ចោរ​បាញ់​ប្លន់​ស្ត្រី​អ្នក​លក់​មាស​ពេល​ចេញ​ពី​ផ្សារ​តាំង​គោក​ទៅ​ផ្ទះ​ ចោរ​រត់​ចោល​ម៉ូតូ​

 
 

ខេត្តកំពង់ធំ ៖ ចោរ២នាក់ បានធ្វើសកម្មភាព ប្លន់បាញ់ស្ត្រី អាជីវករ លក់មាសប្តូរប្រាក់ នៅស្រុកបារាយណ៍ ចំភ្លៅ២គ្រាប់ បណ្តាលឱ្យ រងរបួសធ្ងន់ និងគេចខ្លួន ដោយសុវត្ថិភាព កាលពីល្ងាច ថ្ងៃទី២១ វិច្ឆិកា ។ លោកវរសេនីយ៍ត្រី ស្រី ចាន់ស៊ីណា អធិការរង នគរបាលស្រុក បារាយណ៍ ទទួលផែនយុត្តិធម៌ បានឱ្យដឹងថា យោងតាម ការរៀបរាប់ របស់ប្រជាពលរដ្ឋថា ពួកចោរ ដែលធ្វើសកម្មភាព បាញ់ប្លន់ មានគ្នា២នាក់ ជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាក លេខ 1B-4522 ។ មិនដឹងថា ពួកចោរនេះ តាមឃ្លាំមើល សកម្មភាព ជនរងគ្រោះ តាំងពីពេលណាមកទេ ។

នៅវេលាម៉ោង៥ និង២០នាទីល្ងាច ថ្ងៃទី២១ វិច្ឆិកា ពេលស្ត្រីអាជីវករ ឈ្មោះ ហែម សៀកនន់ អាយុ៤៧ឆ្នាំ ជាអាជីវករ លក់មាស និងប្តូរប្រាក់ នៅក្នុងផ្សារ តាំងគោក ប្តីឈ្មោះ ម៉ម មករា អាយុ៥៣ឆ្នាំ រស់នៅភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ បានរៀបចំ អីវ៉ាន់រួចរាល់ ក៏ឱ្យក្មួយប្រុស បង្កើតរបស់ប្តី ឈ្មោះ ម៉ម តូនី ហៅ តូ ឌុបម៉ូតូ វិលត្រទ្បប់ ទៅកាន់លំនៅឋាន ដូចសព្វដង ។ ពេលចេញពីផ្សារ បានប្រហែល ជាង២០០ម៉ែត្រ ជិតដល់ផ្ទះទៅហើយ ក៏លេចមុខ ជន២នាក់ ជិះម៉ូតូសេ១២៥ ប្រដាប់ដោយ កាំភ្លើងខ្លី២ដើម ម៉ាកកា៥៩ ធ្វើសកម្មភាពភ្ជង់ប្លន់ ។

ក្រុមចោរប្លន់ បានបាញ់ទៅលើ ស្ត្រីឈ្មោះ ហែម សៀកនន់ ចំនួន២គ្រាប់ ចំភ្លៅទាំងសងខាង បណ្តាលឱ្យ ដួលដេក នៅក្នុងថ្លុកឈាម ហើយជនសង្ស័យ ក៏ដណ្តើមយក ស្បោងដាក់មាស និងលុយ ទាំងអស់ គេចខ្លួន ទៅទិសខាងលិច បាត់ស្រមោល ។ រីឯស្ត្រីរងគ្រោះ ត្រូវបានសាច់ញាតិ បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត ឯរាជធានីភ្នំពេញ ។

ពាក់ព័ន្ទនឹងករណី ប្លន់ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្ត មានប្រសាសន៍ថា បន្ទាប់ពីទទួលបាន ព័ត៌មាននេះ លោកបានបញ្ជា ឱ្យកម្លាំងនគរបាលខេត្ត ស្រុក កម្លាំងប៉ុស្តិ៍ សហការជាមួយ កម្លាំងសឹករងស្រុក និងកម្លាំង កងរាជអាវុធហត្ថ សរុបចំនួន ប្រហែល៦០នាក់ ដេញតាម ធ្វើឱ្យចោរ មានការភិតភ័យ ក៏ផ្តួលម៉ូតូចោល លើផ្លូវ រួចរត់ ចូលព្រៃ ។

បន្ទាប់មក កងកម្លាំង បានទ្បោមព័ទ្ធព្រៃ អស់ជាច្រើនម៉ោង រហូតមកដល់ ថ្ងៃទី២២ វិច្ឆិកា គ្រាន់តែបាន ពន្លឺបន្តិចបន្តួចប៉ុណ្ណោះ តែមិនបានដឹង ពីស្រមោលចោរ ទាំង២នាក់ នៅទីណាទេ ។ ចំពោះទ្រព្យសម្បត្តិ បាត់បង់រួមមាន លុយ១៦លានរៀល និង៧០០០បាត (លុយថៃ) មាស៧ជី ទូរស័ព្ទ១គ្រឿង ប្លាទីន និងគ្រឿង ប្រាក់ជ្រលក់ ជាង៣គីទ្បូក្រាម សរុបគិតជា ទឹកប្រាក់ ប្រហែល ជាង៦ម៉ឺនដុល្លារ ។

មតិរបស់ប្រជាពលរដ្ឋ ជាពិសេស អាជីវករលក់មាស និយាយថា ពួកគាត់មានការ ព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះករណីប្លន់ ដែលបាន កើតទ្បើង ដ៏សាហាវបែបនេះ ។ ករណីចោរប្លន់នេះ បានស្ងប់ស្ងាត់ អស់មួយរយៈ ពេលវែង មកហើយ ក្នុងទឹកដី ស្រុកបារាយណ៍ ។ ការកម្រើកទ្បើងវិញ គួរឱ្យព្រួយបារម្ភនេះ ក្រុមអាជីវករ បានសំណូមពរ ដល់អាជ្ញាធរ ស្រុក-ខេត្ត មេត្តាជួយ ចាត់វិធានការ ដើម្បីសុវត្ថិភាព របស់ពួកគាត់ ជាពិសេស ករណីអំពើ ចោរលួច ឆក់ ប្លន់ នេះវាធ្វើឱ្យ ជះឥទ្ធិពល យ៉ាងខ្លាំង ដល់គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ព្រោះពួកគាត់ ខិតខំតស៊ូ លំបាកស្ទើរតែ មួយជីវិត ទម្រាំតែបានប៉ុណ្ណេះ ផ្ទុយទៅវិញ តែ១ប៉ប្រិចភ្នែក ក៏ត្រូវចោរ យកអស់គ្មានសល់ ។

ពួកគាត់និយាយថា ជួនពេលខ្លះ គឺអស់ទាំង អាយុជីវិត ទៀតផងក៏មាន បើ១ថ្ងៃៗ ឮតែចោរលួច ចោរប្លន់ យ៉ាងដូច្នេះនោះ ធ្វើឱ្យពួកគាត់ មានការភ័យខ្លាច ខ្លាំងណាស់ ។ មានការសន្និដ្ឋានថា ប្រហែលជា មានខ្មោចក្នុងឱ្យដៃ ទើបបានជា ខ្មោចក្រៅ ក្តាប់បានមុខសញ្ញា ធ្វើសកម្មភាព ប្លន់ដោយសុវត្ថិភាព បែបនេះ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម