតតាំងពី ពួកគាត់ ទាំង២ រៀបការជាមួយគ្នា ក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ១៩២៥ មក។ អាពាហ៍ពិពាហ៍របស់ ពួកគាត់ គឺធ្វើនៅ ឆ្នាំដំណាលគ្នា ជាមួយនឹង ឆ្នាំនៃ ការកាន់តំណែង របស់ នាយករដ្ឋមន្ត្រី អង់គ្លេស លោក Stanley Baldwin ដែលឆ្នាំនោះដែរ ក៏ជាឆ្នាំ កំណើតរបស់ អតីត នាយករដ្ឋមន្ត្រី អង់គ្លេស លោកស្រី Margaret Thatcher ផងដែរ។

លោកយាយ Kartari បានបកស្រាយខ្លះៗ ពីគន្លឹះ នៃការរស់នៅបានយូរអង្វែង របស់ពួកគាត់ទាំង២ ថា ពួកគាត់ ចូលចិត្តញ៉ាំតែ អាហារណាដែល មានសារ ប្រយោជន៍ ដល់សុខភាព មានដូចជា ប័រ ទឹកដោះគោ និង ទឹកដោះគោជូរ គឺសុទ្ធសឹងតែ អាហារសំណព្វចិត្ត របស់ពួកគាត់។ លោក Paul កូនប្រុសម្នាក់ ក្នុងចំណោម កូនទាំង ៨នាក់ របស់ពួកគាត់បាន ប្រាប់ឲ្យដឹងថា មនុស្សម្នា ជាច្រើន តែងតែ តាមសួរគាត់ ពីអាថិ៍កំបាំង ដែលនាំឲ្យ ម្តាយឪពុក របស់គាត់ អាយុវែង តែគាត់បានប្រាប់ អ្នកទាំងនោះថា ម្តាយឪពុកគាត់គ្មាន អាថិ៍កំបាំងអ្វីនោះទេ គឺពួកគាត់ ទទួលទាន អាហារទូទៅ ដូចតែសមាជិក ដទៃទៀត នៅក្នុងគ្រួសារដែរ៕



ប្រភព៖ បរទេស

ដោយ៖ Roth

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម