រដ្ឋាភិបាលឆែក ប្រកាសលុបបំណុល ដែល កម្ពុជាជំពាក់ ពីអតីតកាល

 
 

ភ្នំពេញ៖ រដ្ឋាភិបាលនៃ សាធារណរដ្ឋឆែក បានសម្រេចលុប ចោលបំណុល ជាង៣.៦ លាន ដុល្លារ ដែលកម្ពុជាបាន ខ្ចីយកមកប្រើប្រាស់ កាលពីសម័យអតីតកាល ហើយបង្វែរបំណុល ចូលក្នុងវិស័យអប់រំ និងសុខាភិបាល។

ការប្រកាសលុប បំណុលនេះ បានធ្វើឡើងនៅក្នុង កិច្ចពិភាក្សាការងារ រវាងប្រធានរដ្ឋសភា សម្តេច ហេង សំរិន ជាមួយ លោក Vitlzslav Grepl ឯកអគ្គរដ្ឋទូតនៃ សាធារណរដ្ឋឆែក ប្រចំាកម្ពុជា នៅវិមានរដ្ឋសភា កាលពីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោក កែវ ពិសិដ្ឋ នាយខុទ្ទកាល័យ សម្តេច ហេង សំរិន បានមានប្រសាសន៍ ប្រាប់ក្រុមអ្នក សារព័ត៌មាន បន្ទាប់ពីបញ្ចប់ កិច្ចជំនួប រវាងភាគីទាំងពីរថា «សម្តេចហេង សំរិន បានថ្លែង អំណរគុណដល់ រាជរដ្ឋាភិបាលឆែក ដែលបានលុបបំណុល ដែលកម្ពុជា បានជំពាក់កាល ពីអតីតកាល និងបានបង្វែរបំណុល ដែលសេសសល់ មួយចំនួនទៀត មកអភិវឌ្ឍន៍ លើវិស័យ សុខាភិបាល និងអប់រំនៅកម្ពុជា ហើយសម្តេច ហេង សំរិន គាំទ្រការបើកទូត នៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ជាមួយគ្នា»។

លោកបានឲ្យ ដឹងទៀតថា រាជរដ្ឋាភិបាលឆែក នឹងផ្តល់ជំនួយ មកឲ្យកម្ពុជា ៦លានដុល្លារ ជារៀងរាល់ឆ្នាំ ដើម្បីអភិវឌ្ឍកម្ពុជា លើវិស័យអប់រំ និងសុខាភិបាល ជាពិសេស លើកស្ទួយការ អប់រំនៅ ខេត្តតាកែវ និងកំពង់ស្ពឺ។ រដ្ឋាភិបាលឆែក នឹងបន្ត ផ្តល់អាហារូបករណ៍ ដល់និស្សិត កម្ពុជា។

លោក Vitlzslav Grepl បានមានប្រសាសន៍ នៅក្នុងកិច្ចជំនួបនោះថា ការបង្កើតទូត នៅកម្ពុជា ងាយស្រួលទំនាក់ ទំនងផ្នែកការទូត ជាមួយគ្នា ជាពិសេសងាយស្រួល ក្នុងការវិនិយោគ ហើយលោកនឹង ជំរុញឲ្យអ្នកវិនិយោគ ក្នុងប្រទេសខ្លួនមក បណ្តាក់ទុន រកស៊ីនៅកម្ពុជា។

លោក Vitlzslav Grepl នឹងជម្រុញឲ្យ ប្រជាពលរដ្ឋឆែក មកទស្សនាកំសាន្ត នៅកម្ពុជា ព្រោះកម្ពុជា សំបូរទៅដោយ តំបន់ទេសចរណ៍ ជាច្រើនកន្លែង។ លោកឯកអគ្គរដ្ឋទូតនេះ បានឲ្យដឹងថា ប្រធានរដ្ឋសភាឆែក ក៏មានបំណងមក បំពេញទស្សនកិច្ច នៅកម្ពុជាផងដែរ ជាការឆ្លើយតប សម្តេច ហេង សំរិន ស្វាគមន៍រីករាយ ចំពោះដំណើរ ទស្សនកិច្ចនេះ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម