{Update} ចាប់ជនដៃដល់ ពីរនាក់ វាយប្លន់ សម្លាប់ ជនរងគ្រោះ យកម៉ូតូ នៅចំការប្រេងខ្យល់

 
 

បន្ទាយមានជ័យ ៖ ឈាមស្រែក ស្បែកហៅ កុកភ្លេចជុង តែជុងមិនភ្លេចកុក ទីបំផុត ជនដៃដល់ដែល បានវាយសម្លាប់ យុវជនម្នាក់ ប្លន់យកម៉ូតូ ហើយសព ទៅទម្លាក់ចោល នៅក្នុងចំការប្រេងខ្យល់ ដែលបណ្ដាលឱ្យ មានការភ្ញាក់ផ្អើល កាលពីយប់ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិ គីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ នោះ ឥឡូវត្រូវបានចាប់ ខ្លួនពីសំណាក់កម្លាំង នគរបាលស្រុកម៉ាឡៃ នគរបាលក្រុងប៉ោយប៉ែត ក្រោយពីពួកគេ ទាំងពីរនាក់ បានរត់គេចខ្លួន អស់រយៈពេល ៤-៥ថ្ងៃមកនេះ ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានចាប់ ខ្លួននៅព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ព្រមទាំងដកហូត ម៉ូតូមួយគ្រឿង ដែលជា របស់ជនរងគ្រោះ ក្រោយពីជន សង្ស័យទាំង ពីរនាក់ បានលួងលោមនិង វាយសម្លាប់ ដើម្បីប្លន់កាលពី យប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

សូមបញ្ជាក់ថា សពជនរងគ្រោះ សោម ដែន អាយុ២១ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំ ទួលពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញ ដេកស្លាប់ផ្កាប់មុខ កាលពីវេលាម៉ោង ៧និង១០នាទី ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុង គុម្ពស្មៅ ប្រឡាយទឹក នៃចំការប្រេងខ្យល់ ក្រោយភោជនីយដ្ឋាន នាគទិព្វ២ ភូមិគីឡូម៉ែត្រ លេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។

ក្រោយពេលប្រទះ ឃើញសពជនរងគ្រោះ រួចមក មិនទាន់មានការ បញ្ជាក់ពីមូលហេតុ នៃការសម្លាប់ឱ្យ ពិតប្រាកដនោះទេ លុះ ពេលនគរបាលជំនាញ បើកការស្រាវជ្រាវ យ៉ាងយកចិត្ដទុកដាក់ ហើយឈានទៅដល់ ការចាប់ខ្លួន ជនសង្ស័យ ទាំងពីរនាក់រួចមក ទើបដឹងថា ជាករណីវាយសម្លាប់ ប្លន់យក ម៉ូតូពីមិត្ដភក្ដិ របស់ខ្លួន ។

ជុំវិញអំពើឃាតកម្ម សម្លាប់ប្លន់យកម៉ូតូ ខាងលើនេះ អធិការនគរបាល ស្រុកម៉ាឡៃ លោកវរសេនីយ៍ត្រី សៅ ប៊ុន បានបញ្ជាក់ថា ជនសង្ស័យទាំងពីរនាក់ ម្នាក់ឈ្មោះ ឡាំ វាសនា អាយុ២៣ឆ្នាំ និងម្នាក់ឈ្មោះ សុន ចិត្ដ អាយុ២៥ឆ្នាំ ដែលពួកគេ ទាំងពីរនាក់ រស់នៅ ក្នុងភូមិឃុំជាមួយ ជនរងគ្រោះ ។

អធិការនគរបាលរូបនេះ បានបញ្ជាក់ទៀតថា ក្រោយពីមានករណី ប្រទះឃើញ សពជនរងគ្រោះ ត្រូវគេសម្លាប់រួចមក ស្នងការនគរ បាលខេត្ដ បន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានបញ្ជាឱ្យ នគរបាលជំនាញ ព្រហ្មទណ្ឌ និងនគរបាលមូលដ្ឋាន បើកការ ស្រាវជ្រាវ ដើម្បីតាមចាប់ ជនដៃដល់យក មកផ្ដន្ទាទោស តាមផ្លូវច្បាប់។

លោកសៅ ប៊ុន បានបន្ដថា នគរបាល ជំនាញព្រហ្មទណ្ឌ របស់លោកបាន សហការជាមួយ នគរបាល ជំនាញព្រហ្មទណ្ឌ ក្រុងប៉ោយប៉ែត បើកប្រតិបត្ដិការ ស៊ើបអង្កេតលើករណីនេះ ហើយឈានទៅ ដល់ការចាប់ខ្លួន ជនសង្ស័យទាំងពីរនាក់ ព្រមទាំងដកហូតម៉ូតូ របស់ជនរង គ្រោះមកវិញ ដែលជនសង្ស័យ បានយកទៅលាក់ទុក នៅក្នុងចំការ ប្រេងខ្យល់ ជិតផ្លូវ៥០២ ឆ្ងាយពីផ្លូវធំ ប្រវែង៦០ម៉ែត្រ ក្នុងភូមិទួលពង្រ ។

ក្រោយពីឃាត់ខ្លួន និងសួរនាំជនសង្ស័យ ទាំងពីរនាក់រួចមក អធិការនគរបាលស្រុក ម៉ាឡៃ លោក សៅ ប៊ុន បាន បញ្ជាក់ពីដំណើរ រឿងថា កាលពីវេលាម៉ោង ប្រមាណ៧យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ជនសង្ស័យ ទាំងពីរនាក់ និងជនរងគ្រោះ ដែលជាមិត្ដភក្ដិ និងគ្នា បានអង្គុយផឹកស្រា នៅផ្ទះជនសង្ស័យ ឡាំ វាសនា ។

បន្ទាប់ពីផឹកស្រារួច ជនរងគ្រោះ បានត្រឡប់ទៅផ្ទះវិញ ពេលនោះ ជនសង្ស័យ ឡាំ វាសនា បានទូរស័ព្ទ ទៅអុំរបស់ខ្លួន នៅប៉ោយប៉ែតថា “អ៊ីម៉ូតូ០១៤ យកអត់” ។

ក្រោយពីនិយាយ ទូរស័ព្ទរួច ជនសង្ស័យ ឡាំ វាសនា និង សុន ចិត្ដ បានបបួលជនរងគ្រោះ ជិះម៉ូតូទៅក្រុង ប៉ោយប៉ែត លុះពេលធ្វើ ដំណើរទៅដល់ ឈ្មោះ ឡាំ វាសនា បានប្រាប់ឱ្យចូល កន្លែងមួយ នៅក្រោមដើមយូខា ក្បែរស្រែ ពេល នោះជនសង្ស័យបាន ប្រាប់ទៅជនរងគ្រោះ និងបក្ខពួករបស់ ខ្លួនធ្វើកន្ទោង ដើម្បីជក់ថ្នាំ ។

ខណៈដែលជនរងគ្រោះ កំពុងធ្វើកន្ទោងនោះ ស្រាប់តែជនសង្ស័យ ឡាំ វាសនា និង សុន ចិត្ដ បានយកអាវរបស់ខ្លួន មកមួលក និងរឹតកជនរងគ្រោះ រហូតដល់ស្លាប់ រួចហើយយកសព ទៅទម្លាក់ទឹកក្បែរនោះ។

អធិការនគរបាល ស្រុកម៉ាឡៃ បានបញ្ជាក់ ទៀតថា ក្រោយពីសម្លាប់ ជនរងគ្រោះរួចមក ជនសង្ស័យ ទាំងពីរនាក់ បានយកម៉ូតូរបស់ ជនរងគ្រោះជិះ ដើរលក់ តែលក់មិនដាច់ក៏នាំ គ្នាទៅស្រុកម៉ាឡៃវិញ ហើយយកម៉ូតូទៅ ទុកចោល នៅក្នុងចំការ ប្រេងខ្យល់ រហូតត្រូវ បានចាប់ខ្លួនតែម្ដងទៅ ។

បច្ចុប្បន្នជនសង្ស័យ ទាំងពីរនាក់ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាន នគរបាលស្រុកម៉ាឡៃ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការបន្ដ តាមផ្លូវច្បាប់ ៕

អត្ថបទចាស់៖ សពបុរសម្នាក់ដែលគេប្រទះ ឃើញក្នុងចំការប្រេងខ្យល់ សាច់ញាតិចេញ មកអះអាងថា ជាករណី ប្លន់សម្លាប់

អធិការ នគរបាល ស្រុកម៉ាឡៃ លោក សៅ ប៊ុន នាំជនសង្ស័យ ទៅបង្ហាញម៉ូតូ ទៅលាក់ទុក









អធិការ នគរបាល ស្រុកម៉ាឡៃ លោក សៅ ប៊ុន នាំជនសង្ស័យ ទៅបង្ហាញម៉ូតូទៅលាក់ទុក

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម