ខាង​ណា​ខុស ខាង​ណា​ត្រូវ​ជុំ​វិញ​រឿង ព្រាប សុវត្ថិ ប្តឹង​បិទ Concert សិរីមន្ត នៅ​ស្ទឹង​ត្រែង

 
 

លោក ព្រាប សុវត្ថិ តារា​ចម្រៀង​របស់​ផលិតកម្ម​ហង្សមាស បាន​ប្តឹង​ឲ្យ​បិទ​ការ​ប្រគំ​តន្ត្រី​មួយ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ជា​ទី​ដែល​លោក ខេមរៈ សិរីមន្ត ត្រូវ​ឡើង​ច្រៀង​កាល​ពី​ចុង​ខែ​មីនា។ ប្រតិកម្ម​បិទ​ការ​ប្រគំ​តន្ត្រី​របស់​តារា​ចម្រៀង​រូប​នេះ កើត​ចេញ​ពី​ការ​មិន​សុខ​ចិត្ត របស់​​លោក​ ព្រាប សុវត្ថិ ជាមួយ​នឹង​បដា​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Smart រចនា​ដាក់​រូប​លោក​ពី​ក្រោម និង​តូច​ជាង​លោក សិរីមន្ត ខណៈ​លោក យល់​ថា លោក​ល្បី​ជាង​តារា​ចម្រៀង​សាន់ដេ​រូប​នេះ។

ជាមួយ​នឹង​ប្រតិកម្ម​របស់​លោក ព្រាប សុវត្ថិ ប៉េអឹម​ខេត្ត​ស្ទឹងត្រែង​ដឹក​នាំ​ដោយ លោក អៀង វណ្ឌី បាន​ចុះ​ទៅ​រុះ​រើ នឹង​បញ្ជា​ឲ្យ​បិទ​កម្មវិធី​តន្ត្រី​ខាង​លើ​យ៉ាង​តក់ក្រហល់ មុន​ពេល​បើក​ដំណើរ​ការ​ឡើង​វិញ​ក្រោម​កិច្ច​អន្តរាគមន៍​ពី​​អភិបាល​ខេត្ត។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដោយ​គេ​បាន​ដក​ស្រង់​សំដី​របស់​លោក មុនីវណ្ណ អ្នក​គ្រប់​គ្រង​ឆាក ភ្លើង ភ្លេង SL ។

យោង​តាម​សំដី អ្នក​គ្រប់​គ្រង​រូប​នេះ​ដដែល សារព័ត៌មាន​នោះ​រាយការណ៍​បន្ត​ថា រឿង​រ៉ាវ​ដែល​លោក ព្រាប សុវត្ថិ កើត​ទុក​មិន​សុខ​ចិត្ត​ចំពោះ​ការ​ដាក់​រូប​លោក​ពី​ក្រោម និង​តូច​ជាង​លោក សិរីមន្ត នេះ មិន​មែន​ទើប​លើក​ទី​មួយ​ទេ ប៉ុន្តែ​កើត​ឡើង​ពីរ​បី​ដង​មក​ហើយ ប៉ុន្តែ​ក្រុមហ៊ុន​ខាង​ទូរសព្ទ​ចល័ត ចេះ​តែ​អត់​ធ្មត់។

លោក បន្ត​ថា កាល​នៅ​បាត់ដំបង និង​ព្រៃ​វែង ដោយ​ប្រកាន់​យក​ហេតុផល​ខាង​លើ លោក ព្រាប សុវត្ថិ ង៉ិកង៉ក់​មិន​ព្រម​ឡើង​ឆាក​ច្រៀង​ទៀត​ផង ប៉ុន្តែ​បាន​លោក​អង្វរ​សុំ​កុំ​ឲ្យ​ប្រកាន់ និង​ពន្យល់​ថា បាន​ជា Smart ដាក់​រូប សិរីមន្ត នៅ​ខាង​លើ និង​ធំ​ជាង ព្រោះ​តារា​ចម្រៀង​សាន់ដេ​រូប​នេះ ជា Brand Ambassador ជា​តួឯក​របស់​គេ ទើប​រឿង​រ៉ាវ​បាន​ដោះ​ស្រាយ​មួយ​គ្រា។

រឿង​មួយ​ទៀត​ដែល​លោក​ប្រកាន់​ដែរ​នោះ គឺ​រឿង​ក្រុមហ៊ុន Smart នៅ​តែ​ប្រើ​ប៉ាណូ​មាន​រូប​លោក​ទៀត នៅ​ក្នុង​កម្មវិធី​ដែល​លោក​អត់​បាន​ទៅ​ច្រៀង​។ លោក មុនីវណ្ណ បញ្ជាក់​លើ​បញ្ហា​នេះ​ទៀត​ថា ធម្មតា​គេ Promotion គេ​ធ្វើ​ប៉ាណូ​ផ្សព្វផ្សាយ គេ​ដាក់​រូប​តារា​ដែល​ជាប់​ពាក់ព័ន្ធ​ទាំង​អស់ ហើយ​ប៉ាណូ​នេះ នឹង​ត្រូវ​យក​ទៅ​ផ្សព្វផ្សាយ​នៅ​គ្រប់​ឆាក​ទាំង​អស់ បើ​ទោះ​តារា​ណា​មិន​ទៅ​ក៏​ដោយ ព្រោះ​កម្មវិធី​នេះ តារា​ទាំង​អស់​ត្រូវ​ឆ្លាស់​វេន​គ្នា​តាម​ខេត្ត។

នៅ​ថ្ងៃ​ទី ២៩ មីនា ២០១៤ នៅ​ខេត្ត​ស្ទឹង​ត្រែង ជា​វេន​​លោក ខេមរៈ សិរីមន្ត ត្រូវ​ទៅ​ច្រៀង ឯលោក ព្រាប សុវត្ថិ អត់​​ទេ ប៉ុន្តែ​ផ្អែក​លើ​ការ​ប្រើ​ប្រាស់​រូប​លោក ខណៈ​លោក​អត់​ទៅ​នោះ លោក ព្រាប សុវត្ថិ បាន​ទូរសព្ទ​ទៅ​ប្តឹង​ប៉េអិម ឲ្យ​មក​ដក​រូប​ថត​លោក​ដែល​មាន​លើ​ប៉ាណូ​ចេញ។ ប៉ុន្តែ​ពេល​មក​ដល់ កម្លាំង​ប៉េអិម​បាន​បញ្ជា​ឲ្យ​រុះរើ បិទ​ភ្លើង ពោល​គឺ​បិទ​កម្មវិធី​តែ​ម្តង មុន​ពេល​បើក​ដំណើរ​វិញ ក្រោយ​មាន​អន្តរាគមន៍​ពី​អភិបាល​ខេត្ត។

បញ្ហា​នេះ លោក អៀង វណ្ឌី មេបញ្ជាការ​កង​រាជអាវុធហត្ថ​ខេត្ត​ស្ទឹង​ត្រែង ដែល​ទទួល​ពាក្យ​បណ្តឹង​ពី​លោក ព្រាប សុវត្ថិ មិន​ព្រម​ធ្វើ​អត្ថាអធិប្បាយ​ឡើយ ដោយលោក​ស្នើ​ឲ្យ​ទៅ​​សួរ​សាមី​ខ្លួន​ទាំង​ពីរវិញ។

យ៉ាង​ណា លោក ព្រាប សុវត្ថិ មិន​អាច​សុំ​ការអធិប្បាយ​បាន​ទេ។ នៅ​ក្នុង​ជំនួប​ជាមួយ Sabay តាម​ទូរសព្ទ​ព្រឹក​នេះ លោក ប្រាប់​ថា​កំពុង​ជាប់​រវល់ ដូច​នឹង​អ្វី​ដែល​លោក​ឆ្លើយ​ជាមួយ​សារព័ត៌មាន​ខាង​លើ។

ដោយ​ឡែក​លោក សុវណ្ណ អ្នក​គ្រប់​គ្រង​កម្មវិធី​របស់ Smart ក៏​មិន​ព្រម​ធ្វើ​អត្ថាធិប្បាយដូច​គ្នា ដោយ​លោក​ប្រាប់​ថា កំពុង​ជាប់​ប្រជុំ​ដែរ។ ប៉ុន្តែ​តាម​រយៈ​សារព័ត៌មាន​មួយ​នោះ លោក បាន​បញ្ជាក់​ថា ក្រុម​ការងារ​លោក​បាន​ជជែក និង​សុំ​ទោស​លោក ព្រាប សុវត្ថិ រួច​ហើយ។ យ៉ាង​ណា​ក៏​ដោយ លោក ក៏​មិន​អាច​ធ្វើ​តាម​ការ​ស្នើ​សុំ​ទាំង​ស្រុង​ពី​លោក ព្រាប សុវត្ថិ ដោយ​ឲ្យ​ភាគី​ខាង​លោក និង​តំណាង​ក្រុម​ហ៊ុន SL សរសេរ​លិខិត​សុំ​ទោស​ដោយ​មាន​ការ​ចុះ​ហត្ថលេខា ព្រម​ទាំង​ផ្ដិត​មេដៃ​ជា​សាធារណៈ​នោះ​ដែរ។

បញ្ហា​នេះ​ដែរ​លោក លោក ខេមរៈ សិរីមន្ត ដែល​ត្រូវ​ឡើង​ច្រៀង​ក្នុង​កម្មវិធី​ដែល​លោក ព្រាប សុវត្ថិ ប្តឹង​ឲ្យ​បិទ​នោះ បាន​ឆ្លើយ​នឹង Sabay ថា រឿង​នេះ មិន​ជាប់​ពាក់​ព័ន្ធ​នឹង​រូប​លោក​ទេ ម្យ៉ាង​ក្នុង​ថ្ងៃ​នោះ លោក​ក៏​ទៅ​មិន​ទាន់​ហេតុការណ៍​ដែរ។ វិល​ទៅ​រឿង​ការ​ប្រើ​រូប​លោក​ធំ​ជាង និង​ស្ថិត​នៅ​ទីតាំង​ខ្ពស់​ជាង​លោក ព្រាប សុវត្ថិ លើ​ប៉ាណូ​ផ្សព្វផ្សាយ​នោះ លោក សិរីមន្ត បញ្ជាក់​ថា ក៏​មិន​មាន​ជាប់​ពាក់​ព័ន្ធ​លោក​ដូច​គ្នា។

លោក លើក​ឡើង​ថា “រឿង​គេ​ដាក់​នរណា​លើ នរណា​ក្រោម​ជា​រឿង​របស់​ក្រុម​ហ៊ុន ខ្ញុំ​អត់​មាន​ទាម​ទារ​អី​ទេ ប៉ុន្តែ Smart គេ​យក​ខ្ញុំ​ជា Ambassador របស់​គេ អីចឹង​គេ​ធ្វើ​ម៉េច​អី​ម៉េច ជា​រឿង​របស់​គេ ខ្ញុំ​អត់​ដឹង​ទេ!”។ និយាយ​ពី​ទំនាក់​ទំនង​ជាមួយ​លោក ព្រាប សុវត្ថិ មុន និង​ក្រោយ​កើត​រឿង​ខាង​លើ​វិញ លោក សិរីមន្ត ប្រាប់​ទៀត​ថា ស្ថិត​នៅ​ជា​ធម្មតា “ខ្ញុំ និង​គាត់​រាប់​អាន​គ្នា មាន​បុណ្យ​ទាន​អី​យើង​រត់​រក​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ក្នុង​ថ្ងៃ​នោះ ក្រោយ​ចប់ Concert ខ្ញុំ​ក៏​បាន​ជួប​គាត់​តាម​ទូរសព្ទ​ដែរ គឺ​ពួក​យើង​នៅ​តែ​ធម្មតា!”៕


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម