ក្រុមស្ទាវ ជិះម៉ូតូដេញបាញ់គ្នា ផ្អើល កណ្តាលរាជធានីភ្នំពេញ របួសធ្ងន់ ២នាក់

 
 

ភ្នំពេញ ៖ ក្មេងស្ទាវ ២ក្រុម បើកឆាកប្រយុទ្ធ បាញ់ប្រហារ និងកាប់ចាក់ ដូចភាពយន្តហុងកុង នៅកណ្តាលរាជធានីភ្នំ ពេញ បណ្តាលឲ្យស្ទាវ ២នាក់ រងគ្រាប់កាំភ្លើង រងរបួសធ្ងន់ ហើយក៏ត្រូវបានបញ្ជូន ទៅសង្រ្គោះភ្លាមៗ នៅមន្ទីរពេទ្យ ។

ឈុតឆាកប្រយុទ្ធ អនាធិបតេយ្យ របស់ក្រុមក្មេងស្ទាវ បានកើតឡើង នៅវេលាម៉ោង ៣ និង១០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ។ សេចក្តីរាយការណ៍ បានបញ្ជាក់ថា ក្មេងស្ទាវ ២ក្រុម មានគ្នាជាង ១០នាក់ បានជិះម៉ូតូ ដេញបាញ់ និងកាប់គ្នា តាមបណ្តោយផ្លូវ លេខ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រហូតមកដល់ ស្ពានព្រះមុន្នីវង្សថ្មី ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ បណ្តាលឲ្យគូភាគី ២នាក់ រងគ្រាប់កាំភ្លើង ជាច្រើនគ្រាប់ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅសង្រ្គោះភ្លាមៗនៅ មន្ទីរពេទ្យកាល់ម៉ែត ។

សេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងទៀតថា ជនរងគ្រោះម្នាក់ឈ្មោះ ឃាង ត្រូវគូជម្លោះ បាញ់៣គ្រាប់ចំស្មា និងជើង និងម្នាក់ទៀតឈ្មោះ សំបូរ ត្រូវគូជម្លោះបាញ់ ត្រូវចំកំភួនដៃ និងកាប់ចំថ្ងាស់ ។

អ្នកឃើញហេតុការណ៍ បានបន្តថា ជនរងគ្រោះទាំង ២នាក់ ក្រោយគូជម្លោះបាញ់ និងកាប់រងរបួសធ្ងន់ ហើយនោះ បានផ្តួលម៉ូតូ នៅលើស្ពាន និងលោតចុះទៅក្រោម ព្រមទាំងស្រែក ឲ្យគេជួយសង្រ្គោះខ្លួន ។ ដោយឡែក ភាគីម្ខាងទៀត ក្រោយបាញ់ និងកាប់គូជម្លោះខ្លួន ឲ្យរងរបួសហើយ ក៏ជិះម៉ូតូគេចខ្លួនបាត់ ។

ជុំវិញហេតុការណ៍ នៃការបាញ់ប្រហារ និងកាប់ចាក់របស់ ក្រុមក្មេងស្ទាវ បង្កភាពអនាធិបតេយ្យ ក្នុងរាជធានីភ្នំពេញនេះ មិនទាន់មានការបញ្ជាក់ ពីសមត្ថកិច្ចថាបង្ក និងផ្តើមចេញពី មូលហេតុអ្វី នៅឡើយនោះទេ ។ សមត្ថកិច្ចកំពុង តែសួរនាំ លើជនរងគ្រោះ ជាគូជម្លោះ ដើម្បីតាមចាប់ ភាគីម្ខាងទៀត មកផ្តន្ទាទោស ៕







ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម