ការឈឺចាប់ បន្សល់ទុក ក្រោយពេល ជប់ខ្យល់! សូមប្រយ័ត្ន!

 
 

សឹង្ហបុរី៖ បុរសម្នាក់ បានឡើង ពងទឹកលើស្បែក យ៉ាងឈឺចាប់ បន្ទាប់ពីទទួល ការព្យាបាល ដោយជប់ខ្យល់ នៅក្នុងហាង ស្ប៉ារូចមក។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា បុរសឈ្មោះ ហ្វាង បានឡើងពងទឹកនៅលើខ្នង និងស្មា បន្ទាប់ពីបានទទួល ការព្យាបាល ដោយជប់ខ្យល់ “ba guan” នៅក្នុងហាង ស្ប៉ាទំនើប មួយកន្លែង ស្ថិតនៅផ្លូវ Beach Road ប្រទេសសឹង្ហបុរី កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤។ លោកហ្វាងបាន និយាយថា គាត់ធ្លាប់បានព្យាបាល ដោយការជប់ខ្យល់នេះ នៅកន្លែងផ្សេង ពីមុនមកដែរ ប៉ុន្តែមិនមានបញ្ហា ឡើងពងទឹកលើស្បែកនេះទេ នេះជាលើកទី១ហើយ ដែលគាត់មាន ប្រតិកម្ម ឡើងពងទឹក លើស្បែក ដោយសារតែជប់ខ្យល់ យ៉ាងដូច្នេះ។

ជាមួយគ្នានេះដែរ លោកហ្វាង បានផ្តល់ព័ត៌មាន តាមទូរស័ព្ទមកថា គាត់អាចដកពែងជប់ ចេញបានហើយ ប៉ុន្តែគាត់បន្តដាក់វា រហូតដល់ស្បែក ឡើងពងទឹក បែបនេះ ដោយសារតែ ជាតិពុលនៅលើ រាងកាយរបស់គាត់ មានកម្រិតខ្ពស់។ ២ទៅ៣ថ្ងៃ ក្រោយមក ពងទឹកទាំងនោះ ក៏ចាប់ផ្តើម រមាស់ ហើយធ្វើឲ្យគាត់ ក្តៅខ្លួនយ៉ាងខ្លាំង ដោយសារតែឆ្លងមេរោគ។ ក្នុងនោះដែរ លោកហ្វាង ក៏បានទៅរកគ្រូពេទ្យ ដល់ទៅ៣នាក់ ហើយម្នាក់ៗ សុទ្ធតែ និយាយថា ពងបែកទាំងនោះ គឺបណ្តាលមកពី ការជប់ខ្យល់ ខុសបច្ចេកទេស។

យ៉ាងណាមិញ លោកហ្វាង ក៏បានត្រឡប់ទៅកាន់ ហាងស្ប៉ានោះម្តងទៀត ដើម្បីតវ៉ារឿងដែល ធ្វើគាត់ឡើងពងទឹកទាំងនោះ ប៉ុន្តែខាងហាងស្ប៉ា បែរជានិយាយថា ពងទឹកទាំងនោះ គឺកើតចេញមកពី ស្បែករបស់គាត់ មានជាតិពុលច្រើនពេក មិនមែនមកពី ការជប់ខ្យល់ខុស បច្ចេកទេស នោះទេ និង ថែមទាំងមិនទទួល ខុសត្រូវឡើយ។ តែចុងក្រោយ ខាងហាងស្ប៉ា ក៏បានសងសំណង ដោយចេញថ្លៃព្យាបាល ឲ្យលោកហ្វាង ប៉ុន្តែវាមិនគ្រប់គ្រាន់ សម្រាប់អ្វីដែលគាត់ ខាតបង់នោះទេ ដោយគាត់ខកខាន ការធ្វើដំណើរ ទស្សនកិច្ច ទៅកាន់ប្រទេស វៀតណាម ដើម្បីមុខជំនួញ ថែមទៀតផង៕



ប្រភព៖ Stomp


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម