ពពាក់​ពពូន​មើល​ស្ត្រី​ចំណាស់​អះ​អាង​ថា​ កើត​កូន​ជា​ពង និង​ចិញ្ចៀន

 
 

ខេត្តកំពង់ឆ្នាំង ៖ ហេតុការណ៍ចម្លែក និងភ្ញាក់ផ្អើលមួយបានកើតឡើងរយៈពេល២ថ្ងៃមកហើយ គិតត្រឹម ថ្ងៃ៩ តុលា ដោយសារតែស្ត្រីម្នាក់បានអះអាងថា គាត់ប្រសូតបុត្រមកជាព្រះទម្រង់២អង្គ (ចិញ្ចៀន) និងកែវ៧ពណ៌១អង្គ(ស៊ុត) ខណៈដែលខ្លួនគាត់គ្មានពពោះបន្តិចសោះ ។ អ្វីដែលចម្លែកទៅទៀតនោះ គឺនៅពេលដែលលើកបុត្រទាំង៣អង្គ មកបំបៅដោះស្វិតដែលគ្មានទឹកដោះសោះក៏ប្រែជាឡើងប៉ោង ចុងដោះឡើងក្រហម និងមានចេញទឹកដោះថែមទៀត ។

ហេតុការណ៍ចម្លែកដែលអ្នកខ្លះជឿ អ្នកខ្លះអត់ជឿនេះ បានកើតឡើងនៅភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ។ ទោះជាយ៉ាងនេះក្តី ការភ្ញាក់ផ្អើលនេះមិនមានមនុស្សច្រើនចាប់អារម្មណ៍ប៉ុន្មានទេ គឺមានតែ២០ទៅ៣០នាក់ប៉ុណ្ណោះ ពពាក់ពពូនទៅមើល ។ គ្រួសារដែលអះអាងថាមានរឿងចម្លែកនេះ ប្តីឈ្មោះ ប៊ូ រ៉ុនងាយ អាយុ៥២ឆ្នាំ ហើយប្រពន្ធដែលអះអាងថាមានបារមីសណ្ឋិតឈ្មោះ ជា អីុត អាយុ៤២ឆ្នាំ ។ ប្តីប្រពន្ធនេះមានកូន៥នាក់ ក្នុងនោះប្រុស៣នាក់ ។ បុរសជាប្តីនិយាយថា នៅវេលាម៉ោងប្រមាណ៨ព្រឹក ថ្ងៃទី៨ តុលា គឺជាថ្ងៃចេញព្រះវស្សា ខណៈរូបគាត់កំពុងចិត្តបន្លែធ្វើម្ហូបទៅវត្តជាមួយប្រពន្ធ ស្រាប់តែប្រពន្ធគាត់ស្រែកយំថា «មាតាចង់ទៅវត្តដើម្បីប្រោសពល និងជួយកសាងវត្តព្រះជ័យឥន្ទ្រាផង» ។

ប្តីរៀបរាប់ថា ការយំស្រែកសុំទៅវត្តបែបនេះគាត់ស្មានតែប្រពន្ធសុំទៅដោយធម្មតា តែពេលនោះប្រពន្ធគាត់បានសុំឱ្យមានការដង្ហែដោយមានបាំងក្លស់ផង សូម្បីតែគាត់បាំងឆត្រឱ្យ ក៏មិនព្រមដែរ ហើយគាត់បានទៅខ្ចីក្លស់ពីវត្តមកបាំងឱ្យ ។ នៅពេលនោះម៉ោងជាង៩ព្រឹកទៅហើយ ប្រពន្ធគាត់ត្រូវបានដង្ហែដោយមានមនុស្សប្រមាណ៣០នាក់ ភាគច្រើនជាយាយៗដែលហែដោយថ្មើរជើងមកកាន់វត្តព្រះជ័យឥន្ទ្រា ហៅវត្តដំរីកូន ស្ថិតក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ជាវត្តក្នុងភូមិ ដែលគាត់រស់នៅ និងមានចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះរបស់គាត់ ។ បុរសជាប្តីបន្តថា ពេលមកដល់វត្ត ប្រពន្ធគាត់ដែលតាំងខ្លួនជាព្រះមាតា បានទៅគង់នៅកុដិ១ ដែលគេទុកសម្រាប់ដាក់សម្ភារចានឆ្នាំង ហើយក៏មានមនុស្សម្នាចេះតែមក មើលដែរ។

រហូតដល់ម៉ោងជាង៣រសៀល ស្រាប់តែប្រពន្ធគាត់មានពោះធំដូចមនុស្សមានទម្ងន់៦-៧ខែ ហើយក៏ស្រាប់តែឈឺពោះ និងប្រសូតបានជាចិញ្ចៀន ដែលតម្រូវឱ្យហៅថាព្រះទម្រង់មានសណ្ឋានដូចសត្វឥន្ទ្រី ។ លុះថ្ងៃស្អែកឡើងថ្ងៃទី៩ តុលា ស្រាប់តែប្រពន្ធគាត់ប្រសូតបានចិញ្ចៀនជាព្រះទម្រង់មួយវង់មានដាំត្បូង ។ បុរសជាប្តីបានរំឭកថា កាលពីជាង៣ខែ មុន ប្រពន្ធគាត់និងគាត់ពេលដើររើសលាមកគោ ក្របី តាមវាលស្រែ ដើម្បីយកមកដាក់ឡជីវឧស្ម័ន ស្រាប់តែប្រពន្ធគាត់ឈឺពោះ ហើយប្រសូតបានស៊ុតមួយដែលតម្រូវឱ្យហៅថា កែវ៧ពណ៌ តែកាលណោះប្រពន្ធគាត់បានលាក់ទុករហូតមក ទើបតែប្រាប់គាត់នៅពេលប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ។ អ្នកភូមិ ពិសេសយាយៗដែលនៅផ្ទះជិតស្ត្រីខាងលើនេះនិយាយថា ស្ត្រីរូបនេះគ្មានកូនតូចអីទេ ដោះក៏ស្វិតទៅទៀត ប៉ុន្តែអ្វីដែលចម្លែកនោះ គឺនៅពេលដែលស្ត្រីរូបនោះលើកបុត្រទាំង៣ មានព្រះទម្រង់២អង្គ និងកែវ៧ពណ៌មួយអង្គ ដាក់លើកន្សែងពោះគោ យកមកបំបៅ ស្រាប់តែដោះឡើងរឹង ហើយមានទឹកដោះទៀត ។

ស្ត្រីអ្នកភូមិម្នាក់ឈ្មោះ ជឹម ជន អាយុ៤១ឆ្នាំ ដែលជាអ្នកនៅជាប់ផ្ទះស្ត្រីខាងលើនេះនិយាយថា គាត់ពិតជាបានបង្កើតបុត្រនោះដោយផ្ទាល់ដៃឱ្យទៀតផង គឺមិនក្លែងបន្លំទេគាត់មានជំនឿខ្លាំងណាស់ ។ ដោយឡែកលោកតា គង់ ដែលជាគណៈកម្មការ និងជាអាចារ្យវត្តវិញ និយាយថា គាត់មិនបានដឹងអ្វីទាំងអស់ សូម្បីតែស្ត្រីរូបនោះមកនៅកុដិសម្រាប់ដាក់ចានឆ្នាំង ក៏គាត់មិនបានដឹងដែរ ថ្វីបើគាត់ជាអាចារ្យវត្តក៏ពិត មែន ។ បុ៉ន្តែពេលសួរគាត់ថា តើរឿងហេតុដែលបានកើតឡើងនេះ លោកតាជឿដែរឬអត់ គាត់ឆ្លើយថា ឱ្យជឿម៉េច បើមិនដែលឃើញផ្ទាល់ភ្នែក និងមិនដែលដឹងផងហ្នឹង ។ ចំណែកអ្នកភូមិខ្លះទៀតដែលបានទៅមើលហេតុការណ៍នោះដែរបាននិយាយពេលចេញមកវិញថា ខ្ញុំមិនសូវជឿប៉ុន្មានទេ មើលទៅដូចចិញ្ចៀន និងពងទាធម្មតាសោះ ឱ្យជឿម៉េចបាន ព្រោះសព្វថ្ងៃនេះខ្វះអីមនុស្សបោកប្រាស់ដូចគ្រួសារគាត់ក៏ធ្លាប់ចាញ់បោកគេម្តងដែរ រឿងខ្នាយតាន់កាប់មិនមុត ដុតមិនឆេះស្អីនោះ ការពិតបោកសោះ ។

មុននឹងថតរូប ស្ត្រីដែលអ្នកខ្លះជឿថា មានបារមីបានប្រាប់អ្នកកាសែតថា បើមិនសុំថតមិនជាប់ឡើយ តែដើម្បីគោរពសិទ្ធិក៏បានសុំបារមី ថតជាង១០បុ៉ស្តិ៍ឃើញថា ថតជាប់ទាំងអស់ (Sic) ។ រឿងរ៉ាវខាងលើនេះគ្រាន់តែជាព័ត៌មានមួយដែលបានកើតឡើង ដោយមានមនុស្សពពាក់ពពូនទៅមើល ។ ប៉ុន្តែថាមនុស្សកើតកូនចម្លែកបែបនេះ ពិតជាពិបាកជឿណាស់ និងគ្មានភាពអស្ចារ្យណាមួយគួរឱ្យជឿសោះដែលមនុស្សកើតកូនបានពង បានចិញ្ចៀនបែបនេះ ។ មនុស្សគឺកើតមកជាមនុស្សហើយ ។ អ្វីដែលធ្វើឱ្យចាប់អារម្មណ៍នោះគឺក្នុងចំណោមអ្នកភូមិ មានអ្នកខ្លះជឿ អ្នកខ្លះទៀតមិនជឿទេ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម