[Update] ជុំវិញ​ព័ត៌​មាន​ឆេះ​ក្លិប​រាត្រី​ស្លាប់​៥​នាក់​ បាន​រក​ឃើញ​មូល​ហេតុ​

 
 

ខេត្តសៀមរាប ៖ សមត្ថកិច្ច នគរបាលខេត្ត អះអាងថា ការស៊ើបអង្កេត បានរកឃើញ ពីមូលហេតុ នៃការឆេះ ក្លិបរាត្រីហ៊ីបហប់ ហើយ គឺបណ្តាលមកពី ទុស្សេចរន្តអគ្គិសនី ដែលបណ្តាល ឱ្យមនុស្ស ស្លាប់៥នាក់ ព្រមទាំងខូចខាត គិតជាទឹកប្រាក់ ប្រមាណ៣០ម៉ឺន ដុល្លារអាមេរិក ។ ការអះអាងនេះ ត្រូវបានធ្វើឡើង កាលពីព្រឹក ថ្ងៃទី១៩ វិច្ឆិកា ក្នុងប្រតិបត្តិការ ស៊ើបអង្កេតរួមគ្នា មួយរវាង នគរបាល និងមន្ត្រី អង្គភាពអគ្គិសនី ខេត្ត ទៅលើទីតាំង ក្លិបរាត្រី នៅគ្រាដែល មហាជន នៅក្នុងខេត្ត នៅតែបន្ត ដាក់មន្ទិល សង្ស័យអំពី តួលេខ អ្នកឆេះស្លាប់ថា អាចមានចំនួន លើសពី៥នាក់ ។

ការសង្ស័យព្រោះ ពួកគេសម្គាល់ ឃើញម៉ូតូ និងរថយន្តខ្លះ ចតចោល នៅក្នុងបរិវេណ ក្លិបនោះ មិនឃើញ ម្ចាស់មកយក ។ ជាមួយគ្នានេះ គេឃើញមាន រថយន្តដឹកសំរាម បើកចេញ ពីបរិវេណក្លិប ដែលបិទទ្វាររបង យ៉ាងជិត ដែលគេគិតថា ជាការដឹកសព ជម្លៀសចេញស្ងាត់ៗ ។

ស្នងការរងនគរបាល ខេត្តសៀមរាប លោកវរសេនីយ៍ឯក ផង សាគុណ ទទួលបន្ទុក ព្រហ្មទណ្ឌ ដែលបានដឹកនាំ កម្លាំងចុះស៊ើបអង្កេត បរិវេណ ដែលឆេះ បានប្រាប់ក្រុម អ្នកកាសែតថា ឆ្លងតាម លទ្ធផល នៃការស៊ើបអង្កេត បានបង្ហាញថា មូលហេតុពិត ដែលនាំឱ្យ កើតមាន ឧបទ្ទវហេតុ ឆេះក្លិបរាត្រីនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនី នៅផ្នែកខាងលើ នៃអគារក្លិបនេះ ។

លោក បន្ថែមថា ក្រោយពីកើតហេតុការណ៍ ដ៏អាក្រក់នេះមក មានព័ត៌មាន ជាច្រើន បានលេចចេញ ដោយអ្នកខ្លះ សង្ស័យថា មានអ្នកស្លាប់ ច្រើនជាងគេឃើញ អ្នកខ្លះថា មានសពមនុស្ស អណ្តែតទឹក ស្ទឹងជាដើម តែតាមពិត ចំនួនជនរងគ្រោះ ដែលស្លាប់ ពុំមានអ្វី ប្រែប្រួលទេ គឺ៥នាក់ (ស្រី៣នាក់) ។ លោកថា ក្នុងចំណោម ៥នាក់នេះ មានជនបរទេសម្នាក់ ។ រីឯអ្នករបួស មាន២នាក់ កំពុងព្យាបាល នៅមន្ទីរពេទ្យ ។

គួររំឭកថា ក្លិបរាត្រី ហ៊ីបហប់ ដែលមានថៅកែ ជាបងឈ្មោះ លី កងវង និងប្អូនឈ្មោះ លី កងស្រ៊ុន មានទីតាំងស្ថិត នៅខាងជើង ទល់មុខ វត្តរាជដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក កណ្តាល ក្រុងសៀមរាប ធ្លាប់មានរឿង ចម្រូងចម្រាស ជាមួយព្រះសង្ឃ គង់នៅវត្តក្បែរនោះ ជុំវិញការបញ្ចេញ សំឡេងរំខាន និងត្រូវបាន អគ្គិភ័យ វាយប្រហារ យ៉ាងចាស់ដៃ កាលពីវេលា ម៉ោង២ និង៤៥នាទី រំលងអធ្រាត្រ ឈានចូល ថ្ងៃទី១៨ វិច្ឆិកា កន្លងទៅ ដោយបានឆក់យក ជីវិតមនុស្ស ប្រុស-ស្រី ចំនួន៥នាក់ ។ ដោយសារតែ ហេតុការណ៍នេះ កើតឡើង ដោយកម្រ និងគួរឱ្យ សោកសង្រេងនោះ ប្រជាពលរដ្ឋ ទាំងទីជិតទីឆ្ងាយ តែងនាំគ្នា ចោមរោមមើល កន្លែងកើតហេតុ ឥតដាច់ មិនថាយប់ ឬថ្ងៃទេ ។ ក្នុងការចោមរោមមើល ពីក្រៅរបង ដែលបិទជិតនោះ អ្នកខ្លះសង្កេត ឃើញមាន ម៉ូតូ រថយន្ត ជាច្រើនគ្រឿង បានចតចោល នៅទីនោះ ហើយអ្នកខ្លះទៀត បានអះអាងថា មានរថយន្ត ដឹកសំរាម២គ្រឿង បានចូលទៅដឹក សំរាមចេញពី បរិវេណក្លិប ។

សកម្មភាពទាំងនេះ បានបង្កើតជាមន្ទិល យ៉ាងផុសផុល មួយថា អ្នកស្លាប់ អាចមានចំនួន ច្រើនជាង៥ នាក់ ហើយសាកសព ត្រូវបានដឹកចេញ ទាំងយប់ក៏ថាបាន និងអ្នកខ្លះទៀត បានដាក់ការសង្ស័យ ថាក្លិបអាចមាន ជាន់ក្រោមដីទៀត ។ ឆ្លើយតបទៅនឹង មន្ទិលទាំងនោះ លោក ផង សាគុណ បានបក ស្រាយថា រហូតមកទល់ ពេលនេះ តួលេខអ្នកស្លាប់ គ្មានអ្វីប្រែប្រួលទេ ហើយក៏គ្មាន ជាន់ក្រោមដី អ្វីដែរ ព្រោះលោកបាន ហៅមន្ត្រីសុរិយោដី ចុះមកពិនិត្យ រួចហើយដែរ។

ចំណែកម៉ូតូរថយន្ត ដែលចតចោល នៅក្នុងបរិវេណក្លិបនេះ ពុំមែនជារបស់ ជនរងគ្រោះទេ តែជារបស់ កម្លាំងសមត្ថកិច្ច ដែលត្រូវបានបញ្ជូន មកយាមបរិវេណ កើតហេតុតែប៉ុណ្ណោះ ។

លោកបានបញ្ជាក់ថា រហូតមកទល់ ពេលនេះ សមត្ថកិច្ច បានស្គាល់អត្តសញ្ញាណ អ្នកស្លាប់អស់ហើយ ក្នុងនោះក្រុមគ្រួសារ ចំនួន៣នាក់ បានមកដាក់ពាក្យ បណ្តឹងនៅសមត្ថកិច្ច រួចហើយដែរ ដោយបាន ទារសំណង ម្នាក់ៗចាប់ពី៣ពាន់ ទៅ៤ពាន់ដុល្លារ អាមេរិក ។

អត្តសញ្ញាណ ជនរងគ្រោះ ដែលស្លាប់គឺ ៖

១- ឈ្មោះ Tom Aricketson ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអូស្ត្រាលី ។
២- ឈ្មោះ ព្រំ ភិរុណ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ជាអ្នកបើកបររថយន្ត ដឹកគ្រឿងសំណង់ ។
៣- ឈ្មោះ ចេង សាវឿន ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិតាថុល សង្កាត់ស្វាយដង្គំ ។
៤- ឈ្មោះ ជា ស្រីនី ភេទស្រី អាយុ៣៣ឆ្នាំ ជានារីបម្រើខារ៉ាអូខេ CNN ស្នាក់នៅភូមិស្រង៉ែ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ។
៥- ឈ្មោះ សឿន សាវូន ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ និងកន្លែងស្នាក់ នៅមិនពិតប្រាកដ ។

ដោយឡែក អ្នករងរបួស ចំនួនពីរនាក់ ផ្សេងទៀត ម្នាក់ ឈ្មោះ អាត សារ៉ាត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប និងម្នាក់ទៀត ឈ្មោះ យ៉ាត ស្រីម៉ៅ ភេទស្រី អាយុ ៣៣ឆ្នាំ មុខរបរ នារីខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ  ។

ទោះជាយ៉ាងណា ករណីនេះ មិនអាចដោះស្រាយ ត្រឹមដំណាក់កាល មន្ត្រីនគរបាល យុត្តិធម៌បានទេ រឿងនេះត្រូវបាន បញ្ជូនសំណុំរឿង ទៅតុលាការ ដើម្បីដោះស្រាយ តាមផ្លូវច្បាប់ ។ អភិបាលក្រុង សៀមរាប ស្ដីទីលោក សូរ ប្លាតុង បានប្រាប់ កោះសន្តិភាព នៅព្រឹកថ្ងៃ១៨ វិច្ឆិកា ថា ករណីនេះ សមត្ថកិច្ចកំពុងតែ បើកការស៊ើបអង្កេត ដើម្បីរកអ្នក ទទួលខុសត្រូវ ដោយជំហានដំបូង ឃើញថា អគារក្លិបរាត្រីនេះ សាងសង់ ពុំមាន បទដ្ឋានស្តង់ដា សុវត្ថិភាពទេ គឺច្រកចេញចូល មានលក្ខណៈ តូចចង្អៀត និងគ្មានច្រក អគ្គិភ័យ សម្រាប់ជម្លៀស មនុស្សចេញ នៅពេលគ្រោះ អគ្គិភ័យ នោះទេ ។

ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប លោក កើត សុវណ្ណារ៉េត នៅព្រឹកថ្ងៃទី១៨ នេះមិនអាចពន្យល់ ផ្នែកច្បាប់បាន នៅឡើយទេ ពាក់ព័ន្ធនឹងឧបទ្ទវហេតុ ឆេះក្លិបរាត្រី ខាងលើ ដោយលោកប្រាប់ថា លោកនៅមិនទាន់ ទទួលបានសំណុំរឿង នៅឡើយ ។ លោកថា ដូច្នេះនៅមិនទាន់ ដឹងពីអង្គហេតុ និងចំណាត់ការ បន្តបែបណា នៅឡើយទេ ។

ចំណែកចៅក្រម សាលាដំបូង ខេត្តសៀមរាប ម្នាក់ទៀតថ្លែងថា ករណីនេះ ម្ចាស់ក្លិប ត្រូវតែទទួល ខុសត្រូវ ផ្នែកសំណង រដ្ឋប្បវេណី សម្រាប់ជនរងគ្រោះ ហើយបើសិនជា ការស៊ើបអង្កេត រកឃើញ ពីការធ្វេសប្រហែស បង្កឱ្យមាន គ្រោះថ្នាក់ ទាំងអ្នកគ្រប់គ្រង ទាំងថៅកែក្លិប នឹងត្រូវប្រឈម នឹងទោសព្រហ្មទណ្ឌ បន្ថែមទៀត ពីបទសម្លាប់មនុស្ស ដោយអចេតនា ដែលមានចែង ក្នុងក្រមព្រហ្មទណ្ឌ ។

សូមបញ្ជាក់ថា នេះជាលើកទី២ ហើយ សម្រាប់ប្រវត្តិសាស្ត្រ ក្រុងទេសចរណ៍ សៀមរាប ដែលមាន ករណីឆេះ លក្ខណៈទ្រង់ទ្រាយ ធំបែបនេះ ចាប់តាំងពី ចុងឆ្នាំ២០១២ រហូតមក ដោយបាន ឆក់យក អាយុជីវិត មនុស្សស្រីប្រុស សរុប១៣នាក់ រួចមកហើយ ។ ដែលលើកទី១ ករណីឆេះ ផ្សាររាត្រី សៀមរាប ស្ថិតនៅតាមបណ្តោយ វិថីស៊ីវុត្ថា ក្នុងក្រុមទី៤ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ កាលពីវេលា ម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ធ្នូ ២០១២ ដោយបានដុតកំឡោច មនុស្សស្រីប្រុស ក្មេងចាស់ ចំនួន៨នាក់ ជាសមាជិក ក្រុមគ្រួសារ ជាប់សាច់ឈាមគ្នា និងជាម្ចាស់ ភោជនីយដ្ឋាន មនោរម្យ ។ លើកចុងក្រោយនេះ ជាករណីឆេះក្លិបរាត្រី ហ៊ីបហប់ នេះតែម្តង ដោយឆក់យក អាយុជីវិត មនុស្សចំនួន៥នាក់ ។

ដោយឡែក ក្រុមអ្នកកាន់ អបិយជំនឿ បានលើកឡើងថា ទីតាំងខាងលើនេះ មានគ្រោះថ្នាក់ ៣លើក មកហើយ ដោយលើកទី១ គឺនៅពេលដែល សាងសង់អគារ អតីតក្លិបម៉ាទីនី មានផ្ទុះគ្រាប់បែក នៅក្នុងក្លិបនោះ ។ លើកទី២ នៅពេលដែល បើកក្លិបយីហោ ផ្ទះខ្មោច ដែលបានសម្តែង រឿងរំភើប លស់ព្រលឹងនោះ បានឆក់យក ជីវិតក្មេងស្រីម្នាក់ បណ្តាលឱ្យ ម្ចាស់ហាងសម្រេច បិទហាងរបស់ខ្លួន ចោល ។ លើកទី៣ បានឆក់យក ជីវិតមនុស្ស ប្រុសស្រី ចំនួន៥នាក់ នៅក្នុងក្លិបកម្សាន្ត ហ៊ីបហប់ នេះទៀត ហើយបច្ចុប្បន្ននេះ ត្រូវបានម្ចាស់ដី សម្រេចចិត្ត ដកយកវិញ ។

ដូច្នេះ នៅទីតាំងខាងលើនេះ អាចចង្រៃហើយ... គេមិនដឹងថា មានថៅកែណាម្នាក់ ហ៊ានមកជួល បន្តទៀតឬអត់ទេ ។ គេនិយាយ ពីមួយទៅមួយថា បើតាមជំនឿ គឺទីតាំងខាងលើនេះ អាចមានខ្មោច ឬព្រាយបិសាច រង់ចាំ ឆក់យកជីវិត ក្នុងមួយឆ្នាំម្តង ដែលនិយាយ អាក្រក់បែបនេះ អ្នកណាដែលជឿ ពិតជាខ្លាចមែនទែន ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម