ជនភៀសខ្លួន អូស្រ្តាលីនាំគ្នាដេរមាត់ របស់ពួកគេ ដើម្បីប្រឆាំង ការបញ្ចូនខ្លួន មកកម្ពុជា!

 
 

អូស្រ្តាលី ៖ កាលពីថ្ងៃ ៣០ កញ្ញា កន្លងទៅនេះ ខ្មែរឡូត បានចុះផ្សាយ ម្តងរួចមកហើយ ស្តីអំពី ជនជនភៀសខ្លួនជាច្រើន របស់ ប្រទេសអូស្ត្រាលី សម្រេចចិត្ត ធ្វើអត្តឃាត ព្រោះតែមិនចង់ មកប្រទេសកម្ពុជា។ យ៉ាងណាមិញ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ជនភៀសខ្លួន របស់ ប្រទេសអូស្រ្តាលី បាននាំគ្នាដេរមាត់របស់ពួកគេ ដើម្បីប្រឆាំង នឹងរដ្ឋាភិបាលអូស្រ្តាលី ពីការបញ្ចូន ពួកគេមក ប្រទេសកម្ពុជា។

អត្ថបទទាក់ទង ៖ ជនភៀសខ្លួនជាច្រើន របស់ ប្រទេសអូស្ត្រាលី សម្រេចចិត្ត ធ្វើអត្តឃាត ព្រោះតែមិនចង់ មកប្រទេសកម្ពុជា!

តាមរយៈវីដេអូមួយ ដែលមិនត្រូវបានបណ្តាញសារព័ត៌មាន ផ្សាយជាផ្លូវការនោះ គេបានឃើញថា ជនភៀសខ្លួន អូស្រ្តាលី ដែលរស់នៅក្នុងតំបន់ Nauru មានទាំងក្មេងប្រុស ៦ នាក់ និង បុរសម្នាក់ បាននាំគ្នា ដេរមាត់របស់ពួកគេ ក្នុងការប្រឆាំងតវ៉ា នឹងការសំរេចរបស់ រដ្ឋាភិបាលអូស្រ្តាលី ដែលបញ្ចូនខ្លួនពួកគេមកកាន់កម្ពុជា  និង បានឃុំខ្លួនពួកគេ អស់រយៈពេល ជាង មួយឆ្នាំកន្លងមកនេះ។

ក្នុងនោះដែរ ប្រភពព័ត៌មាន Guardian បានឲ្យដឹងទៀតថា ជនភៀសខ្លួន ដែលបានដេរមាត់ មួយចំនួន មានអាយុ ក្រោម ១៨ ឆ្នាំ ហើយ ជនភៀសខ្លួន ១០ នាក់ ផ្សេងទៀត ក៏បានដេរមាត់ របស់ពួកគេ ក្នុងការតវ៉ានេះដែរ ប៉ុន្តែពូកគេបដិសេដ មិនឲ្យបណ្តាញព័ត៌មាន ថតឡើយ។

គួរបញ្ជាក់ផងដែរ រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ លោក Scott Morrison បានដាក់ច្បាប់មួយ ទៅក្នុងរដ្ឋសភា នាខែកញ្ញា មានបំណង ផ្តល់ការស្នាក់នៅ ជាបណ្តោះអាសន្ន និង សិទ្ធធ្វើការ របស់ជនភៀសខ្លួនណា ដែលមកដល់អូស្រ្តាលីដោយទូក ប៉ុន្តែ សេចក្តីស្នើរច្បាប់ មិនបាននិយាយថា ជនភៀសខ្លួន ដែលមកដល់ អូស្រ្តាលីហើយ អាចជ្រើសរើស ការរស់នៅ ក្នុងតំបន់ Nauru ឫ ក៏យល់ព្រម មកប្រទេសកម្ពុជាទេ។

ទន្ទឹមនឹងនេះ ជនភៀសខ្លួន នៅតំបន់ Nauru បាននាំគ្នា ធ្វើបាតុកម្មជារៀងរាល់ថ្ងៃ ដែលពួកគេគិតថា ការសំរេចរបស់ ក្រសួងអន្តោប្រវេសន៍ អូស្រ្តាលី គឺជាការរើងអើង និង ទង្វើមួយ ដែលកាចសាហាវ ចំពោះពួកគេ។ នៅក្នុងការតវ៉ានេះដែរ ជនភៀសខ្លួនទាំងនោះ ក៏បាននាំគ្នា កាន់បដា ដោយសរសេររថា “ខ្ញុំពិតជាមានការនឿយហត់ខ្លាំងណាស់ សូមសំលាប់ខ្ញុំមក” និងខ្លះទៀតបានសរសេរថា “មានតែសាកសពខ្ញុំតែប៉ុណ្ណោះ ទើបអាចទៅប្រទេសកម្ពុជាបាន” ។

ជនភៀសខ្លួនទាំងនោះ ផ្ញើសំបុត្រជាផ្លូវការមួយ ទៅអង្គស្នងការជាន់ខ្ពស់អូស្រ្តាលី ដោយសំបុត្រនោះ បានសរសេរថា ពួកគេត្រូវបានគេបោះចោល នៅលើកោះ ដូចជាសត្វទន្សាយ ហើយ ត្រូវគេធ្វើដាក់ ដូចជាសត្វធាតុ។ រដ្ឋាភិបាលអូស្រ្តាលី បានធ្វើឲ្យពួកគេ គិតថា ពួកគេកំពុងតែ ដើរផ្លូវបញ្ចប់នៃជីវិត ដែលពួកគេ គ្មានអ្វីត្រូវបាត់បង់ ទោះបីជាស្លាប់ក៏ដោយ។ ក្នុងសំបុត្រនោះទៀតសោត ពួកគេចង់បញ្ចាក់ ឲ្យរដ្ឋាភិបាល អូស្រ្តាលី ដឹងថា រដ្ឋាភិបាលអូស្រ្តាលី អាចបញ្ចូនពួកគេ ទៅកម្ពុជាបាន លុះត្រាតែសំលាប់ពួកគេជាមុនសិន”។

ជនភៀសខ្លួន ដែលចូលរួមតវ៉ា ប្រឆាំងនឹងការមកកម្ពុជានេះ បាននិយាយថា ”ពួកយើងមិនចង់ ធ្វើមនុស្សគ្រប់គ្នាខ្លាចទេ ហើយ ក៏មិនចង់ រំខាននរណាម្នាក់ដែរ ប៉ុន្តែអ្វីដែលពួកយើង ចង់បាន គឺចង់ឲ្យរដ្ឋាភិបាល អូស្រ្តាលីដឹងពី គោលបំនងរបស់ពួកយើង”។

យ៉ាងណាមិញ នៅក្នុងកិច្ចសម្ភាសន៍ ជាមួយលោករដ្ឋមន្ត្រីក្រសួង អន្តោប្រវេសន៍ Morrison លោកបាននិយាយថា “ពួកយើងមិនមានការបកស្រាយអ្វីទាក់ទង នឹងជនភៀសខ្លួន ធ្វើបាបខ្លួនឯងនោះទេ។ ពួកយើងដឹងថា ទង្វើររបស់ពួកគេ នេះគឺការឆ្លើយតប នឹងព័ត៌មាន ដែលពួកគេ នឹងមិនអាចមករស់នៅ ក្នុងប្រទេសអូស្រ្តាលី។  ប៉ុន្តែវាមិនមែន ជាគោលនយោបាយរបស់ពួកយើងទេ ហើយពួកយើង បានចាត់ចែង ដោយធ្វើយ៉ាងណា ការពារ សន្តិសុខ របស់ជនភៀសខ្លួន ដែលរសនៅក្នុងតំបន់ Nauru ឲ្យបានល្អបំផុត” ៕

ប្រភព ៖ theguardian


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម