អង្កររបស់កម្ពុជា ជាប់ជា អង្ករល្អបំផុត របស់ពិភពលោក ៣ ឆ្នាំ តៗគ្នា!

 
 

ភ្នំពេញ៖ អង្ករផ្ការំដួល របស់ប្រទេសកម្ពុជា ទីបំផុតបានជាប់ជា អង្ករល្អបំផុត របស់ពិភពលោកហើយ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងទៅនេះ នៅក្នុងវេទិកា ប្រកួតប្រជែង រសជាតិអង្ករ ពិភពលោក ដែលរៀបចំឡើងនៅ រាជធានីភ្នំពេញ ដោយស្ថានប័ន «បណ្តាញអ្នកជំនួញអង្ករ» ហៅជាភាសាបរទេសថា Rice Trader ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក។

បើតាមប្រធាន និង ជាអគ្គនាយក ស្ថាប័នខាងលើ លោក Jeremy Zwinger បានឲ្យដឹងថា ការប្រកួតប្រជែងនេះ គឺមានការចូលរួម ពីអង្ករចំនួន ២៥ ប្រភេទ ដែលមកពី បណ្តាប្រទេស ដូចជា កម្ពុជា, ថៃ, វៀតណាម, ឥណ្ឌា, មីយ៉ាន់ម៉ា និង សហរដ្ឋអាមេរិក។ លោកបានបន្តទៀតថា ដោយផ្អែកទៅលើ រូបរាងខាងក្រៅ និង រសជាតិរបស់អង្ករនោះ អង្កររបស់កម្ពុជា និងថៃ ត្រូវបានជ្រើសរើស ជាប់ជាអង្ករល្អបំផុត របស់ពិភពលោក។

«នេះជាឆ្នាំទីបីតៗគ្នាហើយ ដែលអង្ករផ្ការំដួល របស់យើង អាចជាប់ជា អង្ករល្អបំផុត របស់ពិភពលោក។ វាអាចជា មោទនភាពមួយ សម្រាប់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងពី គុណភាពខ្ពស់ និងរសជាតិឆ្ងាញ់ របស់អង្ករកម្ពុជា។ ខ្ញុំសង្ឃឹមថា ពានរង្វាន់នេះ នឹងអាចជម្រុញកេរ្តិ៍ឈ្មោះ របស់អង្ករខ្មែរ ឲ្យល្បីល្បាញនៅលើឆាក អន្តរជាតិ»។ នេះបើតាមសម្តី របស់លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា។

គួរបញ្ជាក់ផងដែរថា បើគិតពីដើមឆ្នាំ ២០១៤ មកដល់ពេលនេះ ដែលមានរយៈពេល សរុបទាំងអស់ ១០ ខែនោះ កម្ពុជាបាននាំចេញ អង្ករ សរុប ៣០៤ ៧៨៨ តោន ដែលរកបាន ប្រាក់ចំណូល សរុបប្រមាណជា ១៨០ លានដុល្លារ សហរដ្ឋអាមេរិក៕

[លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធ ស្រូវអង្ករកម្ពុជា ទទួលពានរង្វាន់]

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម