ឪពុក​លើកជើង​សសរថ្ម​ត​ផ្ទះ​ដើម្បី​រៀប​ការកូន​ត្រូវ​សសរ​រលំ​កិន​ចំ​ក្បាល​ស្លាប់

 
 

ខេត្តកំពង់ឆ្នាំង៖ បុរសជាមេជាងផ្ទះ ដ៏ចំណានម្នាក់ បានស្លាប់ ពេលដឹកទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត រយៈពេល៣ម៉ោង បន្ទាប់ពីបាន ធ្វេសប្រហែស ត្រូវបានជើងសសរថ្ម រលំចំក្បាល បណ្តាលឱ្យរងរបួសធ្ងន់ ។ ឧប្បត្តិហេតុនេះ បានកើតឡើង នៅវេលា ម៉ោង៥ និង១០នាទីល្ងាច ថ្ងៃទី ០៥ តុលា នៅក្នុងភូមិព្រៃមាន់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ។

ស្ត្រីឈ្មោះ ឡាច គីម អាយុ៥២ឆ្នាំ ត្រូវជាប្រពន្ធបុរសរងគ្រោះ បានរៀបរាប់ឱ្យដឹងថា ប្តីរបស់គាត់ ឈ្មោះ អឿ ស៊ីថា ហៅនុច អាយុ៥៣ឆ្នាំ មុខរបរជាមេជាង មានបច្ចេកទេសរំកិលផ្ទះ ឬស្ទូចផ្ទះ ដូរជើងសសរថ្មី ដ៏ចំណានម្នាក់ រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ។ មុនពេលកើតហេតុ រូបគាត់ និងអ្នកភូមិ៣នាក់ទៀត បាននាំគ្នាជួយលើក ជើងសសរថ្ម១ដើម ដើម្បីតផ្ទះមកក្រោយ ត្រៀមរៀបចំ ការកូនស្រី ក្នុងរដូវរំហើយ ខាងមុខនេះ ។

នៅពេលកើតហេតុ អ្នកស្រុកក្នុងភូមិ ៣នាក់ និងរូបគាត់ បាននាំគ្នា លើកសសរថ្ម ដែលមានជើងតាង ពីក្រោម និងមានប្រវែង៣ម៉ែត្រ បញ្ឈរបានទៅហើយ ពេលនោះ អ្នកភូមិបាននាំគ្នា ទៅធ្វើការងារ ផ្សេងទៀត ចំណែកគាត់ បានឈរទាញរំកិល ជើងសសរថ្ម ឱ្យត្រូវក្រិត តែម្នាក់ឯង ស្រាប់តែពេលនោះ ដីបានស្រុត ធ្វើឱ្យជើងសសរ រលំដួល ហើយគាត់តាមទ្រសសរ កុំឱ្យដួលបោកខ្លាំង ខ្លាចបាក់សសរ តែចៃដន្យ នៅពេលគាត់ កំពុងទ្រនោះ គាត់បានជំពប់ជើង ដួលផ្ងាកក្រោយ ហើយត្រូវសសរ រលំបោកចំក្បាល របស់គាត់ បណ្តាលឱ្យ របួសធ្ងន់ ។

ភា្លមៗនោះ ក្រុមគ្រួសារបានដឹកបញ្ជូនគាត់ ទៅកាន់មន្ទីរខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យខេត្ត ជួយសង្គ្រោះជីវិត ប៉ុន្តែដោយសភាពរបួស នៅលើក្បាល ធ្ងន់ធ្ងរពេក គ្រូពេទ្យមិនអាច ជួយសង្គ្រោះបាន រយៈពេល៣ម៉ោងក្រោយមក គាត់ក៍បានដាច់ខ្យល់ស្លាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម