សត្វទាំង១០ ប្រភេទ ដែលសំលាប់មនុស្ស ច្រើនបំផុត ជារៀងរាល់ឆ្នាំ!

 
 

យើងដឹងហើយថា មនុស្សតែងតែ បង្កគ្រោះថ្នាក់ សព្វគ្រប់បែបយ៉ាង ចំពោះធម្មជាតិ និងសត្វនានា មិនថា តែសត្វស្រុក ឬសត្វព្រៃនោះទេ។ ភពផែនដីនេះ ដែលពីមុន ត្រូវគ្រប់គ្រងដោយសត្វ បានប្រែ ខ្លួនបន្តិចម្តងៗ មកជាកម្មសិទ្ធិរបស់មនុស្ស ដែលមនុស្សជាអ្នកកំណត់ជោគ វាសនា របស់ផែនដី ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ក៏ប៉ុន្តែបើទោះជា មនុស្សអាចគំរាមកំហែង សម្លាប់ជីវិតសត្វ ណាមួយដែលខ្លួន ចង់សម្លាប់បាន ដោយងាយក៏ពិតមែន ក៏កាលៈទេសៈខ្លះ សត្វទាំងនោះក៏អាច សម្លាប់ជីវិត មនុស្សបានវិញដូចគ្នា។

ខាងក្រោមនេះ គឺជាប្រភេទសត្វ ទាំង១០ ដែលតែងតែ សំលាប់មនុស្ស បានច្រើនជាងគេ ជារឿយៗ៖

១០.ក្តាន់

ជាញឹកញាប់ សត្វក្តាន់ តែងតែរត់កាត់ ផ្លូវដែលយើងបើករថយន្ត ឬក៏ម៉ូតូធ្វើដំណើរ ហើយនៅតំបន់ដែល សំបូរសត្វក្តាន់រត់កាត់ អាជ្ញាធរក៏ដាក់ ស្លាកសញ្ញា ដើម្បីដាស់តឿនស្មារតីរបស់អ្នកបើកបរ ឲ្យប្រុងប្រយ័ត្ន ផងដែរ។ ជាមួយនឹងល្បឿន នៃការស្ទុះបោលរត់ និងទំងន់ជាង ៧០ គីឡូក្រាម របស់សត្វ ក្តាន់ អាចធ្វើឲ្យយើងស្លាប់បាន នៅពេលដែលវា បោលមកបុករថយន្ត ឬក៏ម៉ូតូ របស់យើង។ គ្រោះថា្នក់ បែបនោះតែងតែ កើតមាន ជាប្រចាំ ដែលជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ ដោយសារសត្វក្តាន់ ជាង ១២០ នាក់

៩. ឆ្កែ

ឆ្កែរាប់ថាជាសត្វចិញ្ចឹម ដ៏មានភក្តីភាពបំផុតរបស់មនុស្ស។ ពួកវាស្រលាញ់ម្ចាស់ ស្មោះត្រង់ ក្លាហាន និងផ្តល់ភាពរីករាយ ដល់ម្ចាស់ ជាដើម។ នៅប្រទេសមួយចំនួន បានបង្កើតច្បាប់ ការពារសត្វឆ្កែ, ការហាម មិនឲ្យធ្វើទារុណកម្មលើសត្វឆ្កែ ហើយនៅប្រទេសខ្លះទៀត សត្វឆ្កែ ត្រូវបានគេចាត់ទុកជា សមាជិកគ្រួសាររបស់គេម្នាក់ដែរ។ ទោះជាយ៉ាងណាក៏ដោយ ភក្តីភាព, ភាពស្លូតបូតរបស់សត្វឆ្កែមាន តែជាមួយ ម្ចាស់របស់វាប៉ុណ្ណោះ ដែលក្រៅពីម្ចាស់ វាអាចនឹងទៅ ខាំអ្នកដទៃ ដែលវាមិនស្គាល់មុខ ហើយអ្នកដែលវា គិតថាចូលក្នុងតំបន់ ដែនដី របស់វា។ ទឹកមាត់របស់ឆ្កែ អាចសំលាប់មនុស្សបាន បើសិន ជាយើងមិនចាក់ថ្នាំការពារ។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ ដោយសារ សត្វឆ្កែ ជាង ១៨៦ នាក់។


៨. ក្របីព្រៃ

ក្របីព្រៃសំបូរនៅ ទ្វីបអាហ្វ្រិក វាអាចមានទំងន់ពី ៥០០ ទៅ ៧០០ គីឡូក្រាម។ នៅអាព្រិចគេតែងតែ ប្រារព្ធបុណ្យមួយ ដែលមានឈ្មោះថា “The Black Death” និង “Widowmaker” ដោយគេដេញ ប្រមាញ់សត្វក្របីព្រៃ ឬលេងល្បែងផ្សេងៗជាមួយសត្វក្របីព្រៃនេះ។ ក៏ប៉ុន្តែ សត្វក្របីព្រៃ តែងតែធ្វើ ឲ្យមនុស្សនៅអាហ្វ្រិកស្លាប់ជារឿយៗ ដោយសារតែការ ការពារខ្លួនរបស់វា។ ជារៀងរាល់ឆ្នាំ ក្របីព្រៃ បានសម្លាប់ មនុស្ស ជាង ២០០ នាក់

៧. ដំរី

ក្រៅពីមានងារ ថាជាស្តេចព្រៃ សត្វដំរីត្រូវបានគេចាត់ទុកថា ជាសត្វមួយ ដ៏ឆ្លាតបំផុត ដូចសត្វស្វា និង ត្រីដូហ្វីន ដែរ។ សត្វដំរីគឺជាសត្វដែល មានមាឌធំ ជាងសត្វណាៗ ទាំងអស់ ដែលនៅលើដីគោក តែវា ក៏មិនសាហាវណាស់ណាដែរ បើសិនជាយើងមិនទៅរំខានវា មុននោះ។ គួរឲ្យសោកស្តាយ ដោយសារពីមួយឆ្នាំ ទៅមួយឆ្នាំ ដំរីត្រូវបានគេសម្លាប់ដើម្បី យកភ្លុកទៅលក់ ក៏ប៉ុន្តែដើម្បីឆ្លើយតប ទៅនឹងការសម្លាប់ របស់មនុស្សខិលខូចទាំងនោះ ដំរីក៏បានធ្វើឲ្យមនុស្ស ដែលមានបំណងទៅ រំខានវា ស្លាប់មិនតិចដែរ។ ជារៀងរាល់ឆ្នាំ មានមនុស្សស្លាប់ ដោយសារ សត្វដំរី ជាន់ ជាង ៥០០ នាក់

៦. ក្រពើ

ខុសប្លែកពីដំរី និងក្របីព្រៃ ដែលវាយប្រហារមនុស្ស នៅពេលដែលមនុស្ស ទៅរំខានវា តែសត្វក្រពើ បើទោះ ជាមនុស្សមិនទៅរំខានវា ក៏វា នៅតែវាយប្រហារ មនុស្សដែរ។ ក្រពើត្រូវបានគេ ចាត់ចូលជាប្រភេទ សត្វដ៏សាហាវ ដែលវាអាចត្របាក់លេបខ្លួន មនុស្សមួយទាំងមូល បានដោយងាយ។ ជារៀងរាល់ឆ្នាំ ក្រពើ បានសំលាប់ និងស៊ីមនុស្សជាង ១៥០០ ទៅ ២០០០ នាក់

៥. ដំរីទឹក

ប្រហែលជាមិត្តអ្នកអាន អាចមានការភ្ញាក់ផ្អើល នៅពេលដែល ឃើញសត្វដំរីទឹក នៅក្នុងបញ្ជី សត្វដែល សំលាប់មនុស្ស ច្រើន នឹងគេដែរ ដោយសារតែដំរីទឹក ជាសត្វមើលទៅសុភាព មានគុណធម៌ ដោយសារជានិច្ចកាល វាតែងតែរំដោះជីវិតសត្វជាច្រើន ពីមាត់សត្វក្រពើ ជានិច្ច។ ប៉ុន្តែអ្នកមិនត្រូវភ្លេចទេ ថាសូម្បីតែក្រពើ ដែលជាសត្វសាហាវ ក៏មិនហ៊ានជាមួយសត្វដំរីទឹកដែរ ដូច្នេះមានរឿងអ្វី ដែលអាចឲ្យ ដំរីទឹក មកខ្លាចមនុស្ស បានទៅកើត។ ជារៀងរាល់ឆ្នាំ ដំរីទឹកបាន សំលាប់មនុស្សអស់ជាង ៣០០០ នាក់

៤. ខ្ញាដំរី

សត្វមាឌល្អិតមួយនេះ មិនអាចមើលងាយសមត្ថភាព របស់វាបាននោះទេ ជាពិសេសគឺត្រង់កន្ទុយ និងទ្រនិចរបស់វា។ ខ្ញាដំរីមានជាង ១៥០០ ប្រភេទឯណោះ ប៉ុន្តែមាន២៥ ប្រភេទដែលបង្ក គ្រោះថ្នាក់ និងអាចសំលាប់មនុស្សបាន។ ជារៀងរាល់ឆ្នាំ ពិសរបស់ខ្ញាដំរី បាន សំលាប់ មនុស្សជាង ៥០០០ នាក់

៣. ពស់

គ្មានមនុស្សណាម្នាក់ ដែលមិនស្គាល់សត្វពស់នោះទេ ហើយក៏មានមនុស្សមិនច្រើនប៉ុន្មានដែរ ដែលហ៊ាន ប្រលែងលេងជាមួយសត្វពស់។ ពស់ត្រូវបានគេចាត់ទុក ថាជាប្រភេទល្មូន ដែលគ្រោះថ្នាក់បំផុត ដោយសារតែពិស ក្នុងមាត់របស់វា។ ពស់មានជាង ៧៥០ ប្រភេទនៅលើ ផែនដី ហើយមានពស់២៥០ ប្រភេទ ដែលអាចសំលាប់មនុស្ស ឲ្យស្លាប់ភ្លាមៗ ដោយគ្រាន់តែចឹកមួយដងប៉ុណ្ណោះ។ ជារៀងរាល់ឆ្នាំ មាន មនុស្សស្លាប់ ដោយសារពស់ចឹក និងលេបជាង ៥០,០០០ នាក់

២. រុយ Tsetse

មានសត្វល្អិតជាង ២៣ប្រភេទផ្សេងគ្នា ដែលសម្លាប់មនុស្ស ដោយការចំលងមេរោគ។ ក្នុងចំណោម សត្វទាំង ២៣ នោះក៏មានសត្វរុយម៉្យាង ឈ្មោះ Tsetse ផងដែរ។ វាអាចខាំមនុស្ស ដោយចំលងនូវ មេរោគម៉្យាងឈ្មោះ Trypanosomatid។ មេរោគ trypanosomatid ធ្វើឲ្យ មនុស្សវិលមុខ ឈឺក្បាល។ ជារៀងរាល់ឆ្នាំ រុយ Tsetse បានសំលាប់មនុស្សជាង ៤០០,០០០ នាក់។ 

១. មូសខ្លា

សត្រូវលេខ១ របស់កូនក្មេងនេះ ក៏ជាឃាតករទីមួយដែរ ដែលសំលាប់មនុស្សច្រើនជាងគេ ជារៀងរាល់ ឆ្នាំ។ វាចំលងមេរោគគ្រុនឈាម ទៅមនុស្ស តាមរយៈការខាំ ហើយអាចបណ្តាលឲ្យមនុស្សស្លាប់បាន បើសិនជាមិនមាន ការព្យាបាលដិតដល់ និងទាន់ពេលវេលា។ ជារៀងរាល់ ឆ្នាំអង្គការ ក៏ដូចជាប្រទេស នានានៅលើពិភពលោក បានចំណាយលុយយ៉ាងច្រើន ដើម្បីទប់ស្កាត់ការកើតមានជំងឺគ្រុនឈាម តាមរយៈ ការខាំរបស់ មូសខ្លានេះ ក្នុងនោះកុមារកម្ពុជាយើងក៏ ក្លាយជាជនរងគ្រោះដោយសារជំងឺគ្រុនឈាម នឹងគេផងដែរ។ ជារៀងរាល់ ឆ្នាំ មានមនុស្សស្លាប់ ដោយសារមូសខ្លាខាំ ជាង ១,០០០,០០០ នាក់

តើអ្នកយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម