ចោរគាស់ផ្ទះគ្រូពេទ្យនៅស្រុកមង្គលបូរី យកគ្រឿងអលង្ការ និងប្រាក់ អស់សន្ធឹកសន្ធាប់

 
 

ខេត្តបន្ទាយមានជ័យ ៖ លំនៅឋានគ្រូពេទ្យម្នាក់ ស្ថិតនៅ ភូមិជំទាវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ត្រូវចោរគាស់ទម្លុះទម្លាយ ចូលរើកកាយ យកគ្រឿងអលង្ការ និងប្រាក់អស់សរុប ៤ម៉ឺនដុល្លារ រួចរត់គេចខ្លួន ដោយសុវត្ថិភាព ដោយមិនរំខាន ដល់សមត្ថកិច្ច ណាមួយឡើយ។

ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅចន្លោះម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី០២ វិច្ឆិកា ២០១៤ នៅចំណុច កើតហេតុខាងលើ។

លោកវរសេនីយ៍ត្រី យ៉ត សុផល អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ហ៊ី ហេងញាស់ ភេទប្រុស អាយុ៤៦ឆ្នាំ ជាគ្រូពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន រស់នៅកន្លែង កើតហេតុខាងលើ ។

លោកអធិការ បានឲ្យដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុ ម្ចាស់ផ្ទះជាប្តី បានចេញទៅ ចាក់ថ្នាំឲ្យគេ រីឯប្រពន្ធ នៅដេកយាម ឯមន្ទីរពេទ្យ មិនបានវិលត្រឡប់ មកផ្ទះវិញទេ ចំណែកកូនៗ ទៅរៀនអស់ ចាក់សោផ្ទះចោល ឆ្លៀតឱកាសនោះ ក្រុមចោរក៏ឡើង ផ្លោះរបងខាងក្រោយ ចំហៀងខាងជើង ដែលជាដីឡូត៍ គ្មានមនុស្សនៅ រួចចូលធ្វើសកម្មភាព គាស់ទ្វារបង្អួច ចូលក្នុងផ្ទះ គាស់ទ្វារបន្ទប់ គាស់ទ្វារតុទូ យកគ្រឿងអលង្ការ និងប្រាក់រួចគេចខ្លួន ពេលម្ចាស់ផ្ទះ ត្រឡប់មកពី មន្ទីរពេទ្យវិញ ស្រាប់តែឃើញ ទ្វារបន្ទប់របើក និងពិនិត្យមើលតុទូ ក៏របើកទ្វារទៀត ទើបមានការ ភ្ញាក់ផ្អើលតែម្តង។

លោកអធិការ បានបញ្ជាក់ទៀតថា តាមការរៀបរាប់ពីម្ចាស់ផ្ទះ ទ្រព្យសម្បត្តិ ដែលបាត់បង់ មានប្រាក់ថៃចំនួន ៦០ម៉ឺនបាត, ប្រាក់ខ្មែរ៦លានរៀល, ប្រាក់ដុល្លារចំនួន ៦០០ដុល្លារ, ខ្សែ.កចំនួន៥ខ្សែ ក្នុងនោះខ្សែ.កមាស ចំនួន៣ខ្សែ, ប្លាទីនចំនួន២ខ្សែ សរុបទាំងអស់ ទម្ងន់៤តម្លឹង៥ជី, ខ្សែដៃមាស ចំនួន២ខ្សែ ទម្ងន់១តម្លឹង៥ជី, ខ្សែដៃប្លាទីន ចំនួន២ខ្សែ ដាំត្បូងក្រហម, កងដៃ២វង់, ចិញ្ចៀនមាស, ចិញ្ចៀនពេជ្រ និងក្រវិលពេជ្រ១គូ សរុបទ្រព្យសម្បត្តិ ដែលបាត់បង់ ទាំងអស់ជាប្រាក់ ដុល្លារចំនួន៤០.០០០ $ (៤ម៉ឺនដុល្លារ)៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម