{Update} ភ្លើងឆេះបំផ្លាញ ផ្ទះលក់ គ្រឿងអេឡិចត្រូនិក ជាន់ទី២ ក្បែរផ្សារអូរឫស្សី

 
 

ភ្នំពេញ ៖ អគ្គិភ័យដ៏កំណាចមួយ បានឆាបឆេះ ផ្ទះលក់គ្រឿង អេឡិចត្រូនិក ដូចជា វិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ ជា ដើម ស្ថិតនៅជាន់ទី២ ក្បែរផ្សារអូរឫស្សី ផ្ទះលេខ4BEo ផ្លូវលេខ១២៥ ក្រុម៣៥ ភូមិ៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា នាព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ បានកើតឡើងអស់ រយៈពេលប្រមាណ ២ម៉ោង ទើបរលត់ទៅ វិញ ក្រោមការជួយ អន្ដរាគមន៍ ញាប់ដៃញាប់ ជើងពីសំណាក់ អាជ្ញាធរ សមត្ថកិច្ច មូលដ្ឋាន រថយន្ដពន្លត់អគ្គិភ័យ នៃស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញ និងមានការ ជួយអន្ដរាគមន៍ ពីរថយន្ដ ពន្លត់អគ្គិភ័យ ដែលមាន ជណ្ដើរ ខ្ពស់ចំនួន៧គ្រឿង របស់អង្គភាព ៧១១ នៃកងពលតូច លេខ៧០ផងដែរ ។

ដំបូងឡើយ ផ្សែងបានហុយចេញ យ៉ាងខ្មួលខ្មាញ់ ចេញពីផ្ទះជាន់ទី២ នៅក្បែរផ្សារ អូរឫស្សី បានធ្វើឱ្យ ប្រជាពលរដ្ឋ នៅទីនោះ ជាពិសេស ក្រុមអាជីវករ លក់ដូរក្រណាត់ លក់គ្រឿងទេស នៅខាងក្រោម បានឆ្លេឆ្លា បង្កឱ្យមានការ ភ្ញាក់ផ្អើល ទូរស័ព្ទអន្ដរាគមន៍ ទៅអាជ្ញាធរ សមត្ថកិច្ច និងរថយន្ដពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចេញមកជួយ បាញ់ពន្លត់ ជាបន្ដបន្ទាប់ នាព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះ ។

សម្រាប់គ្រោះអគ្គិភ័យ ដែលមានរយៈ ពេលប្រមាណ ២ម៉ោង ពោលចាប់តាំងពី ម៉ោង៨និង៣០នាទី រហូត ដល់ម៉ោង១០និង ៣០នាទី ព្រឹកថ្ងៃ ដដែលនេះ មិនទាន់មានការ បញ្ជាក់ជាផ្លូវការ ពីសមត្ថកិច្ច នៅឡើយនោះទេ ថាបណ្ដាលមក ពីមូលហេតុអ្វី ពិតប្រាកដ ពីព្រោះព័ត៌មានខ្លះ សង្ស័យថា អាចបណ្ដាល មកពីផ្ទុះកំប៉ុងហ្គាស ពេលម្ចាស់ផ្ទះចំអិនម្ហូប សេចក្ដីរាយការណ៍ ខ្លះអះអាងថា អាចបណ្ដាល មកពីទុស្សេខ្សែភ្លើង និងប្រភពព័ត៌មាន មួយទៀតថា អាចបណ្ដាលមកពី អុចធូបទាននៅ ថ្ងៃសីលនេះតែម្ដង ។

យ៉ាងណាក៏ដោយ នគរបាលពន្លត់អគ្គិភ័យ អាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន បាននឹងកំពុង ធ្វើការស្រាវជ្រាវ លើករណីនេះ បន្ដទៀត។ យោងតាមប្រភពព័ត៌មាន ពីមន្ដ្រីនគរ បាលការិយាល័យ បង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ប៊ុន សាងធំ ភេទស្រី អាយុ៣៥ឆ្នាំមុខ របរជាអ្នកលក់គ្រឿង អេឡិចត្រូនិក ហើយ ទំហំផ្ទះដែលរងការ ឆេះបំផ្លាញទាំងស្រុង នោះ មានទំហំ ៤គុណ ១២ម៉ែត្រ ។

មន្ដ្រីនគរបាល បានបញ្ជាក់ថា សម្រាប់ ប្រតិបត្ដិការបាញ់ ពន្លត់អគ្គិភ័យ ដ៏ខ្លាំងក្លាមួយ នេះ ការិយាល័យ ជំនាញបានប្រើប្រាស់ រថយន្ដចំនួន ១៣គ្រឿង ខណៈដែលអង្គភាព ៧១១ នៃកងពល តូចលេខ៧០ បានបញ្ជូន រថយន្ដរបស់ខ្លួន ដែលមានជណ្ដើរ ខ្ពស់សម្រាប់ បាញ់ពន្លត់ និងរថយន្ដបាញ់ពន្លត់ធម្មតា ចំនួន ៧គ្រឿងផងដែរ ទើបអាចគ្រប់គ្រងគ្រោះ អគ្គិភ័យ មួយនេះ នឹងមិនធ្វើឱ្យឆេះរីករាល ដាលដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរនោះ ពោលគ្រាន់តែ ធ្វើឱ្យខ្លោច និងឆេះរោលលើ ជញ្ជាំងតែប៉ុណ្ណោះ ។ ចំពោះហេតុការណ៍ ខាងលើនេះ ក៏សមត្ថកិច្ច និងអាជ្ញាធរមិនទាន់ បញ្ជាក់ពីទំហំនៃ ការខូចខាតថា តើអស់ទឹក ប្រាក់ប៉ុន្មាន នោះឡើយ ដោយរង់ចាំការ ស្រាវជ្រាវ និងសួរនាំម្ចាស់ផ្ទះ ជាមុនសិន។

យោងតាមសេចក្ដី រាយការណ៍ពីប្រជាពលរដ្ឋ ដែលស្ថិតនៅ ក្នុងហេតុការណ៍ គ្រោះអគ្គិភ័យ មួយនេះ បានឱ្យដឹងថា ដំបូងឡើយ មានផ្សែងហុយចេញ ពីផ្ទះជាន់ទី២ រួចបាន ក្លាយទៅជា អណ្ដាតភ្លើងឆេះ យ៉ាងសន្ធោសន្ធៅ ទំរាំរថយន្ដ ពន្លត់អគ្គិភ័យ ទៅជួយបាញ់ពន្លត់ ជាបន្ដបន្ទាប់ ដោយប្រើរយៈ ពេលអស់ ប្រមាណ២ម៉ោង ទើបអាចគ្រប់គ្រងស្ថាន ភាពនេះបាន ។

យ៉ាងណា ក៏ដោយនោះ តាមការបញ្ជាក់ របស់សមត្ថកិច្ច ពន្លត់អគ្គិភ័យ បានឱ្យដឹងថា ពុំមានប្រជាពលរដ្ឋ ឬម្ចាស់ផ្ទះណាម្នាក់រង គ្រោះថ្នាក់ ដោយសារតែភ្លើងឆេះនេះទេ បើ ទោះបីសេចក្ដី រាយការណ៍ភ្លាមៗថា មាន មនុស្សនៅក្នុងផ្ទះនោះក៏ដោយ ។

ប្រជាពលរដ្ឋ ដែលឈរមើលនៅកន្លែង កើតហេតុ បាននិយាយទៀតថា ពីដំបូងរថយន្ដ ពន្លត់អគ្គិភ័យ ពិបាកធ្វើដំណើរចូលទៅ បាញ់ពន្លត់ ដោយសារមាន រោងបុណ្យធ្វើ ពេញមួយផ្លូវតែម្ដង ប៉ុន្ដែប្រឈមទៅនឹង បញ្ហានេះ អាជ្ញាធរ និងសមត្ថកិច្ចបានរុះរើ រោងបុណ្យនេះ ចោលភ្លាម ដើម្បីបើកផ្លូវឱ្យ រថយន្ដពន្លត់អគ្គិភ័យ ចូលទៅដល់ ។

យោងតាមមន្ដ្រី របស់អង្គភាព ៧១១ ដែលចូលរួម នៅក្នុងប្រតិបត្ដិការ បាញ់ពន្លត់ គ្រោះអគ្គិភ័យមួយនេះ បាននិយាយថា រថយន្ដ មកពីអង្គភាព របស់ពួកគេ មានចំនួន៧គ្រឿង ក្នុងនោះ រថយន្ដពីរគ្រឿង មានជណ្ដើរ កម្ពស់ ៥០ម៉ែត្រ រថយន្ដផ្ទុកទឹក ចំណុះ២៦០០០ លីត្រមួយគ្រឿង រថយន្ដផ្ទុកទឹក ចំណុះ១ម៉ឺនលីត្រ ២គ្រឿង និងរថយន្ដបំពាក់ ក្បាលសម្រាប់ បាញ់ចំនួន២ គ្រឿងផងដែរ ។

មន្ដ្រីដដែលនេះ បានបន្ដថា សម្រាប់អគ្គិភ័យ ដែលឆាបឆេះនៅផ្ទះជាន់លើ ដូចហេតុការណ៍នេះ មានតែរថយន្ដ អង្គភាពរបស់ខ្លួន ដែលមានជណ្ដើរ កម្ពស់៥០ម៉ែត្រ ទើបអាច ជួយពន្លត់ និងអន្ដរាគមន៍ មានប្រសិទ្ធភាព ។

មន្ដ្រីនគរបាលពន្លត់ អគ្គិភ័យបានអំពាវនាវ សារជាថ្មីដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការ ប្រុងប្រយ័ត្ន គ្រប់ពេលវេលា លើការគ្រប់គ្រង ប្រព័ន្ធ ភ្លើង ការ ដាំស្លរ និងការអុចទានធូប នៅពេលបុណ្យទាន និងថ្ងៃសិល៍ម្ដងៗ៕

អត្ថបទចាស់៖ អគ្គិភ័យកំពុងបំផ្លាញ ផ្ទះប្រជាពល រដ្ឋ នៅក្បែរផ្សារអូរប្ញស្សី (វីដេអូឃ្លីប)




















ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម