ស៊ន សៀវម៉ី ទទួលសំឡេងប្រឆាំងច្រើនជាងស្របរឿងជាប់ស្វ័យប្រវត្តិ
រាជធានីភ្នំពេញ ៖ យោងតាមការស្ទាបស្ទង់ ក្រៅផ្លូវការ ពីសិស្សធ្លាក់បាក់ឌុប ចំនួន៥នាក់ នៅក្នុងវិទ្យាល័យ ហ៊ុនសែនសេរីភាព ដែលជាវិទ្យាល័យ គំរូប្រចាំខេត្តកណ្ដាល ពាក់ព័ន្ធរឿង ឲ្យម្ចាស់មេដាយមាស ពី Asia Game នាង ស៊ន សៀវម៉ី ជាប់សញ្ញាបត្រ ថ្នាក់ទុតិយភូមិ ដោយស្វ័យប្រវត្តិ មាន៣នាក់ សម្ដែងការជំទាស់។ ក្នុងនោះក្រឡេកមើល មតិមហាជន ពីខាងក្រៅ ក៏មានសំឡេង មិនយល់ស្រប ច្រើនជាងអបអរសាទរ ផងដែរ។
ក្នុងបណ្ដាញសង្គម Facebook និងក្រុមមហាជន ជាពិសេស ក្នុងចង្កោមអ្នកសិក្សាទាំងមូល សុទ្ធតែសម្ដែងមតិ ផ្សេងៗគ្នា។ ក្រុមអ្នកអបអរសាទរ បានលើកឡើងថា នោះជារឿងសមរម្យ ដោយសារតែនាង បាននាំយកមេដាយមាស ជូនជាតិ នៅក្នុងព្រឹត្តិការណ៍ Asia Game លើកទី១៧ ដែលកម្ពុជា ខកខានមិនបានទទួល រយៈពេល៤៤ឆ្នាំ។ អ្នកយល់ស្របទាំងនោះ បានផ្ដល់ហេតុផលថា បើមិនឲ្យនាងជាប់បែបនេះ គឺទោះជាឲ្យប្រឡង ក៏មិនមែនជារឿងស្រួលនោះដែរ ក្នុងពេលដែលនាង មិនមានពេលរៀនត្រៀម និងរវល់ច្រើន តែរឿងហ្វឹកហាត់ បែបនេះ។
ក្នុងបទសម្ភាសន៍ជាមួយ សិស្សធ្លាក់បាក់ឌុប នឹងប្រឡងលើកទី២ នៅវិទ្យាល័យ ហ៊ុនសែនសេរីភាព ក្នុងក្រុងតាខ្មៅ ដោយឡែកពីគ្នា ចំនួន៥នាក់ មាន២នាក់ បានយល់ស្រប ចំពោះក្រសួងអប់រំ ដែលឱ្យជាប់ ជាស្វ័យប្រវត្តិ ។
យុវជន ទិត្យ កែវតុលា មិត្តរួមថ្នាក់ ជាមួយយុវជន ឈីវ សឺសាង ដែលបានទទួលនិទ្ទេស A ប្រចាំវិទ្យាល័យ ហ៊ុនសែនសេរីភាព បញ្ជាក់តាមទូរស័ព្ទថា ក្រសួងឲ្យ ស៊ន សៀវម៉ី ជាប់ដោយស្វ័យប្រវត្តិ មិនមែនជារឿងហួសហេតុ នោះទេ ព្រោះបើបណ្ដោយឲ្យនាង ទៅប្រឡងដូច បេក្ខជនធម្មតា ក៏មិនបាននោះដែរ ក្នុងពេលដែលនាង ជាប់រវល់ហ្វឹកហាត់ ច្រើនជាងពេលបំប៉នបែបនេះ។ តុលា បន្តថា បើកីឡាការិនីល្បីម្នាក់ ធ្លាក់បាក់ឌុប ហើយគ្មានការគិតគូរនោះ អនាគតរបស់នាង ក៏ត្រូវបាត់បង់ផងដែរ សម្រាប់ឱកាស ចូលសិក្សា នៅមហាវិទ្យាល័យ។ យុវជនរូបនេះនិយាយថា «សម្រាប់ខ្ញុំ គឺជារឿងល្អ ព្រោះគាត់ជាបុគ្គលកិត្តិយស អញ្ចឹងការឲ្យជាប់ គឺរឿងសមរម្យ»។
មិនខុសគ្នាប៉ុន្មាន ពីយុវជនតុលា យុវជន ហ៊ន សុធារិទ្ធិ មកពីខេត្តកណ្ដាល ដូចគ្នាបញ្ជាក់ថា ការសិក្សា នៅក្នុងមហាវិទ្យាល័យ មិនពាក់ព័ន្ធនឹង មុខវិជ្ជានៅថ្នាក់ ទុតិយភូមិ ទាំងស្រុងនោះទេ ដូច្នេះការផ្ដល់ឲ្យ ស៊ន សៀវម៉ី ជាប់ដោយស្វ័យប្រវត្តិ គឺជារឿងល្អប្រសើរ។ សុធារិទ្ធិ និយាយថា «តាមខ្ញុំដឹង ទៅសិក្សានៅមហាវិទ្យាល័យ មិនមែនពាក់ព័ន្ធគ្រប់មុខ វិជ្ជានោះទេ ដូច្នេះខ្ញុំថា ការសិក្សានៅ មហាវិទ្យាល័យ មិនប៉ះពាល់ទេ សម្រាប់មុខវិជ្ជាខ្លះ ដែលគាត់ខ្សោយ! »។
ផ្ទុយពីការយល់ឃើញ របស់យុវជនទាំងពីរខាងលើ យុវជន ទូច វុត្ថា ដែលបានប្រឡងធ្លាក់លើកទី១ នៅក្នុងមណ្ឌល គរុកោសល្យ ភូមិភាគ ខេត្តកណ្ដាល មួយរូបទៀត បានលើកឡើងថា «វាជារឿងមិនសមរម្យនោះទេ ដែលកីឡាការិនី ដ៏ជំនាញផ្នែកតៃក្វាន់ដូ ត្រូវទទួលសិទ្ធិ ឲ្យជាប់មធ្យមសិក្សា ទុតិយភូមិ ដោយមិនបាច់ឆ្លងកាត់ ការប្រឡងនោះ។ វុត្ថា បន្ថែមថា បើការប្រកួតនោះ ស្របថ្ងៃគ្នា ជាមួយនឹង ការប្រឡងបាក់ឌុប លើកទី២ នោះ គួរតែលើកលែងមែន ម្យ៉ាងជំនាញកីឡា និងចំណេះដឹង ដាច់ស្រឡះពីគ្នា ខ្ញុំចង់ឲ្យគាត់ មកប្រឡងដូចគេឯង ហើយបើក្រសួង ខ្លាចគាត់ធ្លាក់ ក្រសួងគួរតែ រកមធ្យោបាយល្អ ជាងនេះជួយគាត់ គឺមិនគួរឲ្យគាត់ ជាប់ដោយមិនបាច់ ខំរៀន ខំប្រឡង អញ្ចឹងទេ!»។
មិនខុសគ្នាដែរ បេក្ខនារី ផល្លី រស្មី ដែលប្រឡងធ្លាក់បាក់ឌុប លើកទី១ នៅខេត្តកណ្ដាលដូចគ្នា បាននិយាយថា ភាពរវល់ អ្នកណាក៏រវល់ដែរ ព្រោះរូបនាង និងបេក្ខជន បេក្ខនារីខ្លះ ក៏មានបញ្ហា មិនមានពេលរៀនបំប៉ន បានដូចគេនោះដែរ។ កញ្ញានិយាយថា «សម្រាប់ខ្ញុំ ជារឿងមិនសមរម្យ នោះទេ ដែលគាត់គ្រាន់តែ បានមេដាយមាស ក៏មិនបាច់ប្រឡង ចុះបើគាត់អត់បាន មេដាយមាស ហើយរវល់ អត់ពេលបំប៉នអញ្ចឹងដូចគ្នា តើឲ្យគាត់ជាប់ ដោយស្វ័យប្រវត្តិអញ្ចឹងទេ សម្រាប់ខ្ញុំគិតថា គាត់គួរតែប្រឡង ដើម្បីដឹងពីសមត្ថភាព លើកទី២របស់គាត់ ហើយក្រសួង ចាំមានគោលការណ៍ បន្ថែមពិន្ទុ ឬបំប៉នគាត់ ពេលនោះ ក៏មិនអាក្រក់មើលដែរ»។
មិនខុសគ្នាដែរ បេក្ខជនត្រូវប្រឡងលើកទី២ កុល វុទ្ធី មកពីខេត្តកណ្តាលដូចគ្នា និយាយថា ចំណេះដឹង មិនអាចវាស់ស្ទង់ ដោយស្នាដៃ ក្នុងការប្រកួតកីឡា បានទេ។ វុទ្ធីនិយាយថា «ខ្ញុំអត់យល់ ចុះបើសៀវម៉ី អត់បានមេដាយមាស តើឲ្យគាត់ជាប់អញ្ចឹងទេ ខ្ញុំរឹតតែមិនយល់ទៅទៀត ពេលមានការប្រកាសថា ឲ្យគាត់អាចរៀន មហាវិទ្យាល័យរដ្ឋ បានទាំងអស់ ដែលគាត់ចង់រៀន អញ្ចឹងមានន័យថា គាត់មិនត្រឹមតែ ជាប់ដោយស្វ័យប្រវត្តិ ប៉ុណ្ណោះទេ ប៉ុន្តែគឺជាប់ស្មើនឹង សិស្សនិទ្ទេស A »។
លោករ៉ុង ឈុន ប្រធានសមាគម គ្រូបង្រៀនកម្ពុជា ឯករាជ្យ បានថ្លែងមិនខុស ពីការជំទាស់នេះដែរ។ លោកថា សម្រាប់សញ្ញាបត្រ នៅលើពិភពលោក មិនដែលមានអ្នកណា ជាប់ដោយ ស្វ័យប្រវត្តិនោះទេ ក្រសួងគួរតែ ឲ្យនាងប្រឡង ដូចគេដូចឯង ហើយបើក្រសួងចង់ជួយ គួរតែរកវិធីផ្សេងពីនេះ មិនគួរប្រកាស ដោយបើកចំហ បែបនេះទេ ដ្បិតវាអាចទាញទម្លាក់ កិត្តិយសរបស់នាង ឲ្យធ្លាក់ចុះ ក្នុងនាមជាកីឡាការិនី ដ៏ល្បីឈ្មោះម្នាក់បាន។
ក្រៅពីទស្សនៈខាងលើ ការស្ទាបស្ទង់ ក្រៅផ្លូវការ ក៏លេចឮមតិជំទាស់ ច្រើនជាងស្របផងដែរ ពិសេសក្នុងចំណោម អ្នកសម្ដែងការចាប់អារម្មណ៍ ចំពោះករណីរបស់ ស៊ន សៀវម៉ី លើបញ្ហា ជាប់ស្វ័យប្រវត្តិនេះ។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ របស់ក្រសួងអប់រំ យុវជន និងកីឡា លោករស់ សាលីន មានប្រសាសន៍ថា មុនការសម្រេចបែបនេះ គឺក្រសួង បានធ្វើការពិភាក្សា យ៉ាងហ្មត់ចត់។ ហេតុផលនោះ គឺដោយសារតែនាង ក្រៅពីទទួលមេដាយមាស ពីកីឡាទ្វីបអាស៊ី (Asian Games) ក៏ធ្លាប់លើកទង់ជាតិ កិត្តិយសឲ្យកម្ពុជា នៅកីឡាអាស៊ាន (SEA Games) ប្រទេសមីយ៉ាន់ម៉ា ផ្នែកតៃក្វាន់ដូ ផងដែរ។ លោកថា វាជាការស័ក្តិសម ចំពោះស្នាដៃ ជូនជាតិរបស់នាង ដ្បិតនៅបណ្តាប្រទេស ប៉ែកអឺរ៉ុប ក៏មានករណីបន្ថែមពិន្ទុ ដល់កីឡាករឆ្នើម របស់គេ ដូចគ្នានេះដែរ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!