យុគ ចិន្តា ផ្តល់អំណោយសប្បុរស ជាសម្លៀកបំពាក់ ជូនដល់សិល្បការិនី២រូប ដែលមានភាពខ្វះខាត

 
 

រាជធានីភ្នំពេញ ៖ ដោយយល់ឃើញថា សិល្បការិនី២រូប ជាតារាជើងចាស់ គឺអ្នកស្រី អ៊ុំ សក្ខណា និងអ្នកស្រី អ៊ឹម ផល្លា ប្រឡូកសិល្បៈ អស់ជាច្រើនឆ្នាំ មានតែមុខមាត់ បែរជាជួបភាពខ្វះខាត ពិធីការិនីល្បីល្បាញ គ្រប់រដូវអ្នកនាង យុគ ចិន្តា បានបរិច្ចាគ សម្លៀកបំពាក់ ជាច្រើនសំរាប់ ដូចជា ហូល ផាមួង អាវប៉ាក់ ជាដើម។ គោលបំណងរបស់ អ្នកនាង យុគ ចិន្តា ដែលមានទឹកចិត្ត សប្បុរធម៌បែបនេះ ព្រោះមិននឹកស្មានថា ពួកគាត់ទាំង២ ប្រឡូកសិល្បៈ រាប់ឆ្នាំនៅតែទាល់ក្រ គ្មានផ្ទះសម្បែង ហើយនៅតែតស៊ូ ប្រឡូកអាជីពសិល្បៈ បម្រើអារម្មណ៍ប្រិយ មិត្តទាំងតស៊ូ និងជម្នះ ។

តារាភាពយន្តជើងចាស់ ប្រឡូកសិល្បៈតាំងពី ឆ្នាំ៨០ជាង អ្នកស្រី អ៊ុំ សក្ខណា ហៅនឿន បានរៀបរាប់ពី ទុក្ខលំបាកជាមួយ សំឡេងអួលដើម.ក រហូតស្រស់ទឹកភ្នែក នៅចំពោះមុខ អ្នកយកព័ត៌មាន គ្រាដែលកំពុង មានវត្តមានក្នុងហាង កាត់សម្លៀកបំពាក់ របស់អ្នកនាង យុគ ចិន្តា កាលពីល្ងាចថ្ងៃទី១៥ វិច្ឆិកា ថា «បានក្លាយជាតារាសម្តែង ក៏ស្ថិតក្នុងនាម ជាស្ត្រីមេម៉ាយ ពេលនោះខ្វះខាត ឆ្លងទន្លេបាន១៥ថ្ងៃ ចេញជួយលក់ត្រកួន ជាមួយម្តាយមីង នៅផ្សារអូឬស្សី និងធ្វើជាអ្នករត់តុ ឲ្យគេក៏មាន ។ មកទល់ពេលនេះ អ្នកស្រីមាន តែកូនម្នាក់ប៉ុណ្ណោះ និងមិនមាន ប្តីថ្មីទៀតទេ។ ពាក់ព័ន្ឋកម្រិត ជីវភាពនេះ ពិតជាថ្លែងមិនចេញទេ ពោលគឺពិបាក ខ្លាំងណាស់ ខោអាវស្លៀកពាក់ មិនមានសភាព ឡូយឆាយនោះទេ ។ សព្វថ្ងៃរកមួយថ្ងៃ សម្រាប់តែមួយថ្ងៃ មានកូនក្មួយច្រើន ។ ការប្រឡូកសិល្បៈ តាំងពីមុន និងមកដល់ ពេលសព្វថ្ងៃ ដោយមិនទាន់ធូរស្បើយ នេះគឺតស៊ូដើម្បីកូន ដើម្បីបងប្អូន ក្មួយ និងម្តាយ»។

ចំណែកអ្នកស្រី អ៊ឹម ផល្លា ជាតារាសម្តែងម្នាក់ តែងតែបង្ហាញវត្តមាន តាមកញ្ចក់ទូរទស្សន៍ ស្ទើរតែគ្រប់ប៉ុស្តិ៍ តែបែរជាជួបជីវិត កម្សត់ក្រៅឆាក មិនចាញ់អ្នកស្រីអ៊ុំ សក្ខណា ថា «ការពិតគោលដៅមិនមែន អ្នកស្រីមានឱកាស ជួបអ្នកនាង យុគ ចន្តា នោះទេ ដោយសំខាន់គេចង់ជួប សក្ខណាច្រើនជាង ព្រោះស្គាល់សក្ខណា តាំងពីចិន្តានៅក្មេង។ ប៉ុន្តែដោយសារតែអត់ពេក អ្នកស្រីបានទៅពឹង សក្ខណាឲ្យប្រាប់ យុគ ចិន្តាថា អ្នកស្រីខ្វះខាតណាស់ ចង់បានសម្លៀកបំពាក់ ល្អៗបានខ្លះពី អ្នកនាងយុគ ចិន្តា ទៅរួច ឬអត់ ដើម្បីបានខោអាវល្អ ចេញថតតួ ជាលោកស្រី ជំទាវ អី ទំនងខ្លះ ព្រោះថតតែតួក្រ រហូតយូរហើយ។ ដោយសក្ខណាជួយ និយាយប្រាប់ ទើបអ្នកស្រី បានមកទទួល អំណោយមួយចំនួន ដល់ហាង យុគ ចិន្តាតែ ម្តង ។ អ្នកស្រី ផល្លា បន្តថា «អ្នកស្រីសូមអរគុណ ចំពោះទឹកចិត្ត របស់អ្នកនាង យុគ ចិន្តា ដែលជួយដល់ រូបអ្នកស្រី ទោះមិនបានជាអង្ករ ប្រាក់ ក៏នេះជាទឹកចិត្តមួយ ។

អ្នកនាង យុគ ចិន្តា ដែលតែងតែជួយ ដល់អ្នកខ្វះខាត ជាច្រើនលើកមកហើយ នោះបានឲ្យដឹងដែរថា «ចំពោះអ្នកស្រី អ៊ុំ សក្ខណា វិញ បានស្គាល់គាត់ យូរឆ្នាំមកហើយ ពេលដែលនាង នៅវ័យក្មេងចូលចិត្ត តួសម្តែងរបស់ គាត់ណាស់ ។ តែចៃដន្យកាល ជំនាន់នោះ ជួបគាត់នៅ ផ្សារអូឬស្សី អង្គុយលក់ត្រកួន ក៏អាណិតគាត់ ដោយគិតថា បើថ្ងៃក្រោយធូធារ និងជួយគាត់ឲ្យបាន ប៉ុន្តែគ្រាន់ គិតលេងៗប៉ុណ្ណោះ ។ សម្រាប់ខ្ញុំពិតជា អាណិតគាត់ ដោយអត់ដឹងថា គាត់លំបាកបែបនេះសោះ គ្រាន់តែដឹងថា ប្រហែលជាគាត់អស់ ខោអាវពាក់ប៉ុណ្ណោះ។ គាត់តស៊ូសិល្បៈ តាំងឆ្នាំ៨០ មកដល់ឥឡូវ គ្មានអ្វីទាំងអស់ គ្មានផ្ទះខ្លួនឯង នៅផ្ទះជួល សូម្បីតែលុយ បង់ថ្លៃផ្ទះ ក៏សឹងតែរកបង់ ឲ្យគេមិនទាន់ ពិតជាមិននឹកស្មាន។ ដូចនេះហើយទើប អារម្មណ៍ពេលនេះ ជួយអ្នកអត់ សប្បាយចិត្តបំផុត ចៀសជាងយើង ជួយមនុស្សហើយ មនុស្សនោះក្បត់យើង ។ សម្រាប់នាង បញ្ហាបុណ្យបាប មិនជឿជាក់ខ្លាំងក្លា ណាស់ណាទេ គ្រាន់តែគិតថា កាលណាយើងកើតមក យើងរស់នៅ គួរណាសាងអំពើល្អ ឲ្យបានច្រើនជាង ពេលយើងចាស់ទៅ ចាំធ្វើបុណ្យទៅវត្ត មិនចាំបាច់នោះទេ ៕









ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម