ហាង «ព្រះអាទិត្យ សៀមរាប» លក់ត្បូងក្លែងក្លាយ ឲ្យភ្ញៀវទេសចរ

 
 

-រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងអភិបាល ខេត្ដសៀមរាប មិនគួរឱ្យអាជីវកម្ម មួយនេះ បន្ដអាជីព បោកភ្ញៀវទេសចរឡើយ

សៀមរាប ៖ ហាងលក់ គ្រឿងអលង្កា និងត្បូង យីហោ «ព្រះអាទិត្យសៀមរាប» ដែល មានទីតាំងស្ថិត នៅទល់មុខផ្លូវភ្លោះ ក្នុងក្រុង សៀមរាប ខេត្ដសៀមរាប បានរងនូវការ ចោទប្រកាន់ ពីភ្ញៀវទេសចរ អន្ដរជាតិថា លក់ គ្រឿងអលង្កា និងត្បូងក្លែងក្លាយ ធ្វើឱ្យពួកគេ ខាតលុយ រាប់ពាន់ដុល្លារ ហើយបើសិន ជាមិនមាន ដំណោះស្រាយ និងការសម្របសម្រួល របស់ អង្គភាព នគរបាលទេសចរណ៍ នៅខេត្ដ សៀមរាបនោះ និងខាតបង់ទាំងស្រុងតែម្តង ។

សម្រាប់អាជីវកម្ម ហាង «ព្រះអាទិត្យសៀមរាប» ដែលលក់គ្រឿង អលង្កា និងត្បូងក្លែងក្លាយ ខាងលើនេះ ពិតជាធ្វើឱ្យ ប៉ះពាល់ យ៉ាង ធ្ងន់ធ្ងរ ដល់វិស័យទេសចរណ៍ ជាពិសេស ភ្ញៀវទេសចរ អន្ដរជាតិ ដែលខំ ជិះយន្ដហោះ ពីប្រទេសរបស់ខ្លួនមក ទស្សនាប្រាសាទអង្គរវត្ដ ក្នុងទឹកដី ខេត្ដសៀមរាប ប្រទេសកម្ពុជា ប៉ុន្ដែបែរជាពួកគេ ជួបអកុសល ចាញ់បោក ថៅកែហាងអស់ លុយរាប់ពាន់ដុល្លារ យ៉ាងដូច្នេះ ទៅវិញ ។

ជាក់ស្ដែង បុរសជនជាតិចិនម្នាក់ ដែល ស្កាត់មកទស្សនា ប្រាសាទអង្គរវត្ដដ៏ល្បាញ ល្បីរបស់ ប្រទេសកម្ពុជា នៅក្នុងទឹកដីខេត្ដ សៀមរាប នោះ បានចាញ់បោក ទៅទិញគ្រឿង អលង្កា និងត្បូង ដ៏ល្អប្រណិត (មើលពីសំបកក្រៅ) នៅក្នុងហាង «ព្រះអាទិត្យសៀមរាប» អស់ជាង១ម៉ឺនដុល្លារ ប៉ុន្ដែពេលនាំត្បួង ទាំងនេះទៅកាន់ទឹកដីរបស់ខ្លួនវិញ និងមានការ បញ្ជាក់ពីអ្នកជំនាញ លក់គ្រឿង អលង្កានោះ ទើបដឹងថា ជារបស់ក្លែងក្លាយ យ៉ាងពិតប្រាកដ ។

បុរសជនជាតិ ចិនរូបនេះ បាននិយាយថា កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ខ្លួនបានចូល ទៅទិញគ្រឿងអលង្កា មានត្បូង ខ្សែដៃ នៅក្នុងហាងមួយនេះអស់១២៨៣០ ដុល្លារ ដោយមិនថា ជារបស់ក្លែងក្លាយនោះ ឡើយ រួចពេលបញ្ចប់ ទស្សនានៅប្រទេសកម្ពុជា រូបគេក៏នាំត្បូង ទាំងនេះ ទៅកាន់ប្រទេសខ្លួនវិញ ហើយពេលពិនិត្យរបស់ អ្នកជំនាញទើបដឹងថា ជារបស់ក្លែងក្លាយ ។

ក្រោយពីដឹងថា វត្ថុមានតម្លៃទាំងនេះ ជារបស់ក្លែងក្លាយនោះ ជនរងគ្រោះមិនសុខ ចិត្ដបានស្វះស្វែង រកអន្ដរាគមន៍ ពីសាច់ញាតិ និង មន្ដ្រីនគរបាល នៅអង្គភាពទេសចរណ៍ ខេត្ដសៀមរាប ដើម្បីដោះស្រាយ និងទាម ទារលុយ របស់ខ្លួនជាង១ ម៉ឺនដុល្លារ នេះមកវិញ ។

ក្រោយពីការស្វះស្វែង រកអន្ដរាគមន៍ រួចមក នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ជនរងគ្រោះ រួមជាមួយ មិត្ដភក្ដិ របស់ខ្លួនជា ជនជាតិ ខ្មែរតាមរយៈលោក សំ រស្មី ប្រធាន អង្គភាពនគរបាល ទេសចរណ៍ ទៅជួបម្ចាស់ ហាងសួរនាំ និងទាមទារលុយមកវិញ ។

នៅពេលដែល ជនរងគ្រោះ និងមន្ដ្រីនគរបាលទេសចរណ៍ ទៅដល់ហាង និងសួរនាំភ្លាម ស្រាប់តែប្អូន ប្រុស របស់ថៅកែ ហាងឈ្មោះ ទា ហ៊ុយអាន អាយុ២៣ឆ្នាំ មិនបានបង្អែបង្អង់ ចំពោះលុយ ដែលទិញនេះទេ ពេលនោះរូបគេ បានយល់សងត្រឡប់មកវិញ ប៉ុន្ដែដំបូង ឡើងសុំកាត់ខាត២០ភាគរយ ។

ដោយមានការតវ៉ា និងមិនយល់ព្រម ទើបថៅកែហាង យល់ព្រមកាត់ ខាតចំនួន៥ភាគរយ ពោលនៅសល់ លុយ១២១៨៨,៥ដុល្លារ។ ការដែលម្ចាស់ហាង ប្រញាប់ប្រញាល់ និងមិនបង្អែបង្អង់ យូរសង លុយ ជនរងគ្រោះត្រឡប់ មកវិញនោះទំនង ជាដឹងខ្លួនច្បាស់ថា ជា របស់ក្លែងក្លាយ ហើយពេលឃើញ នគរបាល ទៅជាមួយផង ទើបមិនចង់តវ៉ាយ៉ាងដូច្នេះ ។

តាមការលួចបង្ហើប របស់មន្ដ្រីនគរបាល ទេសចរ បានឱ្យដឹងថា នាពេលកន្លងទៅក៏ មានភ្ញៀវទេសចរ ជនជាតិ ហ្វីលីពីនចាញ់ បោកទៅ ទិញគ្រឿង អលង្កា និងត្បូងនៅហាង មួយនេះ អស់ទឹកប្រាក់ ប្រមាណ ៣ម៉ឺនដុល្លារ។ ក្រោយពេលដឹងថា ចាញ់បោកជនជាតិហ្វីលីពិន បានទៅប្តឹងអាជ្ញាធរអន្តរក្រសួងឲ្យចុះទៅ កាន់ទីតាំងហាង ដើម្បីតវ៉ាយកលុយ របស់ខ្លួនមកវិញ តែគេមិនដឹងថា ទាមទារបាន លុយគ្រប់ ចំនួន ឬយ៉ាងណានោះទេ។

អាជ្ញាធរពាក់ព័ន្ធ ក៏បានចេញលិខិតព្រមានដល់ម្ចាស់នេះផងដែរ ឲ្យបញ្ឈប់របររកស៊ីបោកប្រាស់ភ្ញៀវទេស ដែលនាំឲ្យខូចឈ្មោះ និង កិត្តិយសប្រទេសជាតិ គ្រាកម្ពុជា កំពុងអូសទាញភ្ញៀវបរទេស ឲ្យចូលមក ទស្សនានៅកម្ពុជា។ តែវាជាការសោកស្តាយ ដែលម្ចាស់ហាង មិនរាងចាល ពេលនេះ បានប្រព្រឹត្តអំពើបោកប្រាស់ជាថ្មីម្តងទៀត។

នៅពេលដែលធ្វើ កិច្ចសន្យាប្រគល់លុយ មកឱ្យជនរងគ្រោះវិញ ប្អួនប្រុសថៅកែហាងបាននិយាយថា គ្រឿងអលង្កានិងត្បូងទាំងនេះ បើ នៅស្រុកខ្មែរ គឺមានតម្លៃ តែបើសម្រាប់បរទេសវិញ គឺគ្មានតម្លៃ នោះឡើយ ។

ការនិយាយ បែបនេះ បង្ហាញឱ្យឃើញ យ៉ាងច្បាស់ថា ហាងព្រះអាទិត្យសៀមរាប ពិតជាលក់គ្រឿង អលង្កានិងត្បូងក្លែងយ៉ាង ពិត ប្រាកដមែន ។ ជនរងគ្រោះ និងមជ្ឈដ្ឋាន មួយចំនួនមាន ជំនឿថា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងអភិបាលខេត្ដសៀមរាប លោក ឃឹម ប៊ុនសុង ព្រមទាំងសមត្ថកិច្ច ពាក់ព័ន្ធ និងមានវិធានការ រហូតឈានទៅដល់ការ បិទអាជីវកម្មហាងមួយនេះ ដែលធ្វើឱ្យ ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ដល់សតិអារម្មណ៍ និងការជឿទុកចិត្ដរបស់ភ្ញៀវ ទេសចរទាំងជាតិ និងអន្ដរជាតិ មិនត្រូវបន្ដវត្ដមាន ទៀតនោះឡើយ ឫមួយថ្នាក់ដឹកនាំដឹងហើយ តែទទួលបានផលប្រយោជន៍ ទើបទុកនៅស្ងៀមបែបនេះ៕








ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម