ព្រះមហាក្សត្រ និង សម្ដេចម៉ែ ប្រទានប្រាក់រង្វាន់ ៥ពាន់ដុល្លារ ដល់វីរនារី ស៊ន សៀវម៉ី

 
 

ភ្នំពេញ៖ ម្ចាស់មេដាយមាស កីឡាអាស៊ី កញ្ញា ស៊ន សៀវម៉ី នៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ នេះកញ្ញាបានចូល ក្រាបបង្គំគាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា ព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហមុនី និងសម្តេច ព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ តាមការអនុញ្ញាត នៅក្នុងព្រះរាជ ដំណាក់គន្ធបុប្ឋា នៃព្រះបរមរាជវាំង ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានថ្លែងឲ្យដឹងថា “ក្នុងឱកាស ចូលគាល់ព្រះ មហាក្សត្រ និងសម្ដេចម៉ែ កាលពីវេលាម៉ោង ១១:០០នាទី ព្រឹកមិញនេះ គឺបានប្រព្រឹត្តទៅ ក្នុងរយៈពេល ប្រមាណជា កន្លះម៉ោង ដោយមានការ ចូលរួមពីលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាប្រធាន គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា, ម្ដាយកញ្ញា ស៊ន សៀវម៉ី និងកញ្ញា ស៊ន សៀវម៉ី និងរូបខ្ញុំ” ។

អគ្គលេខាធិការ ខាងលើបានបន្ដថា ដើម្បីជាការ លើកទឹកចិត្ត និងអបអរសាទរ កីឡាការិនី តេក្វាន់ដូ ស៊ន សៀវម៉ី ដែល ដណ្ដើមបាន មេដាយមាស ពីកីឡាអាស៊ី ជូនដល់ប្រទេស ជាតិកម្ពុជា នោះព្រះករុណា សម្ដេចព្រះបាទ នរោត្តម សីហមុនី បានប្រទាន ប្រាក់រង្វាន់ចំនួន ៣,០០០ដុល្លារ ខណៈសម្ដេចម៉ែ ប្រទានទឹកប្រាក់ ចំនួន ២,០០០ដុល្លារ ឲ្យកញ្ញា ស៊ន សៀវម៉ី ។

មិនត្រឹមតែប៉ុណ្ណោះ ព្រះមហាក្សត្រ ទ្រង់បានប្រទាននូវ សៀវភៅឯកសារ ស្ដីពីប្រវត្តិកីឡា របស់សម្ដេចតា និងគប់ ឬជ័យភ័ណ្ឌ (Trophy) ដែលជាកិត្តិយស ដ៏ធំធេងប្រទានដល់ កីឡាការិនី ស៊ន សៀវម៉ី ទៀតផង ។

សូមរំឭកថា កីឡាការិនី ស៊ន សៀវម៉ី បានដណ្ដើមយក មេដាយមាស ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៧ នៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី០៣ ខែតុលាកន្លងទៅនេះ ក្រោយយកឈ្នះ កីឡាការិនីអ៊ីរ៉ង់ នៅវគ្គផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៧-៤ ប្រភេទទម្ងន់ ក្រោម៧៣ គីឡូក្រាម ៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម