ព្រោះតែក្តី ស្រឡាញ់ ដ៏លើសលប់ នារីពីរនាក់ ស្ម័គ្រចិត្ត រៀបការ ជាមួយគ្នា

 
 

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៤ នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នារីស្រឡាញ់ ភេទដូចគ្នាមួយគូ បានសម្រេចចិត្ត កាន់ដៃគ្នាចូលរោង ដើម្បីកសាងអនាគតគ្រួសារ និងបង្ហាញ ពីភក្តីភាពនៃក្តីស្នេហ៍  ។ បើទោះបីថាការសម្រេច រៀបអាពាហ៍ពិពាហ៍នេះ បានប្រាស់ចាក ពីច្បាប់នៃរៀប អាពាហ៍ពិពាហ៍ របស់ប្រទេសកម្ពុជា និង ប្រឈមនឹងការរើសអើង យ៉ាងណា ក៏ដោយ តែវាជាសក្ខីភាព មួយនៃធម្មជាតិដែលធ្វើអោយអ្នក ទាំងពីរមានភក្តីស្នេហ៍ រហូតឈានដល់ ថ្ងៃចូលរោងការនេះ ត្រូវបានធ្វើឡើង ដែលមានមនុស្ស យ៉ាងច្រើនកុះករ បានចូលរួម ពិធីមង្គលការនេះ ។ 

នារីដែលតាំងខ្លួនជាកូនកម្លោះ ក្នុងថ្ងៃរៀបមង្គលការនោះឈ្មោះ ស៊ូ លិលីន អាយុ១៨ឆ្នាំ ដែលមាន ឪពុកឈ្មោះ ស៊ុយ សុវណ្ណ អាយុ៥៣ ឆ្នាំ និងម្តាយឈ្មោះ ប៉ា សុខរី អាយុ៥៦ឆ្នាំ រស់នៅ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។ដោយឡែក នារីជាកូនក្រមុំឈ្មោះ ម៉ុន កញ្ញា អាយុ ១៨ឆ្នាំ ឪពុកឈ្មោះ ម៉ុន សុខុម អាយុ៦៤ឆ្នាំ និងម្តាយឈ្មោះ អ៊ូ ទូច អាយុ៦៦ឆ្នាំ រស់នៅស្រុកស្អាង ខេត្តកណ្តាល ។

អាណាព្យាបាលទាំងសងខាងបានប្រាប់អោយដឹងថា ការឈានចូលដល់ថ្ងៃរៀប អាពាហ៍ពិពាហ៍រវាង កូនគាត់ទាំងពីរនេះ គឺបានធ្វើឡើង ដោយមានការឯកភាពគ្នាទាំងសងខាង ដោយមិនមានការបង្ខិតបង្ខំ គឺកូនទាំងពីរនាក់ នេះបានស្រឡាញ់គ្នា ហើយបានរកលុយ ចូលគ្នាបានរៀបការនេះ ។ មុនពេល ដែលឈាន ដល់ថ្ងៃរៀបការនេះ ខាងនារីដែលតាំងខ្លួនជាកូនកម្លោះ ឈ្មោះ ស៊ូ លិលីន បានប្រាប់ ម្តាយឪពុកអោយចូលស្តី ដណ្តឹង ឈ្មោះ ម៉ុន កញ្ញា ក្រោយពីការស្តីដណ្តឹងរយៈពេលជាង១ខែ ទើបឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ការរៀប មង្គលការពួកគេ គឺធ្វើឡើងតាមប្រពៃណី ទំនៀមទំលាប់ខ្មែរ មានពិធីសែនព្រេន ចងដៃ កាត់សក់ ហែជំនូន ហើយ កម្មវិធី ចុងក្រោយនោះ គឺអញ្ជើញភ្ញៀវពិសាភោជនីអាហារចំនួន ២០០នាក់ ។

នៅក្នុងថ្ងៃនោះដែរ នារីដែលជាកូនកម្លោះ និងកូនក្រមុំទាំងពីរនាក់នេះ មិនបានប្រាប់អ្វីវែងឆ្ងាយនោះទេ គ្រាន់តែ បាននិយាយថា អ្វីដែល បានស្តែងឡើងនាពេលនេះ គឺជាការសម្រេចចិត្តរួមគ្នា ក្នុងការកសាង អនាគតគ្រួសារមួយ ដើម្បីបង្ហាញអំពីធម្មជាតិ នៃក្តីស្រឡាញ់ ដ៏លើសលប់រវាង ពួកគេ ទាំងពីរនាក់ ក្នុងការចាប់ដៃគ្នាឆ្ពោះទៅមុខ ដោយពួក គេទាំងពីរនាក់មិនខ្វល់ពីការរើសអើងក្នុងសង្គមនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេទាំងពីរនាក់ ងើបឡើង ប្រឈមនឹងបញ្ហាសង្គម និងស្នើអោយពួកគេមាន និងអ្នកផ្សេងទៀត ដែលជាអ្នក ស្រលាញ់ភេទដូចគ្នា មានសិទ្ធិដូចមនុស្សគ្រប់គ្នានៅក្នុងសង្គមផងដែរ ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម