អុញ…តារា​ចម្រៀង វ៉ាន់ នីឡា ស្រាប់​តែ​ប្រាថ្នា​អាជីព​ពិធីការិនី​ទូរទស្សន៍​ទៅ​វិញ

 
 

អាច​ថា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ខណៈ​កញ្ញវ៉ាន់ នីឡា ដែល​កំពុង​ក្តោប​អាជីព​ចម្រៀង​ជ្រក​ក្រោម​ផលិតកម្ម ភ្លេង​រីខត​នោះ ប្រាប់​ថា តាម​ពិត​នាង​កំពុង​ប្រាថ្នា​អាជីព​ពិធីការិនី​ទូរទស្សន៍​មួយ​បន្ថែម​ទៀត។

“អាជីព​មួយ​នេះ គឺ​ជា​អាជីព​ដែល​នាង​ខ្ញុំ​ស្រឡាញ់​ចូល​ចិត្ត​តាំង​ពី​ដំបូង គឺ​តាំង​មុន​ចូល​សិល្បៈ​ទៅ​ទៀត​ហ្ន៎!” នេះ​ជា​ការ​បញ្ជាក់​របស់​កញ្ញា វ៉ាន់ នីឡា ខណៈ​បច្ចុប្បន្ន​កញ្ញា កំពុង​នៅ​ក្នុង​អាជីព​ជា​តារា​ចម្រៀង​នៅ​ឡើយ។ វ៉ាន់ នីឡា បន្ថែម​ថា អាជីព​បច្ចុប្បន្ន ក៏​នាង​ស្រឡាញ់​ចូល​ចិត្ត​ដែរ ប៉ុន្តែ​ស្ថិត​នៅ​លំដាប់​ទី​២ បើ​ធៀប​នឹង​អាជីព​ជា​ពិធីការិនី។

អាជីព​ពិធីការិនី ជា​អាជីព​មួយ​ដែល​ទាម​ទារ​ឲ្យ​មាន​ចំណេះ​ដឹង​ទូលំ​ទូលាយ ហើយ​បុគ្គល​នៅ​តួ​នាទី​នេះ គួរ​ជា​មនុស្ស​ដែល​មាន​វោហារ​សព្ទ និង​មាន​ភាព​ឈ្លាស​វៃ ឆាប់​យល់​ស្ថានការណ៍ បត់​បែន​បាន​លឿន។ ថ្លែង​ដោយ​មាន​ជំនឿ​ជឿជាក់​លើ​ខ្លួន​ឯង តារា​ចម្រៀង​ផលិតកម្ម ភ្លេង​រីខត រូប​នេះ ប្រាប់​ថា​នាង​អាច​ធ្វើ​បាន ព្រោះ​នាង​ចូល​ចិត្ត​និយាយ ចូល​ចិត្ត​ការ​អាន ម្យ៉ាង​នាង​តែង​តែ​សង្កេត​មើល ឬ​ក៏​ហៅ​ថា​រៀន​តាម​ពិធីករ ពិធីការិនី​អាជីព​មួយ​ចំនួន​ទៀត​ផង។

ដោយ​សារ​តែ​បែប​នេះ​ហើយ កញ្ញា អះអាង​ថា មក​ដល់​សព្វ​ថ្ងៃ បើ​ទោះ​នាង​ជ្រុល​ចាប់​អាជីព​ចម្រៀង​មុន​ទៅ​ហើយ​ក្តី ប៉ុន្តែ​កញ្ញា​នៅ​តែ​ស្រមៃ ចង់​ចាប់​អាជីព​មួយ​នេះ​ដដែល អីចឹង​ហើយ​ប្រសិន​បើ​ទៅ​ថ្ងៃ​មុខ ឱកាស​ហុច​ឲ្យ​ពេល​ណា កញ្ញា និង​ចាប់​យក​ភ្លាម។ យ៉ាង​ណា ដើម្បី​សម្រេច​បំណង​ប្រាថ្នា​នេះ កញ្ញា បញ្ជាក់ ក៏​ត្រូវ​មើល​ការ​ឆ្លង​ផលិតកម្ម ភ្លេង​រីខត ដែល​កញ្ញា កំពុង​ច្រៀង​ផង​ដែរ។

កញ្ញា វ៉ាន់ នីឡា បាន​ចូល​ប្រឡូក​សិល្បៈ​ប្រមាណ​ជា ១​ឆ្នាំ​មក​ហើយ ដោយ​ផលិតកម្ម​ខាង​លើ គឺ​ជា​កន្លែង​ដំបូង​សម្រាប់​ជំហាន​ចូល​សិល្បៈ​របស់​កញ្ញា។ កញ្ញា ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ប្អូន​ស្រី​របស់​លោក សុខ ជំនោរ អ្នក​និពន្ធ​ទំនុក​ច្រៀង​របស់​ផលិតកម្ម​ហង្សមាស។ ទំនាក់​ទំនង​មួយ​នេះ​ហើយ ដែល​នាំ​ឲ្យ​គេ​និយាយ​ថា វ៉ាន់ នីឡា អាច​ចូល​ផលិតកម្ម ភ្លេង​រីខត ​បាន ព្រោះ​មាន​តែ​ខ្សែ។

កញ្ញា វ៉ាន់ នីឡា និង​លោក ម៉ុង ម៉ានិត ពេល​ចូល​រួម​សន្និសីទ​សារព័ត៌មាន​នៅ​សណ្ឋាគារ​ភូគីត្រា​កន្លង​មក

វ៉ាន់ នីឡា បាន​ច្រាន​ចោល​លើ​បញ្ហា​នេះ ពោល​គឺ​កញ្ញា ចូល​ដោយ​យោង​លើ​សមត្ថភាព​របស់​នាង​សុទ្ធ​សាធ ក្នុង​នោះ កញ្ញា បញ្ជាក់​ថា បើ​ទោះ​មាន​លោក សុខ ជំនោរ ជា​បង​ពិត​មែន ប៉ុន្តែ​ចូល​ក្នុង​ផលិតកម្ម​មួយ​នេះ កញ្ញា ដាក់​ពាក្យ​ប្រឡង ធ្វើ​តេស្ដ​សំឡេង ឆ្លង​កាត់​ដាក់​ពិន្ទុ​ពី​ណា​គណៈកម្មការ​បី​បួន​នាក់​ឯណោះ៕

ប្រភព  Sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម