សល់០៥ថ្ងៃទៀត​ នឹងដល់ខួបពីរឆ្នាំ​នៃការ​យាងចូលទិវង្គតរបស់​សម្តេច​ឪនរោត្តម សីហនុ

 
 

នៅសល់តែ០៥ថ្ងៃទៀត នឹងដល់ខួបពីរឆ្នាំ នៃការយាងចូលទិវង្គត របស់អតីតព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ។

គួរបញ្ជាក់ថា ព្រះមហាវីរក្សត្រ ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ និងជាព្រះបិតា ឯករាជ្យជាតិ បានសោយទិវង្គត ដ៏គួរឱ្យសោកស្តាយ អាឡោះអាល័យពន់ពេក នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីវេលា ម៉ោងជិត២ព្រឹក ថ្ងៃទី១៥ តុលា ២០១២ ម៉ោងនៅទីក្រុងប៉េកាំង ត្រូវជាម៉ោង១ និង២០នាទី រំលងអធ្រាត្រ (ម៉ោងនៅរាជធានីភ្នំពេញ) គឺសុគតប៉ុន្មាននាទី ក្រោយពេលបញ្ជូន ទៅកាន់មន្ទីរពេទ្យទំនើប ប្រចាំព្រះកាយព្រះអង្គ ដោយសារ រោគគាំងបេះដូង ។

ព្រះមហា វីរក្សត្រ ព្រះបាទ នរោត្តម សីហនុ បានចូលទិវង្គត ក្នុងព្រះជន្មាអាយុ៩០ព្រះវស្សា នៅក្នុងការព្យាបាល អស់រយៈពេល រាប់សិបឆ្នាំ ប្រយុទ្ធប្រឆាំង នឹងជំងឺមហារីក គ្រាប់ឈាម ដែលជាញឹកញយ ព្រះមហាវីរក្សត្រតែងតែ ចេញចូលផ្លាស់ប្តូរវេនគ្នា នៅទីក្រុងភ្នំពេញ ដើម្បីធ្វើព្រះរាជកិច្ច ប្រទេសជាតិ និងនៅទីក្រុងប៉េកាំង ដើម្បីព្យាបាលព្រះរោគ ។

ដំណឹងលាចាកលោក របស់ព្រះមហាវីរក្សត្រ (សម្តេចឪ) បានបញ្ជូនមកដល់ ប្រទេសកម្ពុជាភ្លាម ធ្វើឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់រូបស្លុតស្លុងប្រមាក្តុកក្តួល ឆួលឱរា ស្រណោះអាឡោះអាល័យ រកទីបំផុតគ្មាន ។

ព្រះរាជកិច្ច ដ៏ធំធេង ទោះមេឃរលំភ្នំរលាយ ក៏ប្រជាពលរដ្ឋខ្មែរ មិនអាចបំភ្លេចបាននោះ គឺព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យជាតិ ពីអាណាព្យាបាល បារាំង ហើយទទួលបានជោគជ័យ នៃឯករាជ្យជាតិ ពេញលេញ នៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ។ ការទាមទារ ធ្វើជាម្ចាស់ស្របច្បាប់ ពីកណ្តាប់ដៃសៀម លើប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ទទួលបានជោគជ័យ នៅថ្ងៃទី១៥ មិថុនា ១៩៦២, ការទាមទារខេត្ត ទាំង៤ ពីកណ្តាប់ដៃសៀម ទទួលបានជោគជ័យ គឺខេត្តបាត់ ដំបង, សៀមរាប, កំពង់ធំ និងស្ទឹងត្រែង, និងជាស្ថាបនិក រួមជាមួយសម្តេចតេជោ ហ៊ុន សែន បង្កើតឱ្យខ្មែរគ្រប់ភាគី រួបរួមគ្នា គឺកិច្ចចរចា សន្តិភាពក្រុងប៉ារីស ។ ក្រៅពីនេះ នៅមានស្នាព្រះហស្ត ធំធេងទៀតនោះគឺ បង្រួបបង្រួមជាតិ និងផ្សះផ្សាជាតិ-អន្តរជាតិ ។

សូមទស្សនារូបភាព ស្តីពីសកម្មភាព នៃការចូលរួម របស់ប្រជាពលរដ្ឋ ព្រះសង្ឃ និងថ្នាក់ដឹកនាំ ក្នុងព្រះរាជពិធីទទួល និងដង្ហែព្រះបរមសព ការគោរពព្រះវិញ្ញាក្ខន្ឋ ៖





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម