{Update} លោក នេត សាវឿន បញ្ជាឱ្យ ចាប់ខ្លួន ជនពាក់ព័ន្ធ ក្នុងករណី ធ្លាក់ដែក ចំក្បាលស្ដ្រី ម្នាក់ស្លាប់
ភ្នំពេញ៖ ករណីធ្លាក់ដែក ប្រវែងជាង២ ម៉ែត្រពីលើអគារ ដែលកំពុងសាងសង់ នៅជាប់ ស្ដាតអូឡាំពិក ក្បែរអតីតរង្វង់មូលនាង គង្ហីង ពោលនៅទល់មុខ សាលាអន្ដរជាតិ សិង្ហបុរី ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីរសៀល ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៤ បណ្ដាលឱ្យស្ដ្រីម្នាក់ ស្លាប់យ៉ាងអណោចអធ័ម ដោយសារតែដែកនោះ បានធ្លាក់ចំកណ្ដាលក្បាល បែកធ្លាយខួរ ចេញមកក្រៅ ពេលកំពុង ជិះម៉ូតូជាមួយ កូនប្រុស បានធ្វើឱ្យមានការ រិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋានទូទៅ និងប្រជាពលរដ្ឋ ក៏ដូចជានៅបណ្ដាញ ទំនាក់ទំនង ហ្វេសប៊ុក ព្រមទាំងថ្នាក់ដឹកនាំ មួយចំនួនផងដែរ ។
ការស្ដីបន្ទោសបាន កើតមានឡើងដោយ សំដៅទៅលើក្រុមហ៊ុន ម៉ៅការសាងសង់អគារ ដ៏ខ្ពស់និង ដ៏ធំនេះថា មិនបានយក ចិត្ដទុកដាក់ រៀបចំឱ្យបានត្រឹមត្រូវ នៅសំណង់របស់ខ្លួន ពីព្រោះនៅជាប់និងផ្លូវធំ ដែលសំបូរទៅ ដោយអ្នកដំណើរទៅមក ។ ដូច្នេះមជ្ឈដ្ឋាន ទាំងនេះ សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំ ពាក់ព័ន្ធនិង សមត្ថកិច្ចអាជ្ញាធរ ត្រូវមានវិធានការ ជាបន្ទាន់ ចំពោះករណី ខាងលើនេះ ហើយ ផ្ដល់សំណងឱ្យ បានសមរម្យដល់ ក្រុមគ្រួសារ ស្ដ្រីរងគ្រោះ ដែលស្លាប់ដោយ មិនដឹងខ្លួន បែបនេះ ។
ឆ្លើយតបទៅនឹងការរិះគន់ មិននៅស្ងៀម នោះឡើយ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជា ឱ្យសមត្ថកិច្ចនគរបាល រាជធានីភ្នំពេញ ឃាត់ខ្លួនជនដែល ពាក់ព័ន្ធបញ្ជូនទៅ កាន់តុលាការ មិនត្រូវមានការសម្រប សម្រួលក្រៅប្រព័ន្ធ តុលាការនោះឡើយ ។
នៅក្នុងកិច្ចប្រជុំ ដាក់ផែនការ ការពារ សុវត្ថិភាព នៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ព្រមទាំងពិធីបុណ្យ ឯករាជ្យជាតិ នាព្រឹកថ្ងៃ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅសាលារាជ ធានីភ្នំពេញ នាយឧត្ដមសេនីយ៍ នេត សាវឿន បានរិះគន់ខ្លាំងៗ ចំពោះការសាងសង់អគារ នៅជាប់ស្ដាតអូឡាំពិក រហូតបណ្ដាលឱ្យ ធ្លាក់ដែកចំអ្នក ដំណើរស្លាប់បាត់ បង់ជីវិត ។
នាយឧត្ដមសេនីយ៍ នេត សាវឿន បាន បញ្ជាទៅនគរបាល ខណ្ឌ៧មករា ឱ្យឃាត់ខ្លួន ជនទាំងឡាយណា យកមកសួរនាំនិងបញ្ជូន ខ្លួនទៅកាន់តុលាការ មិនត្រូវមានការលើក លែងឱ្យនោះឡើយ ពោលមិនត្រូវធ្វើការ សម្របសម្រួល ក្រៅប្រព័ន្ធតុលាការ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៤និង៣០នាទី រសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅត្រង់ចំណុច ការដ្ឋានសំណង់ ស្ដាតអូឡាំពិក តាមបណ្ដោយផ្លូវ លេខ១៨២ សង្កាត់ វាលវង់ ខណ្ឌ៧មករា ដែកប្រវែង ជាង២ម៉ែត្រ បានធ្លាក់ពីលើអគារចំ ក្បាលស្ដ្រីម្នាក់ ពេលកំពុងជិះ ម៉ូតូឆ្លងកាត់ បណ្ដាលឱ្យបែក ធ្លាយខួរស្លាប់ភ្លាមៗ គួរឱ្យអាណិតអាសូរ យ៉ាងខ្លាំង ។
សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ស្ដ្រីរង គ្រោះឈ្មោះប៊ុត វណ្ណី អាយុ៥០ឆ្នាំ រស់នៅ ផ្ទះលេខ ២៤៨E0 ផ្លូវលេខ២១៣ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ មុខរបរជា អ្នកលក់គុយទាវ ។
សមត្ថកិច្ចបានបន្ដថា នៅវេលាម៉ោង កើតហេតុនោះ ស្ដ្រីរងគ្រោះបានជិះម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CN 0252 ជាមួយកូនប្រុស របស់ខ្លួនឈ្មោះ ម៉ៅ វាសនា អាយុ២៧ឆ្នាំ ដោយធ្វើដំណើរ ចេញពីផ្សារដេប៉ូ បំណងទៅផ្ទះរបស់ខ្លួន ប៉ុន្ដែ ពេលធ្វើដំណើរ មកដល់ចំណុច កើតហេតុនោះ ស្រាប់តែដែកប្រវែង ជាង២ម៉ែត្របានធ្លាក់ មកចំក្បាលធ្លាយខួរ ស្លាប់ភ្លាមៗតែម្ដងទៅ។
ប្រជាពលរដ្ឋ និងអ្នកដំណើរដែលចោម រោមមើលនៅកន្លែងកើតហេតុ មានការ អាណិតអាសូរនិង រន្ធត់យ៉ាងខ្លាំង ចំពោះ ហេតុដ៏កម្រមួយនេះ និងធ្វើការរិះគន់យ៉ាង ចាស់ដៃ ចំពោះការងារសាង សង់របស់ក្រុម ហ៊ុនម៉ៅការសំណង់ ដែលសមត្ថកិច្ច អះអាង មានឈ្មោះ CSC ថាមិនបានរៀបចំលក្ខណៈ បច្ចេកទេស និងគ្របសំណាញ់ ឱ្យបានត្រឹមត្រូវ រហូតមានហេតុការណ៍ នេះកើតឡើង។
ដោយឡែកជនពាក់ព័ន្ធ ជាកម្មករសំណង់ ចំនួន ៦នាក់ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះ ត្រូវបានសមត្ថកិច្ច យកទៅសួរ នាំនៅអធិការដ្ឋាន នគរបាលខណ្ឌ ៧មករា ដើម្បីមានវិធានការ តាមផ្លូវច្បាប់បន្ដទៀត ។ ដោយឡែកនៅព្រឹក ថ្ងៃដដែលនេះ នៅខាង មុខអធិការដ្ឋាន នគរបាលខណ្ឌ គេបានសង្កេត ឃើញកូនរបស់ ស្ដ្រីរងគ្រោះ ប្ដី និងញាតិមិត្ដ បានមកឈរយំ ដើម្បីស្វែងរកដំណោះស្រាយ និងសំណង ចំពោះគ្រោះអកុសលមួយនេះ។
យ៉ាងណាក៏ដោយ រហូតមកដល់រសៀល ថ្ងៃដដែលនេះ គេមិនទាន់ដឹងអំពីវិធានការ តាមផ្លូវច្បាប់ និងការផ្ដល់សំណងប៉ុន្មានទៅ ឱ្យសាច់ញាតិស្ដ្រី រងគ្រោះនោះឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!