អត់​លុយ​​មួយ​សេន​នាំ​​គ្នា ច្រៀង​ខារ៉ា​អូខេ​1​យប់​​ទល់​ភ្លឺ នៅ​​ហាង​តន់​​ហន់​ជួប​​ស្នេហ៍

 
 

ខេត្តកំពត ៖ យុវជនឈ្មោះ ឯម ធា អាយុ១៩ឆ្នាំ នៅភូមិដើមស្នាយ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច ត្រូវបាននគរបាលប៉ុស្តិ៍ឃាត់ខ្លួន កាលពីថ្ងៃទី២២ តុលា ខណៈពេលរូបគេ នាំគូកន២នាក់ផ្សេងទៀត ចូលច្រៀងខារ៉ាអូខេហាង «តន់ហន់ជួបស្នេហ៍» បែរជាអត់ប្រាក់ ទើបម្ចាស់ហាង ប្តឹងនគរបាលប៉ុស្តិ៍ ឱ្យឃាត់ខ្លួនតែម្តង ។

យោងតាមសម្តីមន្ត្រីនគរបាល ព្រហ្មទណ្ឌស្រុក បាននិយាយថា កាលពីយប់ថ្ងៃទី២១ តុលា បានយុវជន៣នាក់ បានទៅច្រៀងខារ៉ាអូខេ នៅហាងឈ្មោះ «តន់ហន់ជួបស្នេហ៍» ដែលមានទីតាំង នៅផ្សារតន់ហន់ ក្នុងឃុំព្រែកក្រឹស ។ យុវជនទាំងនេះ បានច្រៀងរាំលេងសប្បាយ តាមទំនើងចិត្ត រហូតទៀបភ្លឺ ឈានចូលថ្ងៃទី២២ តុលា ។

លុះពេលពួកគេឈប់ច្រៀង ម្ចាស់ហាងខារ៉ាអូខេ ក៏មកគិតប្រាក់ អស់ចំនួន២៦ម៉ឺន៨ពាន់រៀល ស្រាប់តែពេលនោះ យុវជនទាំង៣នាក់ អត់មានប្រាក់ឱ្យទេ ហើយពួកគេ បានសុំម្ចាស់ហាង ទៅរកប្រាក់យកមកសង ។ ប៉ុន្តែម្ចាស់ហាង មិនអនុញ្ញាតឱ្យទៅណាទេ ស្រាប់តែយុវជន២នាក់ ក្នុងចំណោមពួកគេ ដែលម្នាក់ឈ្មោះ ទ្បាយ ឆេត អាយុ១៩ឆ្នាំ នៅភូមិដើមស្នាយ ឃុំព្រែកក្រឹស និងម្នាក់ទៀតឈ្មោះ ឈួន សុភាស់ អាយុ២៥ឆ្នាំ នៅភូមិព្រែកក្រឹស បានលួចទ្បើង តាមរបងខាងក្រោយ គេចទៅបាត់ស្រមោល ទុកឱ្យឈ្មោះ ឯម ធា ដេកលក់ក្នុងបន្ទប់ខារ៉ាអូខេ តែម្នាក់ឯង ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ប៉ូលិសបានស្រង់សម្តី ម្ចាស់ហាងតន់ហន់ជួបស្នេហ៍ ឱ្យដឹងថា ក្រុមយុវជនទាំង៣នាក់នេះ មានគំនិតឆបោក ហើយក៏ប្តឹងនគរបាល ប៉ុស្តិ៍ឃុំព្រែកក្រឹស ឱ្យឃាត់ខ្លួនឈ្មោះ ឯម ធា ដែលស្រវឹងជោកដេកមិនក្រោក បញ្ចូនមកអធិការដ្ឋាន នគរបាលស្រុក និងបំពេញសំណុំរឿង បញ្ជូនបន្តទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ។

លោកអនុសេនីយ៍ឯក រ័ត្ន សំអាង អធិការរងនគរបាលស្រុក មានប្រសាសន៍ថា ជនឈ្មោះ ឯម ធា មានសាវតារមិនល្អទេ ព្រោះកន្លងមក ធ្លាប់ហៅឪពុករបស់ខ្លួន កាប់គ្នាម្តងហើយ និងលួចទូរស័ព្ទ អ្នកផ្សារតន់ហន់ ព្រមទាំងលួចប្រាក់គេ នៅក្រោមកែបម៉ូតូ អស់ចំនួន៩០ម៉ឺនរៀលទៀតផង ។

ចំណែកករណីខាងលើនេះ ក្រុមសាច់ញាតិ ក៏មិនរវីរវល់ដែរ ព្រោះជាកូនដែលប្រដៅមិនបាន ហើយពេលឮដំណឹងនេះ បងប្អូនម្នាក់ៗ ហួសចិត្តស្ទើរគ្រប់គ្នា កោតតែអត់លុយមួយរៀលផង ហ៊ាននាំគ្នាទៅច្រៀង ផឹកស៊ីសប្បាយទៅកើត ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម