ការពិត​ដ៏សំខាន់​ទំាង​​៦​យ៉ាង ជុំវិញ​​ការ​បាត់​​យន្តហោះ​ម៉ាឡេស៊ី

 
 

ការ​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី​​ប៊ូអ៊ីង ៧៧៧-២០០អ៊ីអា​កាល​ពី​យប់​​រំលង​អាធ្រាត្រ​​ឈាន​ចូល​ថ្ងៃសៅរ៍​​កន្លង​ទៅ​នេះ​បាន​បង្កើត​ភាព​អាថ៌កំបាំង​បំផុត ​ខណៈ​មក​ទល់​​នឹង​ថ្ងៃ​នេះ​គេ​មិន​ទាន់​រក​ឃើញ​ស្រមោល​យន្តហោះ​នេះ​នៅ​ឡើយ។ ការ​បាត់ខ្លួន​យន្តហោះ​ខាងលើ បាន​​បង្កើត​ព្រឹត្តិការណ៍​​ និង​ភាព​ងឿង​ឆ្ងល់​​មិន​នឹក​ស្មាន​ដល់​ដល់​ពិភពលោក​ទាំងមូល។

យន្តហោះ ៧៧៧-២០០អ៊ីអា​ ម៉ាឡេស៊ី​ដែល​បានបាត់​ខ្លួន​

សូមចុចអាន៖ បាត់​យន្ត​ហោះ​​​ម៉ាឡេស៊ីគឺ​ជា​រឿង​​អាថ៌កំបាំង​​​បំផុត​!

​​​​ជុំវិញ​ភាព​ការ​បាត់​ខ្លួន​ដោយ​អាថ៌កំបាំង​នេះ ​មាន​​​ចំណុច​ចំនួន​៦​ដែល​​ត្រូវ​បាន​គេ​លើកឡើង​​​យក​មក​វិភាគ​​​​សម្រាប់​មិត្ត​អ្នកអាន​ស្វែង​យល់​​ ​និង​ពិចារណា​ទាំង​អស់គ្នា​នៅ​ពេល​នេះ ថា​តើ​យន្តហោះ​​ប៊ូអ៊ីង ៧៧៧ ពិត​ជា​​បាន​ផ្ទុះ​ធ្លាក់ ​​បាត់​ខ្លួន ​រង​ការ​គំរាម​កំហែង​របស់​ក្រុម​ភេរវករ ឬ​យ៉ាង​ណា​?

ទី១ គ្រប់​យន្តហោះ​​ប៊ូអ៊ីង ៧៧៧​ត្រូវ​បំពាក់​ដោយ​ប្រអប់​ខ្មៅ​
គ្រប់​យន្តហោះ​​ទំហំ​ធំ​អាច​ផ្ទុក​អ្នក​ដំណើរ​រាប់​រយ​នាក់​ប្រភេទ​នេះ​ត្រូវ​បំពាក់​ដោយ​ប្រអប់​ខ្មៅ​សម្រាប់​ផ្ដល់​​​ទិន្នន័យ​​ផ្សេង​ពី​ការ​ធ្លាក់​យន្តហោះ​​។ ដូច្នេះ ទោះបី​ជា​យន្តហោះ​នេះ​ផ្ទុះ ឬ មាន​កម្លាំង​គ្រាប់បែក​ខ្លាំង​ប៉ុណ្ណា​ក៏ដោយ ​ក៏​​វា​​មិន​អាច​កម្ទេច​ប្រអប់​ខ្មៅ​នេះ​បាន​ដែរ។​​​​

ការ​ពិត​ទី២ ប្រអប់​ខ្មៅ​​ជា​ទូទៅ​ត្រូវ​បញ្ជូន​​បណ្ដាញ​​សញ្ញា​ប្រតិបត្តិការ​យ៉ាងហោចណាស់​៣០​ថ្ងៃ​បន្ទាប់​ពី​ការ​ធ្លាក់ ឬ​ផ្ទុះ
វា​ពិត​ជា​សំណាង​អាក្រក់​បំផុត​ក្នុង​ករណី​នេះ​ដែល​ក្រុម​អ្នក​រុករក​មិន​​អាច​​រក​ឃើញ​​​​​សញ្ញាណ​អ្វី​នោះ​ឡើយ​សូម្បី​តែ​បន្តិច​​​ពី​​​ប្រអប់​ខ្មៅ​​​បំពាក់​លើ​យន្តហោះ​នេះ។  ក៏ប៉ុន្តែ វា​ជា​ករណី​ពិសេស​ត្រូវ​តែ​កើត​មាន​ឡើង ព្រោះ​ថា ​គ្មាន​​សញ្ញាណ​​ទំនាក់ទំនង​ពី​​ប្រអប់​ខ្មៅ មានន័យ​ថា វា​ពិត​ជា​បាន​​បាត់ មិន​ដំណើរការ​​ ឬ ក៏​ត្រូវ​​បំផ្លាញ​​​ដោយ​កម្លាំង​មហិមា​ណាមួយ​ហួស​ពី​ដែន​សមត្ថភាព​ក្រុម​វិស្វករ​ផលិត​យន្តហោះ​នេះ​។

ទីតាំង​​ដែល​គេ​សង្ស័យ​ថា ជា​កន្លែង​យន្តហោះ​បាត់​ចេញ​ពី​រ៉ាដា

សូមចុចអាន៖ បាត់​​ខ្លួន​យន្តហោះ​ម៉ាឡេស៊ី​មួយ​​ទាំង​កណ្តាល​អាធ្រាត្រ ធ្វើ​ឲ្យ​គេ​សង្ស័យ​ពី​វាសនា​អ្នក​ដំណើរ​ជាង ២០០ នាក់

ទី៣ បំណែក​​យន្តហោះ​ធ្លាក់​​ត្រូវ​​អណ្ដែត​​លើ​ផ្ទៃ​ទឹក
​ជា​រឿង​មួយ​ដែល​មិន​អាច​ប្រកែក​បាន​ព្រោះ​ថា បើ​​យន្តហោះ​នេះ​ពិត​ជា​បាន​ផ្ទុះ​មែន​នោះ នៅ​ពេល​នេះ​ក្រុម​អ្នកស្រាវជ្រាវ​ច្បាស់​ជា​រក​ឃើញ​​បំណែក​យន្តហោះ សម្ភារៈ​ផ្សេងៗ​ក្នុង​យន្តហោះ ឬ​អីវ៉ាន់​របស់​អ្នក​ដំណើរ​ ​​អណ្ដែត​នៅ​លើ​ផ្ទៃ​សមុទ្រ​ជា​មិន​ខាន។ ផ្ទុយ​ទៅ​វិញ ​កុំ​ថា​ឡើយ​សំណល់​បាក់បែក​យន្តហោះ​​ សូម្បី​តែ​​ដាន​បន្តិចបន្តួច​ពី​ការ​ធ្លាក់​យន្តហោះ​នេះ​ក៏​គេ​រក​មិន​ឃើញ​ដែរ។​​​

ទី៤ តើ​​យន្តហោះ​នេះ​​អាច​ត្រូវ​​គេ​បាញ់​ទម្លាក់​ដោយ​មីស៊ីល​​ដែរ​ឬ​ទេ?
ទ្រឹស្ដី​មួយ​ចំនួន​បាន​​លើកឡើង​ថា យន្តហោះ​នេះ​អាច​ត្រូវ​​បាញ់​កម្ទេច​ដោយ​មីស៊ីល​ ត្បិត​អី​មីស៊ីល​អាច​កម្ទេច​យន្តហោះ​​​ឲ្យ​នៅ​សល់​បំណែក​តូចៗ​បាន​ ដែល​​ពិបាក​រក​ឃើញ​​បំផុត។ តែ​វា​មិន​អាច​ទៅ​រួច​​នោះ​ឡើយ ព្រោះ​ថា មីស៊ីល​មិន​អាច​លាក់​បាំង​ពី​ការ​​​ជាប់​​របស់​ប្រព័ន្ធ​រ៉ាដា​​បាន​ទេ ​មិន​ថា​​មីស៊ីល​នោះ​បាញ់​ចេញ​ពី​ដី ពី​ទឹក ​ឬ ពី​​អាកាស​យ៉ាងណា​ក៏ដោយ ប្រសិន​បើ​​វា​​ហោះ​ឡើង​មែន​នោះ។​​

ទិសដៅ​ដែល​យន្តហោះ ប៊ូអ៊ីង ៧៧៧-២០០អ៊ីអាហោះ​ឆ្ពោះ​ពី​ម៉ាឡេស៊ី​ទៅ​ទីក្រុង​ប៉េកាំង

សូមចុចអាន៖ មិន​មាន​ពលរដ្ឋ​ខ្មែរ​នៅ​លើ​យន្តហោះ​ម៉ាឡេស៊ី​ដែល​បាត់​ខ្លួននោះ​ទេ

ទី៥ វា​មិនមែន​ជា​រឿង​អាថ៌កំបាំង​នោះ​ទេ ប្រសិន​បើ​យន្តហោះ​នេះ​ធ្លាក់​នៅ​​ចំ​ទីតាំង​ដែល​បាត់​ខ្លួន​
អ្នក​ស៊ើបអង្កេត​​ជា​ក្រុម​ជំនាញ​មាន​សមត្ថភាព​ខ្ពស់​ដែល​អាច​សិក្សា​ ឬ គណនា​យ៉ាង​ជាក់លាក់​ក្នុង​ការ​កំណត់​​​ទីតាំង រយៈ​ចម្ងាយ ល្បឿន​យន្តហោះ​​​​ដែល​បាន​បាត់​ធ្លាក់​នេះ​ ប៉ុន្តែ ​​​ករណី​យន្តហោះ​​ប៊ូអ៊ីង ៧៧៧ ពិត​ជា​ធ្វើ​ឲ្យ​ពួកគេ​ទាល់តំរិះ​ និយាយ​​មិន​ចេញ ព្រោះ​ក្រុម​ការងារ​បាន​ចុះ​ស៊ើបអង្កេត​ក្នុង​តំបន់​សង្ស័យ​អស់​ហើយ​ តែ​នៅ​តែ​គ្មាន​តម្រុយ​ណាមួយ​​ដែល​អ្ន​កទាំង​នោះ​ពើប​ប្រទះ​ទេ។

ទី៦ ឬ ក៏​យន្តហោះ​នេះ​ត្រូវ​បាន​​ក្រុម​ភេរវជន​​ប្លន់?
តើ​​យន្តហោះ​នេះ​ពិត​ជា​ត្រូវ​បាន​គេ​ប្លន់​ឬ យ៉ាងណា? សំនួរ​នេះ​មិន​ពិបាក​ឆ្លើយទេ​ ព្រោះ​ថា​ ទោះបី​ជា​ប្រព័ន្ធ​រ៉ាដា​​ត្រូវ​បាន​បិទ​នៅ​លើ​​តួ​យន្តហោះ ក៏​រ៉ាដា​នៅ​លើ​ដី​អាច​ចាប់​បាន​ដែរ​ ​ក្នុង​ការ​​ផ្ដល់​សញ្ញា និង ត្រួតពិនិត្យ​​​ការ​ហោះហើរ​របស់​យន្តហោះ​នេះ។  ដូច្នេះ ​ក្នុង​ករណី​នេះ​ ការ​ប្លន់​យន្តហោះ​​ពិត​ជា​មិន​អាច​ទៅ​រួច​នោះ​ដែរ។ ក៏ប៉ុន្តែ​សម្រាប់​យន្តហោះ​ខាងលើ ​គឺ​វា​បាន​បាត់​ខ្លួន​ចេញ​ពី​រ៉ាដា​តែ​ម្ដង។

សង្ខេប​ជា​រួម តាម​ការ​លើកឡើង​ខាងលើ​នេះ គេ​អាច​សន្និដ្ឋាន​បាន​ថា យន្តហោះ​ប៊ូអ៊ីង ៧៧៧​​នេះ​ពិត​ជា​បាន​បាត់​ខ្លួន មិន​មែន​ផ្ទុះ​ ឬ​​ធ្លាក់​នោះ​ឡើយ។ វា​ជា​ករណី​ស្មុគស្មាញ​ និង​ពិបាក​ពន្យល់​បំផុត ដែល​ស្ថិត​នៅ​ជា​ភាព​អាថ៌កំបាំង​​រហូត​មក​ដល់​ពេល​​នេះ។ដូច្នេះ ចម្លើយ​ដ៏​សមស្រប​មួយ​សម្រាប់​​​​ពេល​នេះ​គឺ​មាន​តែ​រង់ចាំ​លទ្ធផល​ ស្រាវជ្រាវ​បន្ត​ទៀត​របស់​ក្រុម​អ្នក​​រុករក​​ដែល​មាន​រហូត​ដល់​ទៅ​១០​ ប្រទេស​​កំពុង​ធ្វើ​ការ​យ៉ាង​សកម្ម​ទាំង​ថ្ងៃ​ទាំង​យប់​ប៉ុណ្ណោះ។ ​​​សមាសភាព​ទាំង​ ១០​ប្រទេស​នោះ​មាន ម៉ាឡេស៊ី​ខ្លួន​ឯង ​ចិន ​វៀតណាម ​អាមេរិក ​​ឥណ្ឌូណេស៊ី ហ្វីលីពីន ​កូរ៉េ ​ជប៉ុន ​អូស្ត្រាលី ​និងចុងក្រោយ​បង្អស់​គឺ​ថៃ​

ទោះបី​ជា​យ៉ាងណា​ក៏ដោយ តាម​ប្រភព​​ព័ត៌មាន​ចុងក្រោយ​បាន​​​ឲ្យ​ដឹ​ងថា ក្រុម​សាច់ញាតិ​​ជន​រងគ្រោះ​​ចំនួន​​១៩គ្រួសារ​​នៅ​​តែ​អាច​ទាក់ទង​ដោយ​ ផ្ទាល់​បាន​ទៅ​​​​បង​ប្អូន​ដែល​បាន​បាត់​ខ្លួន ក៏ប៉ុន្តែ​ទូរសព្ទ​រោទិ៍​គ្មាន​អ្នក​លើក​ ហើយ​ពួកគេ​​កំពុង​​​ទទូច​​ឲ្យ​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ និង​រដ្ឋាភិបាល​ម៉ាឡេស៊ី​​​ធ្វើ​ការ​ពន្យល់​​លំអិត​ពី​​ករណី​នេះ។

សូម​បញ្ជាក់​ថា យន្តហោះ​ផ្ទុក​អ្នក​ដំណើ​រ ២៣៩នាក់ ​ធ្វើ​ដំណើរ​ចេញ​ពី​ទីក្រុង​កូឡាឡាំពួរ ​ប្រទេស​ម៉ាឡេស៊ី ​បាន​​​បាត់​ខ្លួន​ពី​ប្រព័ន្ធ​រ៉ាដា​ក្នុង​រយៈ​ពេល​២​ម៉ោង​ បន្ទាប់​ពី​ចាកចេញ​ពី​ទីក្រុង​ កូឡាឡាំពួរ​ ឆ្ពោះ​ទៅ​កាន់​​ទីក្រុង​ប៉េកាំង ​កាល​ពី​ម៉ោង ១២ និង​៤១នាទី​រំលង​អធ្រាត្រ​  ​ចូល​ថ្ងៃ​សៅរ៍​ ទី ៨មីនា ២០១៤។ យន្តហោះ​នេះ​ហោះ​ចេញ​ពី​ប្រព័ន្ធ​រាដ៉ា នៅ​ម៉ោង​ប្រមាណ​ជា ២ និង​ ៤០នាទី​ទៀបភ្លឺ៕

​​វៀតណា​​មញ្ជួន​ក្រុម​អ្នក​រុករកទៅ សមុទ្រ​ចិន​ខាងត្បូង

ទាហាន​ម៉ាឡេស៊ី​កំពុង​រុករក​នៅ​ដែន​សមុទ្រ​ចិន​ខាងត្បូង

ការ​ទន្ទឹង​រង់ចាំ​របស់​សាច់ញាតិ​ជន​រងគ្រោះ​ដែល​បាត់​ខ្លួន

បេសកកម្ម​រុករក​របស់​នាវា និង​យន្តហោះ​ទាំង​ដប់​ប្រទេស ​ប៉ុន្តែ​នៅ​តែ​គ្មាន​តម្រុយ

Copyright by sabay


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម