រថយន្ត​​ដឹក​​ទំនិញ​​ធុន​​យក្ស​​កិន​​លោក​យាយ​​អាយុជាង​៨០​ឆ្នាំ​ស្លាប់​ទាំង​ព្រឹក​

 
 

ខេត្តកំពង់ចាម ៖ រថយន្តពណ៌ត្រេអ៊ី១គ្រឿង ពាក់ស្លាកលេខ បាត់ដំបង 3A-1114 ដឹកទំនិញរាប់តោន ចេញពីព្រំដែន ប្រទេសវៀតណាម បានកិនលោកយាយម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុជាង៨០ឆ្នាំ ដាច់ជើង និងដៃស្តាំ បណ្តាលឲ្យស្លាប់ភ្លាមៗ យ៉ាងអណោចអាធម៌ ។

ហេតុការណ៏គ្រោះថ្នាក់ចរាចរ ដ៏រន្ធុតនេះ កើតឡើងនៅវេលា ម៉ោង៦ និង១៥នាទីព្រឹក ថ្ងៃទី៣ វិច្ឆិកា ២០១៤ លើផ្លូវជាតិលេខ៧ ត្រង់ភូមិដូនដី ឃុំជ្រៃវៀន ស្រុកព្រៃឈរ ។ ចំណែកអ្នកបើកបររថយន្ត ភ័យស្លន់ស្លោរ រត់គេចខ្លួនបាត់ផងដែរ ។

តាមមន្ត្រីនគរបាល ចរាចរស្រុកព្រៃឈរ ប្រាប់ឲ្យដឹងថា លោកយាយមិនស្គាល់អត្តសញ្ញាណម្នាក់ បានដើរអែបខាងស្តាំដៃ តាមថ្នល់ជាតិ ក្នុងទិសដៅ ពីកើតមកលិច ដោយស្ពាយកាបូបមួយ ក៏ត្រូវបានរថយន្តដឹកទំនិញធុនយក្ស បើកស្របទិសគ្នាមកកិន បណ្តាលឲ្យស្លាប់ មួយរំពេច។ 

មូលហេតុ ត្រូវបានដាក់ការសង្ស័យ មកពីអ្នកបើកបរងងុយដេក។ មន្ត្រីនគរបាលចរាចរ បានប្រាប់បន្តថា នៅពេលដែល អ្នកបើកបររថយន្តដឹង កិនមនុស្សស្លាប់ហើយនោះ បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តចោល នៅកន្លែងកើតហេតុ តាមរយៈមនុស្សម្នា ដែលបានមកមើល ព្រងព្រាតនោះ មិនមានអ្នកណាម្នាក់បានស្គាល់ អត្តសញ្ញាណលោកយាយ ស្ថិតក្នុងវ័យ ជាង៨០ផ្លាយឆ្នាំ រស់នៅទីណាឡើយ ។ តែតាមការស្រាវជ្រាវ របស់ជំនាញសមត្ថកិច្ច គ្រាន់តែដឹងថា លោកយាយជាញឹកញាប់ បានដើរមកសុំទានគេឯង នៅផ្សារព្រៃទទឹង ស្រុកព្រៃឈរ ក្រោយពីបានលុយហើយនោះ គាត់បានទៅសំរាក នៅវត្តមួយ ក្នុងស្រុកព្រៃឈរ ជាបណ្តោះអាសន្ត ។

សពលោកយាយ ត្រូវបានបង្កើតគណៈកម្មការចំរុះមួយ ដោយបានយកទៅតំកល់ នៅវត្តត្រពាំងក្រោល រងចាំមើលក្រែងមានសាច់ញាតិ ណាម្នាក់មកសួរនាំ ប្រសិនបើមិនឃើញទេនោះ នឹងបូជាទៅតាមប្រពៃណីខ្មែរ ដាក់ធាតុនៅនឹងវត្តនេះតែម្តង ។

លោកវរសេនីយ៏ត្រី កែវ ស៊ាងហ៊ន់ អធិការនគរបាល ស្រុកព្រៃឈរ ប្រាប់ឲ្យដឹងដែរថា រថយន្តដឹកទំនិញធុនយក្ស ដែលបានកិនលោកយាយ ខាងលើស្លាប់ ជារបស់ក្រុមហ៊ុន ហាក់ ម៉ៅ ក្រោយពីហេតុការណ៏ រថយន្តត្រូវបាននាំមកដាក់ នៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ ដើម្បីដោះស្រាយតាមច្បាប់៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម