ធ្វើដំណើរ ២១ប្រទេស បុរសម្នាក់នេះ ទទួលបានមេរៀនជាច្រើន អំពីលុយ ដែលគាត់នឹងចែករំលែក ដើម្បីជួយ ឲ្យជីវិតរបស់អ្នក កាន់តែជោគជ័យ!
លោក Jason Vitug ជាបុគ្គលមួយរូប ដែលទទួលបានជោគជ័យ ក្នុងការបើកក្រុមហ៊ុន វេបសាយផ្តល់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុមួយរូប ដែលបានឆ្លងកាត់ បទពិសោធន៍ជាច្រើន ក្រោយពីធ្វើដំណើរកំសាន្ត នៅតាមបណ្តា ២១ ប្រទេសរួចមក។
គោលដៅ ដែលគាត់ ធ្លាប់ធ្វើបានសំរេចមួយ វាជាគំរោង ក្នុងការធ្វើដំណើរ ជុំវិញពិភពលោក ឲ្យបាន ២១ប្រទេស ខណៈពេលដែលលោក មិនមែនជា អ្នកមាន ទ្រព្យអ្វីក៏ពិតមែន ហើយថែមទាំងត្រូវ ជំពាក់ប្រាក់ធនាគារ ជាច្រើន ក្នុងគណនីនិស្សិតរបស់គាត់ ទៀតផង តែទោះជាយ៉ាងណា គាត់នៅតែតស៊ូ សំរេចជោគជ័យ ក្នុងគំរោង ដំណើរកំសាន្ត ទូទាំងពិភពលោក ទាល់តែបាន។
ខាងក្រោមនេះជាអ្វី ដែលគាត់នឹងចែករំលែក ដល់ប្រិយមិត្តទាំងអស់ បានជ្រាប៖
1~ ជំហានដំបូងបំផុតត្រូវមានគោលដៅ (GOAL) ជាមុនសិន
គ្រប់យ៉ាងចាប់ផ្តើមទៅបាន ទាល់តែមានគោលដៅមួយ នៅក្នុងចិត្ត។ គាត់បាននិយាយថា៖ «គោលដៅរបស់អ្នក ត្រូវតែមានភាព ច្បាស់លាស់ និង បញ្ជាក់ឲ្យបានច្បាស់។ សំរាប់ខ្ញុំ បានចាប់ផ្តើម វេចបង្វិច ចាកចេញពីប្រទេសកំណើត ទៅកាន់ប្រទេសចំនួន ២១ អស់រយៈពេល ១២ខែ ដើម្បីសំរេចគោលដៅខ្ញុំ ហើយខ្ញុំពិតជាធ្វើវាបានមែន»។
(រូបភាព: គាត់កំពុងអង្គុយមើលទេសភាព ប្រាសាទនៅប្រទេសមីយ៉ាន់ម៉ា)
2~ មានផែនការទៀត ទើបជួយឲ្យគោលដៅ បានទៅដល់ជោគជ័យ
«គោលដៅ ជាជំហានដំបូង ប៉ុន្តែមិនទាន់គ្រប់គ្រាន់ទេ ត្រូវមានផែនការមួយទៀត។ ទោះបីជា ខ្ញុំគ្រាន់តែចេញ ដើរកំសាន្ត ក្រៅប្រទេស ក៏ដោយ ក៏ខ្ញុំរៀបចំផែនការដែរ ពីប្រទេសមួយ ទៅប្រទេសមួយ ខ្ញុំត្រូវធ្វើអ្វីខ្លះ ហើយទទួលបានអ្វីខ្លះ។ ជាពិសេស ផែនការហិរញ្ញវត្ថុ វាអាចជួយខ្ញុំឲ្យទទួលបាន ជីវិតដែលខ្ញុំ ស្រមៃចង់បាន»។
(រូបភាព: គាត់ជិះកង់លើកោះ Don Khone ប្រទេសឡាវ)
3~ ពេលអ្នកមិនដឹងពីអ្វីមួយ ត្រូវរកការណែនាំ ជាជំនួយ
«ខ្ញុំទទួលបាន មេរៀន និង យល់អំពីតម្លៃ ក្នុងការស្វែងរក ការណែនាំ ពីអ្នករស់នៅក្នុងតំបន់ ដែលខ្ញុំទៅ និងពីអ្នករួមដំណើរកំសាន្ត ជាមួយគ្នា។ ខ្ញុំបានដឹងនូវ កន្លែងញ៉ាំអាហារល្អៗ តម្លៃថោកសមរម្យ និង ទីកន្លែងកំសាន្តស្អាតៗ ដែលអ្នកទេសចរ ភាគច្រើន មិនបានដឹង។ ជាទូទៅ ពួកគេតែងតែរីករាយ នឹងជួយដល់យើង។ បើនិយាយពី លុយវិញ វាដូចគ្នាដែរ យើងអាចសួរ ទៅអ្នកជំនាញ ឬ មនុស្សដែលមាន បទពិសោធន៍ ធ្លាប់បានឆ្លងកាត់មុនយើង ដើម្បីទទួលបាន ការណែនាំ និង បង្ហាញផ្លូវ ព្រោះមនុស្សម្នាក់ៗ គ្មាននរណា អាចដឹង គ្រប់យ៉ាងនោះទេ»។
(រូបភាព: គាត់ទៅដល់ជ្រលង Halong ប្រទេសវៀតណាម)
4~ បង្កើតកញ្ចប់ថវិកា
មុនចេញដំណើរ Vitug មិនដែលយកកញ្ចប់ថវិកា ដែលជាប្រាក់សន្សំ មកចាយវាយ ផ្តេសផ្តាសឡើយ។ គាត់សន្សំបាន ថវិកាចំនួន ១ម៉ឺនដុល្លារ និង ធ្លាប់មានគំនិត ចង់យកទៅទិញផ្ទះ ប៉ុន្តែផ្ទុយមកវិញ គាត់បង្វែរយកថវិកាទាំងនោះ មកធ្វើជាដើមទុន សំរាប់សំរេច គោលដៅរបស់គាត់ទៅវិញ ដែលវាជាមេរៀនមួយ បានបង្រៀនគាត់ ឲ្យប្រើប្រាស់ តែធនធានដែលខ្លួនមានប៉ុណ្ណោះ ក្នុងការសំរេច គោលដៅនានា។
គាត់បាននិយាយយ៉ាងដូច្នេះថា៖ «វាសំខាន់ណាស់ ដែលអ្នកត្រូវកំនត់គោលដៅ នៃស្ទាយជីវិត ដែលអ្នកចង់រស់នៅ ហើយគោលដៅ ហិរញ្ញវត្ថុ ក៏ត្រូវដើរទន្ទឹមគ្នាផងដែរ បន្ទាប់មកទៀត ប្រើប្រាស់កញ្ចប់ថវិការបស់អ្នក ជាឧបករណ៍ សំរាប់ជួយអ្នក ឲ្យទៅដល់ គោលដៅទាំងនោះ ដែលអ្នកមាន»។
(រូបភាព: កំពុងកាន់ផ្លែស្វាយ និង ដូង លើឆ្នេរខ្សាច់ពណ៌ស ប្រទេសហ្វីលីពីន)
5~ តាមដានការចំណាយ និង សន្សំ
ពេលដែលអ្នក មានគោលដៅ មានផែនការ និង កញ្ចប់ថវិកាហើយ អ្នកត្រូវដឹងថាអ្នក ត្រូវធ្វើអ្វីបន្តទៀត។ គាត់បាននិយាយថា៖ «ខ្ញុំត្រូវដឹងពីការចំណាយ ទៅលើថ្លៃផ្ទះសំណាក់ ថ្លៃដំណើរកំសាន្ត ថ្លៃអាហារជាដើម ដែលទាំងនេះ វាធ្វើឲ្យខ្ញុំដឹងបាន ថាត្រូវទុកប៉ុន្មាន និង ចាយប៉ុន្មាន»។
(រូបភាព: ទួល Sapa នៅវៀតណាម)
6~ ធ្វើឲ្យលុយក្លាយជាស្តេច
គ្រប់ទីកន្លែងដែលខ្ញុំទៅ ការចាយលុយ បានបង្រៀនខ្ញុំ ឲ្យចេះរកផ្លូវដោះស្រាយ បានយ៉ាងល្អ ដូចជាខ្ញុំ អាចចរចា តម្លៃជាមួយអ្នកលក់ ដោយធ្វើយ៉ាងណា ឲ្យមានការចុះថ្លៃ កាន់តែទាប។
ការអនុវត្តគំនិតបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ក៏អាចជួយឲ្យអ្នកទិញ ជៀសផុតពីការ ជាប់បំណុល នៃការចំណាយ តាមរយៈកាតធនាគារ (Credit card debt)។ គាត់បាន ប្រាប់ដូច្នេះថា៖ «ចូរកុំទិញអ្វី ដែលអ្នកមិនអាចទិញ តាមរយៈជាសាច់ប្រាក់»។
(រូបភាព: ថតនៅប្រាសាទបាយ័ន ខេត្តសៀមរាប ប្រទេសកម្ពុជា)
7~ ត្រូវត្រៀមខ្លួនឲ្យហើយជានិច្ច ចំពោះបញ្ហាបន្ទាន់ ដែលកើតមាន ដោយមិនអាចដឹងមុន
ខណៈពេល ខ្ញុំធ្វើដំណើរកំសាន្ត នៅប្រទេសថៃ មានពេលមួយនោះ ឡានក្រុងរបស់ខ្ញុំ ត្រូវបានទាហានឃាត់ ទាំងកណ្តាលអាធ្រាត និង ចូលមកស្រែកសួររក លិខិតសម្គាល់ខ្លួន។ មិត្តរួមដំណើរកំសាន្តរបស់ខ្ញុំ ពីរនាក់ ម្នាក់ជនជាតិ អាមេរិក ម្នាក់ទៀត អង់គ្លេស ពួកគេបានទុក កាតសម្គាល់ខ្លួន (ID) នៅឯផ្ទះសំណាក់ មិនបានយកមកតាមខ្លួនឡើយ ប៉ុន្តែខ្ញុំវិញ សំណាងល្អ ដែលបានកូពីទុក និង ដាក់តាមខ្លួន ហើយខ្ញុំនៅអាចធានា ពួកគេទាំងពីរ បានថែមទៀត។
ស្រដៀងគ្នានេះដែរ បើយើងនិយាយពី ហិរញ្ញវត្ថុផ្ទាល់ខ្លួនវិញ Vitug គាត់បាននិយាយថា៖ «គោលគំនិតមិនខុសគ្នានោះទេ អ្នកត្រូវ ឲ្យច្បាស់ ខ្លួនឯងថា អ្នកបានសន្សំទុក នូវថវិកា សំរាប់ ដោះស្រាយ នូវបញ្ហាបន្ទាន់ណាមួយ ដែលកើតមានឡើង ដោយមិនដឹងខ្លួន។ វានឹងកើតមានឡើង ឬ មិនមាន មិនមែនជាបញ្ហាទេ ប៉ុន្តែយើងមិនដឹង ថាវានឹងកើតឡើង នៅពេលណានោះទេ»។
(រូបភាព: ជិះទូក នៅប្រទេស កូស្តារីកា)
8~ មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែមានគំនិត ចង់ដឹងចង់យល់អ្វីមួយ ឲ្យច្បាស់នោះទេ
«ក្នុងពេលធ្វើដំណើរកំសាន្តនោះ មានមនុស្សមួយចំនួន នឹងចង់គេងចំណេញលើអ្នក។ ដូចជា នៅពេលដែលខ្ញុំ ជិះតាក់ស៊ី ចេញពី អាកាសយានដ្ឋាន ជាឧទាហរណ៍ស្រាប់ ខ្ញុំត្រូវចំណាយលុយបង់ឲ្យ តាក់ស៊ី ទ្វេរជាបី ព្រោះតែខ្ញុំជាជនជាតិអាមេរិកកាំង»។
វាជារឿងសំខាន់មួយ ដែលត្រូវដឹងថា គេកំពុងតែលក់អ្វី មកឲ្យយើង។ បើសិនជា យើងមិនសួរនាំ ឲ្យច្បាស់ទេ ចុងក្រោយ ច្បាស់ជា យើងមិនខាន ដែលជាអ្នកខាតបង់។ ដូចជាមុនពេល ចុះហត្ថលេខា ជាដើម ក៏ត្រូវតែពិនិត្យ និង សួរសំនួរ រហូតទាល់តែអ្នក យល់ច្បាស់ អំពីអត្ថន័យទាំងមូលសិន ទើបសំរេចចុះហត្ថលេខា យល់ព្រមតាមក្រោយ។
(រូបភាព: ថតនៅមុខអាគារភ្លោះ ប្រទេសម៉ាឡេស៊ី)
9~ ដឹងពីភាពខុសគ្នារវាង ការចង់បាន និង តំរូវការ
មុនពេល Vitug ចាប់ផ្តើមដំណើរកំសាន្ត គាត់បាននិយាយថា គាត់មិនអាចហាមចិត្ត ខ្លួនឯង ក្នុងការផ្លាស់ប្តូរពី តំរូវការ ទៅជា ការចង់បាន នោះទេ។ គាត់និយាយថា៖ «ខ្ញុំត្រូវការយានជំនិះមួយ សំរាប់ទៅធ្វើការ។ ខ្ញុំចង់បានម៉ាក BMW។ រហូតដល់ពេលខ្លះ វាក្លាយទៅជា ខ្ញុំចង់បានឡាន BMW ជិះទៅធ្វើការ ទៅទៀត»។
ប៉ុន្តែខណៈពេល ដំណើរកំសាន្តវិញ គាត់ទទួលបានមេរៀនជីវិតមួយ គឺគាត់បានបែងចែកតំរូវការ ទៅជាពីរ ទី១ អាហារ និង ទី២ ជំរក។ បើសិនជាអ្នកមិនអាច បែងចែករវាង ការចង់បាន និង តំរូវការចាំបាច់ទេ ចុងក្រោយបំផុត អ្នកនឹងមិនអាច ទទួលបានជីវិតរស់នៅ (Lifestyle) តាមការ ចង់បានឡើយ។ គាត់នៅបាន បន្ថែមឲ្យដឹងថា នៅពេលគាត់ត្រឡប់ ទៅសហរដ្ឋអាមេរិកវិញ គាត់មិនបានទិញឡាន ដូចអ្វី ដែលគាត់ធ្លាប់បាន គិតទៀតនោះទេ។
(រូបភាព: ថតរូបព្រះសង្ឃនៅខេត្ត សៀមរាប កម្ពូជា)
10~ យល់ច្បាស់អំពី អត្ថន័យថាតើ អ្វីទៅអាច ធ្វើឲ្យអ្នកក្លាយជាអ្នកមាន
«មនុស្សមួយចំនួន ដែលខ្ញុំបានជួប គឺថាពួកគេរកបានតែ ១០០ដុល្លារក្នុងមួយខែប៉ុណ្ណោះ និង ត្រូវចំណាយលើគ្រប់យ៉ាង ដូចជា ថ្លៃផ្ទះ របស់ប្រើប្រាស់ អាហារជាដើម ហើយអាចសល់តែ ១ដុល្លារ ឬ ២ដុល្លារប៉ុណ្ណោះ»។
គាត់បាននិយាយទៀតថា៖ «មុនពេលធ្វើដំណើរកំសាន្ត ពេលនោះខ្ញុំក្រ និង ថែមទាំងជំពាក់បំណុល ថែមទៀត។ ខ្ញុំមានការងារ នៅផ្នែក សហព័ន្ធឥណ្ឌទានម្នាក់ដែរ ហើយបើទោះបីជាពេលនោះ ខ្ញុំរកបានប្រាក់ច្រើនជាង សព្វថ្ងៃក៏ដោយ ការចំណាយ និង ជំពាក់បំណុល នៅតែច្រើន ជាងចំណូលរបស់ខ្ញុំ។ ពេលនោះ ខ្ញុំគ្មានបានសល់អ្វីទេ និង គ្មានទាំងប្រាក់សន្សំទៅទៀត»។
«ដូច្នេះហើយខ្ញុំចង់ប្រាប់ថា ទ្រព្យមិនមែនមានន័យថា អាចបញ្ជាក់ថាអ្នក មានច្រើនប៉ុណ្ណានោះទេ ប៉ុន្តែរបៀបក្នុងការប្រើប្រាស់វា ទើប ជាអ្វីដែល បញ្ជាក់ថាអ្នក មានច្រើនប៉ុណ្ណា។ ទ្រព្យ ជាអ្វីដែលសល់ពី ការចំណាយ និង បំណុល។ នោះហើយទើបជាទ្រព្យ ពិតប្រាកដ ដែលអ្នកសល់»។
(រូបភាព: មណ្ឌលកុមារកំព្រាមួយកន្លែង នៅប្រទេសមីយ៉ាន់ម៉ា)
បញ្ជាក់៖ នេះជាបទពិសោធន៍ របស់លោក Vitug ដែលខ្មែរឡូត លើកយកមកចែករំលែក សំរាប់ប្រិយមិត្ត ធ្វើការត្រិះរិះពិចារណា និង ទាញយកប្រយោជន៍ សំរាប់ខ្លួនឯង អំពីចំនុចល្អៗ មួយចំនួនរបស់គាត់ប៉ុណ្ណោះ មិនមានន័យថា ខ្មែរឡូត ជំរុញ ឲ្យធ្វើតាមគាត់ ដោយធ្វើដំណើរ ជុំវិញពិភពលោកឡើយ។ សូមអរគុណ និង សូមចូលរួមបញ្ចេញមតិយោបល់ របស់អ្នក៖
ប្រភព៖ Business Insider
មើលព័ត៌មានផ្សេងៗទៀត
- អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
- ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
- ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!