(Update) មួយគ្រួសារជួប គ្រោះថ្នាក់ ចរាចរ ស្លាប់កូនតូច របួសធ្ងន់-ស្រាល ៧នាក់ ពេលទៅកម្សាន្ត តាមខេត្ត

 
 

-ស្រ្តីឈ្មោះ ឆាយ សុភាព ចេញមកបដិសេធថា មិនមែនជារថយន្តរបស់ខ្លួននោះឡើយ

កណ្តាល ៖ កុមារាអាយុ ៧ឆ្នាំម្នាក់ បានស្លាប់បាត់បង់ ជីវិត និងមនុស្សប្រុស-ស្រី ៧នាក់ផ្សេងទៀត បានរងរបួស ដោយសារគ្រោះថ្នាក់ ចរាចរ ដ៏រន្ធត់មួយ លើផ្លូវជាតិលេខ៤ ពេលកំពុងធ្វើដំណើរ ទៅកម្សាន្តនៅតាមខេត្ត។ នេះបើ យោងតាម លោក មាន សំណាង អធិការ នគរបាល ស្រុកអង្គស្នួល។

គ្រោះថ្នាក់ចរាចរដ៏ព្រឺព្រួច រថយន្តហ៊ីយ៉ាន់ដាយបែនរបស់សិប្បកម្មឥដ្ឋ «ឆាយ សុភាព» បុករថយន្តកូរ៉ូឡា បានកើត ឡើងនៅវេលាម៉ោង ៦ និង១០នា ទីព្រឹកថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០១៤ នៅក្នុងភូមិ រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ចន្លោះគីឡូម៉ែត្រ លេខ២៦-២៧។

អធិការស្រុកអង្គស្នួល លោក មាន សំណាង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរ ដែលបន្សល់នូវភាព សោកសង្រេង នេះ បង្កឡើងដោយ រថយន្តបែន ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាក លេខ ក ៥៩០៨ ដែលជារថយន្ត ដឹកខ្សាច់ មានទិសដៅមកពីខេត្តកំពង់ស្ពឺ។ រីឯរថយន្តរបស់ជនរងគ្រោះវិញ ម៉ាកកូរ៉ូឡា ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2A-0993 ក្នុងទិសដៅ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្ត ភាគនិរតី។

លោក មាន សំណាង បានបន្តថា រថយន្តបែនដឹកខ្សាច់ ដែលបើកបរ ក្នុងទិសដៅ បញ្រ្ចាស់ទិស ជាមួយរថយន្តរបស់ ជនរងគ្រោះនោះ បានរ៉េចង្កូត ជ្រុលចូលទៅ ចំណែកផ្លូវរបស់រថយន្តជនរងគ្រោះ សង្ស័យបណ្តាល មកពីអ្នកបើកបរ ងងុយគេង ហើយបុក ទាំងកម្រោល ជាមួយល្បឿន យ៉ាងលឿន បណ្តាលឲ្យកូរ៉ូឡារួញចូលគ្នា រីឯរថយន្តបង្កបានក្រឡាប់។

បើតាមលោក មាន សំណាង គ្រោះថ្នាក់ចរាចរ បានបង្កឲ្យ សមាជិក មួយគ្រួសារបានស្លាប់ និង រងរបួស ធ្ងន់-ស្រាល ។ ក្នុងនោះកុមារា ដែលទើបមានអាយុ ៧ឆ្នាំ បានស្លាប់បត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯមនុស្ស៧នាក់ ផ្សេងទៀត (ស្រី៤នាក់) បានរងរបួសធ្ងន់-ស្រាល។

ជនរងគ្រោះជាអ្នកបើកបររថយន្តកូរ៉ូឡា មានឈ្មោះ ឈន សុផល ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅ នៅផ្ទះលេខ ៨៥AE3. ផ្លូវ ១៣៩ សង្កាត់អូឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ក្នុងគ្រោះថ្នាក់ចរាចរនេះ អាចនឹងកំពុងធ្វើដំណើរ ទៅកម្សាន្ត នៅ ខេត្តព្រះសីហនុ ក្នុងថ្ងៃឈប់សម្រាក។

ក្រោយកើតហេតុភ្លាមៗ កម្លាំងនគរបាលស្រុកអង្គស្នួល បានស្ទុះស្ទាញាប់ ដៃញាប់ជើង ចុះទៅកាន់ កន្លែងកើត ហេតុជួយសង្រ្គោះ ជនរងគ្រោះ និងបញ្ជូន ទៅសង្រ្គោះនៅតាមមន្ទីរពេទ្យ។ ដោយឡែក ជនបង្កបានរត់គេចខ្លួនបាត់ ពីកន្លែងកើតហេតុ។ ទោះបីជាយ៉ាងណា ម្ចាស់រថយន្តបង្កហេតុ ត្រូវបាន សមត្ថកិច្ច បើកការស្រាវជ្រាវរកឃើញហើយ។ រថយន្តនេះ ជាកម្មសិទ្ធិរបស់ ម្ចាស់សិប្បកម្មឥដ្ឋ «ឆាយ សុភាព» ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ទាំងរថយន្តបង្កហេតុ និងរថយន្តរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានរង់ចាំការ ដោះស្រាយទៅតាម ផ្លូវច្បាប់។

លោក មាន សំណាង បានគូសបញ្ជាក់ថា នៅក្នុងទឹកដីស្រុកអង្គស្នួល ក្នុងខែតុលា កន្លងទៅនេះ គ្រោះ ថ្នាក់ ចរាចរ បានកើតឡើង ជាច្រើនករណី ហើយសុទ្ធតែជាករណីធ្ងន់ធ្ងរ។ បើតាមលោក មាន សំណាង គ្រោះថ្នាក់ ចរាចរភាគ ច្រើនកើតឡើង ដោយសារតែការ បើកបរមិនគោរពច្បាប់ មិនមានស្មារតី ប្រុងប្រយ័ត្ន និងការមិនចេះយោគយល់គ្នា ពេលធ្វើដំណើរលើដងវិថី។

ដោយឡែក ស្រ្តីម្នាក់ ដែលអះអាងថា មានឈ្មោះ ឆាយ សុភាព ដែល សមត្ថកិច្ច អះអាងជា ម្ចាស់រថយន្ត នោះ បានឆ្លើយបដិសេធថា សម្រាប់ រថយន្តដឹកខ្សាច់ខាងលើនេះ មិនមែនជា រថយន្តរបស់អ្នកស្រី នោះឡើយ។

ស្រ្តីរូបនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន នៅយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៤នេះ គាត់ជាអ្នកទិញ ខ្សាច់ពីថៅកែខ្សាច់ ហេតុដូច្នេះហើយ រថយន្តនោះ ជារថយន្តរបស់ថៅកែខ្សាច់ ហើយសមត្ថកិច្ច បាន ឃើញ វិក័យប័ត្រ ឈ្មោះរបស់អ្នកស្រី នៅក្នុងរថយន្ត ។ ស្រ្តីខាងលើ បានសូមធ្វើការ បដិសេធ ចំពោះសេចក្តីរាយការណ៍ថា រថយន្តដឹកខ្សាច់នោះ ជារថយន្ត របស់ ខ្លួន៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម