អ្នក​នាង​ប៉ែន សុ​ផា​នី សម្តែង​អន់ ត្រូវ​អ្នកដឹកនាំ​រឿង​ដក​តំណែង​តួឯក

 
 

រាជធានីភ្នំពេញ ៖ អ្នកនាងប៉ែន សុផានី ដោយសារតែ ទេពកោសល្យសម្តែងអន់ ត្រូវអ្នកដឹកនាំរឿង ដកតំណែងតួឯក ហើយដាក់អ្នកផ្សេង ជំនួសវិញ ។ ចាត់ទុកជាបទពិសោធន៍មួយ សម្រាប់តារារលកក្រោយ ដែលប្រាថ្នាចង់ក្លាយជា តារាល្បីឈ្មោះ ដោយកាលពីពេល ថ្មីៗកន្លងមក អ្នកនាងប៉ែន សុផានី បានទម្លាយរឿង អាថ៌កំបាំងជីវិត ជាអ្នកសម្តែងអតីតកាល ឱ្យដឹងថា ពេលនាងមានវ័យ ១៨ទៅ១៩ឆ្នាំ បានសម្រេចចិត្ត ចូលពិភពសិល្បៈ ព្រោះអ្នកដឹកនាំរឿង មើលឃើញ និងយល់ថា នាងអាចសម្តែងបាន ។

ប៉ុន្តែការរំពឹងក្លាយជាតួអង្គ លេចធ្លោមិនបាន កើតឡើងតាមបំណងទេ ព្រោះអ្នកនាងប៉ែន សុផានី មិនមានទេពកោសល្យ សម្តែងបានល្អ ទោះជាមានការពន្យល់ប្រាប់ របស់អ្នកដឹកនាំរឿងក៏ដោយ។ គេពន្យល់យ៉ាងណា នៅតែអ្នក នាង សុផានី មិនអាចធ្វើបាន រហូតត្រូវអ្នកដឹកនាំរឿង ដកតំណែងជាតួឯក ដោយសារតែ អស់លទ្ធភាព យឹតយោងបាន ។

អ្នកនាងប៉ែន សុផានី នៅចងចាំថា នាងបានឱកាសសម្តែង ក្នុងខ្សែភាពយន្តរឿង «សំឡេងទ្រខ្មែរ» ជាលើកដំបូង ក្នុងតំណែងជាតួឯក ជាមួយលោក ហម ឈរ៉ា ដោយអ្នកស្រី ពាន់ ភួងបុប្ផា អ្នកដឹកនាំរឿង ជាអ្នកជ្រើសរើសរូបនាង ។ ប៉ុន្តែពេលនោះ អ្នកនាងសុផានី អត់យល់ពីរបៀបសម្តែង បែបណាទេ ដូច្នេះហើយសម្តែងមិនត្រូវទាល់តែសោះ ។ របៀបយំក៏អ្នកនាងសុផានី មិនចេះ ទោះជាមានគេប្រាប់ មានគេដើរតួជាគម្រូ ឱ្យមើលក៏ដោយ ។ ម្ល៉ោះហើយ អ្នកស្រីពាន់ ភួងបុប្ផា ប្រាប់ត្រង់ថា «កែលែងបានហើយ សូមទោសកុំអន់ចិត្ត! ខ្ញុំត្រូវការឱ្យរឿង ថតទៅមានការទាក់ទាញ មិនចង់ទទួលទៀតទេ ទៅហាត់រៀនសម្តែង សិនទៅទើបបានល្អ» ។ ជំនួសអ្នកនាងប៉ែន សុផានី អ្នកស្រីពាន់ ភួងបុប្ផា ដាក់អ្នកនាងពិសិដ្ឋ ពិលីកា វិញ ។

អ្នកនាងប៉ែន សុផានី អៀនខ្មាស និងឈឺចាប់ណាស់ ព្រោះតែគិតថា គេសម្តែងបាន ហេតុអីខ្លួនឯងធ្វើមិនបាន ។ តាំងពីពេលនោះមក អ្នកនាងប៉ែន សុផានី រៀនសម្តែងនៅមុខកញ្ចក់ និងស្តាប់ការណែនាំ របស់រៀមច្បងសិល្បៈ ។ ដូច្នេះហើយទើបក្រោយមក អ្នកនាង ប៉ែន សុផានី អាចមានសមត្ថភាព គ្រងតំណែងសម្តែងបានល្អ ។ តារាជើងចាស់ ប៉ែន សុផានី ថ្លែងថា «ប្រឡូកសិល្បៈ តាំងពីឆ្នាំ១៩៩៤ ខ្ញុំបានឆ្លងកាត់ រឿងជាច្រើន គ្មានអ្វីសំខាន់ ជាងការព្យាយាមទេ។ បើយើងចង់សម្តែងល្អ ទាល់តែហាត់រៀននៅសាលា មានគ្រូត្រឹមត្រូវ» ។

ក្រោយបរាជ័យលើកដំបូង ដោយគេដកហូតតំណែងតួឯកមក អ្នកនាងប៉ែន សុផានី បានសម្តែងក្នុងរឿងថ្មី មានចំណងជើងថា «បិសាចចម្លែក» ។ អ្នកនាងសុផានី អាចសម្តែងក្នុងរឿងនោះបាន ដោយសារតែខំហាត់រៀន ដោយខ្លួនឯងនៅផ្ទះ ។ ទោះជាសម្តែង បានច្រើនរឿង និងជាយូរឆ្នាំក្តី ពេលនេះអ្នកនាង ប៉ែន សុផានី ចាត់ទុកការសម្តែងរបស់ខ្លួន នៅតែមានចន្លោះខ្វះខាត គឺអត់មានអំនួត ថាល្អឥតខ្ចោះទេ ។ តារាសម្តែងជើងចាស់រូបនេះ និយាយថា «ឱ្យតែនៅជាតារាសម្តែង គឺនៅតែក្លាយជាតួអង្គ ឱ្យគេដាក់ពិន្ទុ ។ កាន់តែសម្បូរស្នាដៃ កាន់តែភ័យរឿងគេនិយាយថា សម្តែងយូរទៅខ្សោយទៅ ដូច្នេះហើយទើបខ្ញុំខំតទៅទៀត ។

ខ្ញុំចង់ឱ្យរលកក្រោយ យកចំណុចដែលនាងខ្ញុំ ធ្លាប់ជួបនេះ ធ្វើជាទុនមួយគិត បើស្រឡាញ់ការងារ អាជីពសិល្បៈត្រូវមើលអ្នកមុន» ។
អ្នកនាង ប៉ែន សុផានី ដោយសារតែមានបងប្អូន ដល់ទៅ៨នាក់ឯណោះ និងឪពុកម្តាយចាស់ជរា ទើបសម្រេចចិត្ត បោះបង់ការសិក្សា ត្រឹមអនុវិទ្យាល័យ ហើយចាប់អាជីព ជាតារាសម្តែង ដើម្បីជួយសម្រួល ជីវភាពគ្រួសារ ។ អ្នកនាងប៉ែន សុផានី កន្លងមក បានដកខ្លួនចេញពី ពិភពសិល្បៈជិត៥ឆ្នាំ ប៉ុន្តែដោយ អ្វីៗមិនស្ថិតស្ថិរ គឺស្នេហាក៏បាត់បង់ របររកស៊ីក៏មិនកាក់កប ទើបសម្រេចចិត្ត ត្រឡប់ចូលពិភពសិល្បៈវិញ ។

បច្ចុប្បន្នអ្នកនាង ប៉ែន សុផានី លេចមុខច្រើន ក្នុងខ្សែវីដេអូភាគ តាមទូរទស្សន៍ ដោយបានតំណែងជាតួ ម្តាយ ឬលោកជំទាវ ស្របតាមវ័យរបស់ខ្លួន ៕

អ្នកនាងប៉ែន សុផានី

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម