ប្តីបរទេស ចង់នៅស្រុកខ្មែរ តែ ទូច ស្រីលក្ខណ៍ ចង់ទៅនៅស្រុកប្តី

 
 

រាជធានីភ្នំពេញ ៖ បន្ទាប់ពី សម្រាលកូន បានរយៈពេល១ខែកន្លះ អ្នកនាង ទូច ស្រីលក្ខណ៍ បង្ហាញមុខនៅក្នុង ពិភពសិល្បៈវិញហើយ មិនហ៊ានដំអក់ នៅផ្ទះយូរទេ ព្រោះខ្លាច មហាជនភ្លេចមុខ ។ ជាក់ស្តែង ទូច ស្រីលក្ខណ៍ បានចូលរួមច្រៀង ក្នុងកម្មវិធីប្រគំតន្ត្រី ផ្សាយបន្តផ្ទាល់ «តន្ត្រីថ្ងៃអាទិត្យ» របស់ទូរទស្សន៍ ស៊ីធីអិន កាលពីថ្ងៃទី៥ តុលា ២០១៤ ។

ក្នុងជំនួបជាមួយ អ្នកយកព័ត៌មាន កោះសន្តិភាព នៅខាងក្រោយឆាក «តន្ត្រីថ្ងៃអាទិត្យ» អ្នកនាងទូច ស្រីលក្ខណ៍ រៀបរាប់ពីការ បាត់មុខនាងពី ពិភពសិល្បៈរយៈពេល ៤ខែកន្លងមកថា នាងបានទៅ ប្រទេសថៃ ជាមួយស្វាមី និងបងប្អូន ដើម្បីត្រៀម សម្រាលកូន ។ កូនប្រុសរបស់នាង មិនបានកើត បែបធម្មជាតិទេ គឺកើតមក ដោយការវះកាត់ ព្រោះថ្លោសពេក មានទម្ងន់ដល់ទៅ ៤,២គីឡូក្រាម និងមកទល់ពេលនេះ រយៈពេលជាង១ខែ ឡើងទម្ងន់ដល់ជិត ៦គីឡូក្រាមឯណោះ ។ កូនប្រុសរបស់ ស្រីលក្ខណ៍ ឈ្មោះ «ម៉ាក់ ណេម មហារិទ្ធិ យ៉ែមក្វាន មែន» ហៅ«មហារិទ្ធិ» ។

ចូលរួមសម្តែងឱ្យកម្មវិធី តន្ត្រីទូរទស្សន៍លើកដំបូង ក្រោយពីសម្រាលកូន ដោយមិនខ្លាច ទាស់សរសៃខ្ចីបែបនេះ ស្រីលក្ខណ៍ អះអាងថា មកពីនាងដឹងខ្លួនថា នាងមានសុខភាពល្អរឹងមាំ ។ ទោះជាយ៉ាងណាក្តី នាងមិនសម្តែងញឹកញាប់ ដូចពេលមិនទាន់ មានកូនទេ ដោយសារកូន នៅតូចត្រូវការ ទឹកដោះដំបូងពីមាតា ។ ដូច្នេះហើយ ស្រីលក្ខណ៍ចំណាយ ពេល៥០%សម្រាប់ ការងារសិល្បៈ និង៥០%នៅផ្ទះ មើលថែកូន និងបំពេញតួនាទី ជាភរិយា ។

ចំពោះការដើរបង្ហាញម៉ូដ ស្រីលក្ខណ៍នៅតែបន្ត តែពេលនេះនាង អត់ទាន់ហ៊ានទទួលទេ ព្រោះបង្ហាញម៉ូដ ត្រូវប្រើស្បែកជើង កែងខ្ពស់ និងអែនអនរាងកាយ ដូច្នេះរង់ចាំឱ្យរឹង ដៃជើងជាងនេះសិន ។ តារាដែលចូលរោងការ ក្នុងឆ្នាំ២០១១ ទូច ស្រីលក្ខណ៍ រំឭកថា បន្ទាប់ពីរៀបការរួច ថ្មីៗស្វាមីចង់ឱ្យនាង ចេញទៅរស់នៅ ប្រទេសរបស់លោក គឺប្រទេសន័រវេស តែពេលនោះ នាងមិនចង់ទៅទេ ។ ឥឡូវ ស្រីលក្ខណ៍ ប្តូរចិត្តចង់ទៅ រស់នៅទីនោះ បែរជាប្តីចង់រស់ នៅស្រុកខ្មែរវិញ ប៉ុន្តែវាមិនមានបញ្ហាអ្វីទេ ។

អ្នកនាងទូច ស្រីលក្ខណ៍ និយាយថា «ប្តីខ្ញុំបានសួរថា ចង់ចូលសិល្បៈ បន្តទៀតទេ ពេលមានកូន ។ ពេលនោះខ្ញុំគិតថា បើប្រាប់ថា ចង់ពេញទំហឹង ច្បាស់ជាគាត់ មិនសូវសប្បាយចិត្ត ។ ពេលនោះខ្ញុំប្រាប់ថា គ្រាន់តែចង់បង្ហាញមុខ ឱ្យទស្សនិកជន បានឃើញតាមការ នឹករលឹកអ្នកគាំទ្រ ទើបអាចមានសិទ្ធិ មកឡើងសម្តែងបាន ព្រោះតែគាត់ចង់ឱ្យមាតា នៅក្បែរកូនតូច ច្រើនជាងនៅ ឆ្ងាយពីកូន» ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម