ស្ត្រីជនជាតិ ញ៊ូហ្សេឡែន ប្រាប់ពី មូលហេតុ ដ៏មិននឹកស្មានមួយ ដែលនាង វាយបំផ្លាញ រូបព្រះពុទ្ធ បដិមា នៅប្រាសាទបាយ័ន!

 
 

ញ៊ូហ្សេឡែន ៖ កាលពីថ្ងៃទី ១២ តុលាកន្លងទៅនេះ ខ្មែរឡូតបានចុះផ្សាយ ស្តីអំពីស្រ្តីជនជាតិ បរទេសម្នាក់ បានសំងំខ្លួន ក្នុងប្រាសាទបាយ័ន ហើយបាន ធ្វើសកម្មភាពវាយបំផ្លាញ រួបព្រះពុទ្ធបដិមា នៅទីនោះ រហូតដល់បាក់បែកអស់។ យ៉ាងណាមិញ តាមប្រភព សារព័ត៌មាន ដេលីម៉េល របស់អង់គ្លេស បានចុះផ្សាយ ឲ្យដឹងថា ស្រ្តីម្នាក់នេះ បានសារភាពថា ខ្លួនពិតជាបាន វាយកំទេច  រួបព្រះពុទ្ធបដិមា នៅក្នុងប្រាសាទបាយ័ន ពិតមែន និង បានអះអាងថា នាងលឺសំលេងប្រាប់ថា ប្រាសាទបាយ័ននេះ មិនមែនជាកម្មសិទ្ធិ របស់ព្រះពុទ្ធទេ ប៉ុន្តែជារបស់ ទេពអប្សរឈ្មោះ អ៊ិនអានណា (Inanna)។

ស្រ្តីរូបនេះ មានឈ្មោះ Willemijn Vermaat អាយុ ៤០ ឆ្នាំ បានប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុក របស់ប្រទេសញ៊ូហ្សេឡែនថា នាងមិនមាន ចេតនាវាយបំផ្លាញ រូបព្រះពុទ្ធបដិមា នៅក្នុងប្រាសាទ បាយ័នទេ ប៉ុន្តែពេលដែល នៅក្នុងប្រាសាទ ស្រាប់តែរឿងចម្លែក បានកើតឡើងចំពោះនាង ដែលមានសំលេង អ្វីម្យ៉ាង កំពុងតែ និយាយជាមួយនាង។ នាងបានបន្តទៀតថា៖ «ខ្ញុំត្រូវបាន សំលេងនោះ ប្រាប់ថា ខ្ញុំត្រូវតែធ្វើការ សំអាត ប្រាសាទបាយ័ននេះ ព្រោះតែវា ពោរពេញទៅដោយសំរាម បង្កឡើងដោយ ព្រះសង្ឃ និង មនុស្សដទៃទៀត។ មិនតែប៉ុណ្ណោះទេ សំលេងនោះ បានប្រាប់ខ្ញុំទៀតថា ខ្ញុំត្រូវតែយក រូបព្រះពុទ្ធបដិមានោះចេញ ប៉ុន្តែខ្ញុំពិតជា មិនចង់ធ្វើដូច្នេះឡើយ ព្រោះថាវាមិនមែន ជារឿងលេងសើចទេ ហើយទាក់ទងនឹង សាសនាថែមទៀតផង»។

គួរបញ្ជាក់ដែរថា ប្រភពព័ត៌មាន បានឲ្យដឹងបន្ថែមថា នៅមុនពេល កើតហេតុ នាងក៏ត្រូវបាន ព្រះសង្ឃ ៣អង្គ ប្រទះឃើញ ខណៈ អាជ្ញាធរមាន សមត្ថកិច្ច បំពេញការងារ នៅទីនោះ ក៏កំពុង ដើរពិនិត្យរកមើល រូបនាងដែរ តែនាងបានរត់ទៅពួន សង្ងំនៅក្នុងព្រៃបាត់ តែក្រោយមក នាងបាន ត្រឡប់មកវិញ។ នាងបាននិយាយ យ៉ាងដូច្នេះថា៖ «ក្រោយមក ខ្ញុំក៏បាន ត្រឡប់ទៅអង្គុយលើភ្លៅ របស់រូបព្រះពុទ្ធបដិមា ដើម្បីធ្វើការ សមាធិ ប៉ុន្តែសំលេង ដដែល នៅតែ បន្តនិយាយ ជាមួយខ្ញុំទៀត រួចខ្ញុំ ក៏បានច្រានរួប ព្រះពុទ្ធបដិមានោះចេញ ដែលនៅពេល នោះហើយ ដែលខ្ញុំ បានធ្វើឲ្យ រូបព្រះបដិមា បែកតែម្តង ប៉ុន្តែខ្ញុំក៏បាន សុំខមាលទោស ពីព្រះបដិមា រួចហើយដែរ។ បន្ទាប់មក នៅពេលដែលខ្ញុំ ឈប់ធ្វើការសមាធិ សំលេងនោះ ក៏បាត់ភ្លាម តែម្តង»។

ក្នុងនោះដែរ ស្រ្តីរូបនេះ បានប្រាប់សារព័ត៌មាន APNZ ទៀតថា៖ «ខ្ញុំក៏មិនដឹងដែរ នៅយប់នោះ ពិតជាមានរឿងចម្លែកៗ បានកើតឡើង។ អាចថាខ្ញុំ ត្រូវបានអ្វីចូលសណ្ឋិត ក៏បាន ហើយខ្ញុំក៏នៅចាំអ្វីៗ ដែលបានកើតឡើង មិនទាន់ភ្លេចដែរ។ ខ្ញុំក៏ដឹងខ្លួនឯងដែរ ប៉ុន្តែខ្ញុំក៏មិនមែន ជាអ្នកដែល ត្រូវទទួលការចោទប្រកាន់ ទាំងស្រុងនោះដែរ។

នាងនៅបានអះអាង ទៀតថា៖ «ប្រាសាទបាយ័ននេះ មិនមែនជាទីកន្លែងសក្ការៈ របស់ព្រះពុទ្ធទេ ប៉ុន្តែវាជាទីកន្លែងសក្ការៈ របស់ ទេពអប្សរឈ្មោះ អ៊ិនអានណា (Inanna) ហើយខ្ញុំប្រាប់ បណ្តាញសារព័ត៌មាននេះ ក្នុងគោលបំណង ដើម្បីជួយទេពអប្សរ អ៊ិនអានណា ដែលប្រាសាទ បាយ័ននេះ ដំបូងឡើយ ជារបស់ទ្រង់ ប៉ុន្តែក្រោយមក ត្រូវបានគេប្តូរទៅជា កន្លែងសក្ការៈបូជា របស់ព្រះពុទ្ធវិញ ដូច្នេះទ្រង់ ចង់បានប្រាសាទ មួយនេះ ជារបស់ខ្លួនវិញ ជាថ្មីម្តងទៀត»៕

បញ្ជាក់៖ នេះគ្រាន់តែជាការ ស្រង់សំដី របស់ស្ត្រីរូបនេះ ដែលបានបំភ្លឺប្រាប់ ដល់សារព័ត៌មានបរទេស ប៉ុណ្ណោះ ចំពោះ ហេតុការណ៍ពិតប្រាកដ ឬយ៉ាងណានោះ សូមអានអត្ថបទ ទាក់ទងខាងក្រោម!

អត្ថបទទាក់ទង៖ 
អាជ្ញាធរអប្សរា ច្រានចោល ការចោទប្រកាន់ថា ដោះលែង ជនបរទេស ដែលវាយបំផ្លាញ ប្រាសាទបាយ័ន
អាជ្ញាធរអប្សរា បំភ្លឺរឿងស្ត្រី ជនជាតិបរទេស វាយបំផ្លាញ រូបព្រះបដិមា នៅប្រាសាទបាយ័ន



ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះការអះអាងរបស់ស្រ្តីរូបនេះ?

ប្រភព  ៖ ដេលីម៉ែល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម