យក​ដុល្លារ​សែន​ខ្មោច​ទិញ​មាស​៦​តម្លឹង​នៅ​ផ្សារ​កំពង់​ធំ

 
 

ខេត្តកំពង់ធំ ៖ អំពើឆបោកដ៏កម្លៅមួយ បានធ្វើឱ្យញ័រកក្រើក ផ្សារកំពង់ធំ បន្ទាប់ពីក្រុមជនខិលខូច៣នាក់ បានយកក្រដាសប្រាក់ ដុល្លារខ្មោច បន្លំទិញមាស ។ ទោះបីជាយ៉ាងណា បក្សពួកម្នាក់ ក្នុងចំណោម៣នាក់នេះ ត្រូវបាននគរបាលល្បាតក្នុងផ្សារ រួមជាមួយអាជីវករ ព័ទ្ធចាប់បានភ្លាមៗ កាលពីថ្ងៃទី៧ តុលា បន្ទាប់ពីក្រុមខាងលើនេះ បានបន្លំយកក្រដាសដុល្លារ សែនខ្មោច ចំនួន២១.៧០០ដុល្លារ មកទិញមាស ចំនួន៦តម្លឹង ក្នុងផ្សារកំពង់ធំ ។

ទាក់ទិននឹងហេតុការណ៍ខាងលើ សមត្ថកិច្ចនៅកន្លែងកើតហេតុ បាននិយាយប្រាប់ តាមការរៀបរាប់ របស់ស្ត្រីម្ចាស់តូប លក់មាស ថា មានមនុស្ស ប្រុសស្រី៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) ដើរមើលតាមទូមាស និងមានបំណង ចង់ចូលតូបមួយ នៅក្បែរតូបគាត់ តែដោយសារតូបនោះ មានមនុស្សច្រើន ក៏ដើរចេញវិញ រួចសំដៅមកតូបគាត់ ដែលមានតែគាត់ នៅម្នាក់ឯង ។

ដំបូងជនទាំង៣នាក់ សួរនាំពីហាំងឆេងមាស និងឱ្យគាត់ថ្លឹងមាស ៦តម្លឹងឱ្យពួកគេ។ ស្ត្រីអ្នកលក់មាសរៀបរាប់ថា ប៉ុន្តែគាត់មិនបានលក់មាស ឱ្យម្តងទាំង៦តម្លឹងទេ គឺបានកាត់ថ្លឹង ម្តង១តម្លឹង ត្រូវប្រគល់លុយម្តង ។ បន្ទាប់ពីថ្លឹងមាស បាន១តម្លឹង ស្ត្រីម្នាក់នោះ បានហុចបន្ត ទៅឱ្យបុរសជាបក្សពួកកាន់មើល ហើយស្ត្រីរូបនេះ ក៏រាប់លុយឱ្យថ្លៃមាស ។ ឆ្លៀតឱកាសនោះ បក្សពួក២នាក់ ដែលកាន់មាសមើល បានគេចខ្លួនបាត់មុខភ្លាម ។

ចំណែកម្ចាស់តូប លក់មាស ក្រោយពីទទួលលុយ ឃើញថាសុទ្ធតែជាក្រដាស ដុល្លារសែនខ្មោច គាត់ក៏ស្រែកផ្អើលក្នុងផ្សារ និងបានឱ្យអ្នកលក់មាស ក្បែរៗគ្នា ជួយដេញចាប់ បានស្ត្រីអ្នករាប់កាន់លុយ រួមជាមួយវត្ថុតាង ដុល្លារខ្មោចមួយបាច់ ជាង២ម៉ឺនទៀត ។

លោកអធិការនគរបាល ក្រុងស្ទឹងសែន បាននិយាយថា មាសដែលបាត់បង់ មានចំនួន១តម្លឹង ហើយស្ត្រីម្នាក់ ដែលត្រូវបានឃាត់ខ្លួននេះ ឈ្មោះ ឆាន នី អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងភូមិសាលាសន្ទុក ឃុំកកោះ ស្រុកសន្ទុក និងបានកសាងសំណុំរឿង បញ្ចូនទៅសាលាដំបូងខេត្ត ។

ជាមួយនឹង សកម្មភាពក្លែងបន្លំខាងលើ សមត្ថកិច្ច ក៏បានធ្វើការអំពាវនាវ ដល់អាជីវករលក់ទិញមាស និងប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ត្រូវមានការប្រុងប្រយ័ត្ន ចំពោះជនឆបោក ដែលឆ្លៀតឱកាស បន្លំគ្រប់រូបភាព និងត្រូវសហការ រាយការណ៍បន្ទាន់ ដល់សមត្ថកិច្ច ក្នុងករណី កើតមានបញ្ហាអ្វីមួយ ៕

ស្ត្រីសង្ស័យដែលយកដុល្លារសែនខ្មោចទិញមាស៦តម្លឹងនៅផ្សារកំពង់ធំ

ដុល្លារសែនខ្មោច

ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម