ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ដែក​ធ្លាក់​ត្រូវ​ក្បាល​ស្លាប់ ទារ​សំណង​ពី​ក្រុមហ៊ុន OCIC ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុ​លា្ល​រ

 
 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ វិច្ឆិកានេះ ក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់អាយុជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ដោយសារដែកធ្លាក់ពីសំណង់ លើដីពហុកីឡាដ្ឋាន ជាតិអូឡាំពិក ទល់មុខសាលារៀនឯកជន សិង្ហបុរី ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានទៅដាក់ពាក្យបណ្តឹង ទាមទារសំណងជាទឹកប្រាក់ ចំនួន១០ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុន OCIC ។

ទាក់ទិនរឿងដែកសំណងធ្លាក់នេះ ក្រុមគ្រួសារជនរងគ្រោះ បានគេដឹងថា កាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី២ វិច្ឆិកា មានករណីដែក១ដើម ប្រវែងជិត៤ម៉ែត្រ បានធ្លាក់ពីលើសំណង់កំពុងសាងសង់ លើផ្ទៃដីរបង ពហុកីឡដ្ឋានជាតិអូឡាំពិក ជ្រុងខាងជើង បណ្តាលឲ្យត្រូវស្ត្រីម្នាក់ កំពុងជិះម៉ូតូបែកក្បាល ស្លាប់ភ្លាមៗ។ ជនរងគ្រោះបាត់បង់អាយុជីវិត មានឈ្មោះប៊ុត វណ្ណី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់គុយទាវ ស្នាក់នៅផ្ទះលេខ២៤៨ ផ្លូវលេខ២១៣ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខ័ណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីក្រុម គ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់នគរបាល ខណ្ឌ៧មករាថា មុនកើតហេតុ ជនរងគ្រោះ៥នាក់ ម្តាយនឹងកូន ជិះម៉ូតូ២គ្រឿង ចេញពីផ្ទះទៅផ្សារបឹងត្របែក ដើម្បីរកទិញសម្ភារ តុបតែងផ្ទះ ក្នុងពិធីរៀបមង្គលការកូន ដែលនៅប្រមាណ មិនដល់២ខែទៀតផង ពេលទៅផ្សារបឹងត្របែក រកទិញសម្ភារមិនបាន ពួកគេក៏បានចេញដំណើរ ទៅផ្សារដេប៉ូ ។ ក្រុមគ្រួសារនោះ បានបន្តទៀតថា នៅផ្សារដេប៉ូ ក៏រកទិញរបស់របរ ដែលតម្រូវការនោះមិនបានដែរ ។

វេលាម៉ោងប្រមាណជាង៤រសៀល ម្តាយនឹងកូន៥នាក់ បានវិលត្រឡប់ទៅផ្ទះវិញ ដោយជិះម៉ូតូ តាមផ្លូវសាលដឺហ្គោល កាត់រង្វង់មូល នាងគង្ហីង បំរុងបត់ឡើងទៅភ្លើងស្តុប វត្តមហាមន្ត្រី ។ លុះពេលទៅដល់មុខ សាលារៀនឯកជន សិង្ហបុរីអន្តរជាតិ ស្រាប់តែមានដែកជ្រុង១ដើម ធ្លាក់ពីលើសំណង់ កំពុងសាងសង់ ត្រូវក្បាលស្ត្រីជាម្តាយ ដែលជិះខាងក្រោយ (កូនឌុប) ស្លាប់ភ្លាមមួយរំពេច ។

ក្នុងពេលធ្វើដំណើរ ម៉ូតូ១គ្រឿងជិះគ្នា២នាក់ ១គ្រឿងទៀតជិះ៣នាក់ ម៉ូតូដែលជនរងគ្រោះជិះ ម៉ាកស្គូពីជិះគ្នា៣នាក់ កូនប្រុសអ្នកឌុប កូនស្រីជិះកណ្តាល ម្តាយនៅខាងក្រោយ ហើយគ្រោះថ្នាក់ តែម្តាយម្នាក់ឯងទេ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចគ្រប់ជំនាញ បានចុះទៅពិនិត្យ និងបានប្រគល់សាកសព ឲ្យសាច់ញាតិ ប្តី កូនបង្កើត និងកូនប្រសារ នាំយកទៅតម្កល់ នៅឈាបនដ្ឋាន វត្តព្រះពុទ្ធមានបុណ្យ ជាបណ្តោះអាសន្ន ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម